ខេត្តស្ទឹងត្រែង : កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០១៥ នៅកណ្តាលក្រុងស្ទឹងត្រែង កូនរុក្ខជាតិបៃតងជាច្រើនប្រភេទមានជាង២ពាន់ដើម ត្រូវបានដាក់ដាំដោយក្រុមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។ សកម្មភាពទាំងអស់នេះត្រូវបានប្រជាពលរដ្ឋជាច្រើនបានរិះគន់ថា គ្រាន់តែល្អមើលតែប៉ុណ្ណោះ ខណៈដែលសម្បត្តិវប្បធម៌ធម្មជាតិដ៏មានតម្លៃមហាសាល និងមានប្រយោជន៍សម្រាប់ទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋ ផ្តល់នូវកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ ប្រព័ន្ធការពារទីជម្រាល ប្រព័ន្ធការពារជីវចម្រុះ និងផ្តល់ជម្រកសម្រាប់ស្ថិរភាព នៃជីវិតរស់នៅរបស់មនុស្ស ត្រូវបានបំផ្លាញយ៉ាងអនាធិបតេយ្យ។ សម្បត្តិដ៏មានតម្លៃទាំងនោះមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំ ដែលដូនតាបានបន្សល់ទុកឲ្យជាយូរយារហើយនោះ បានកំពុងរងនូវការកាប់បំផ្លាញធ្វើជំនួញ ហើយក៏កំពុងឈាន ទៅរកការវិនាសបង់ ក្រោមស្នាដៃមេឈ្មួញធំៗ មានលុយ និងមានអំណាច ឯអាជ្ញាធរប្រមូលគ្នីគ្នាមកដាំកូនឈើតូចៗទៅវិញ។
នៅថ្ងៃបុណ្យរុក្ខទិវាពិភពលោក ៩ កក្កដា វិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ ខេត្តស្ទឹងត្រែងបានរៀបចំដាំកូនឈើនៅតាមកន្លែងផ្សេងៗគ្នា ជាពិសេសនៅលើផ្ទៃដីណាដែលមានព្រៃឈើរេចរឹល។ លោកបន្តទៀតថា ឆ្នាំនេះខណ្ឌរដ្ឋបាលព្រៃឈើ ស្ទឹងត្រែង បណ្តុះកូនឈើបានជាងមួយម៉ឺនដើម ក្រោមកិច្ចសហការ និងមានការគាំទ្រពីអាជ្ញាធរខេត្តបានកំណត់យកទីតាំងវិទ្យាល័យព្រះរាជបូជនីយកិច្ចដើម្បីប្រារព្ធពិធីដាំកូនឈើចម្រុះ ប្រភេទឈើបេង នាងនួន គគីរ រំដួល លឿងរាជ ដែលមានបរិមាណកូនឈើសរុបជាង២០០០ដើម។ ក្នុងនោះក៏មានកូនឈើមួយចំនួនទៀត ដូចជាឈើគ្រញូង ធ្នង់ ឈើទាល និងកូនស្វាយសម្រាប់ធ្វើការចែកជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នផ្សេងៗទៀតយកទៅធ្វើការដាំដុះផងដែរ។
លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ការដាំដើមឈើនាពេលនេះគឺជាការបន្តនូវវប្បធម៌ប្រពៃណីដ៏ល្អដែលមានតាំងពីយូរលង់ណាស់មកហើយនិងដើម្បីអភិវឌ្ឍន៍ថែរក្សាការពារព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិនិងចាត់ទុកជាកាតព្វកិច្ចដ៏សំខាន់បំផុតរបស់យើងទាំអស់គ្នា។ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យព្រៃឈើ គឺជាគោលនយោបាយដ៏មានអាទិភាពមួយសម្រាប់ទ្រទ្រង់ជីវភាព រស់នៅរបស់មនុស្សសត្វ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សហគមន៍នៅតាមជនបទ ក៏ដូចជា ការចូលរួមដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងឡើងកំដៅនៃភពផែនដី ដែលបច្ចុប្បន្នមានសភាពប្រែប្រួលទៅតាមតំបន់នីមួយ។
លោកបន្តថា ព្រៃឈើជាការងារអាទិភាព ដើម្បីគ្រប់គ្រងវិស័យព្រៃឈើឲ្យបានគង់វង្សដាច់ខាតតម្រូវឲ្យមានការចូលរួមលើកកម្ពស់កម្រិតជីភាព ប្រជាពលរដ្ឋនៅជនបទយើងត្រូវរួមគ្នាថែរក្សាព្រៃឈើ ជំរុញការអនុវត្ត ព្រៃសហគមន៍ គ្រប់គ្រងធនធានព្រៃឈើ ប្រកបដោយនិរន្តរភាព និងតម្រូវឲ្យមាន ការចូលរួមយ៉ាងពេញលេញពីអ្នកពាក់ព័ន្ធទាំងអស់តាំងពីអាជ្ញាធរដែនដី កងកម្លាំង ប្រដាប់អាវុធ និងសហគមន៍ផងដែរ។ ការដាំកូនឈើនៅថ្ងៃនេះ គឺជាការបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួម ថែរក្សាព្រៃឈើដើម្បីការពារធនធានព្រៃឈើរបស់យើង ដែលនៅសេសសល់ឲ្យបាន យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗ ទៀត។
ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានរិះគន់ថា អាជ្ញាធរខេត្ត និងមន្ត្រីព្រៃឈើខេត្តបានប្រារព្ធពិធីដាំកូនឈើនេះគឺធ្វើឡើងស្របពេលដែលព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែងបាន និងកំពុងរងនូវការកាប់ធ្វើជំនួញកាប់រុករានទន្ទ្រានយកធ្វើជាជាកម្មសិទ្ធិពុះហែកចែកគ្នាលក់ធ្វើមានធ្វើបានពីសំណាក់ឈ្មួញមានលុយ និងអំណាចពិសេសឈ្មួញមានងារជាឧកញ៉ា បានយកគោរមងាររបស់ខ្លួនមករកស៊ីប្រព្រឹត្តបទល្មើសព្រៃឈើផ្ទុយអនុសាសន៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាជាបន្តបន្ទាប់តាំងពីលេខ០១រហូតដល់លេខ១៥៦ថ្មី តម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពតែធាតុពិត បទបញ្ជាដ៏មានតម្លៃនោះ ត្រូវគេឃើញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីព្រៃឈើ មូលដ្ឋានអង្គភាពពាក់ព័ន្ធនានា យកមកអនុវត្តន៍តិចតួចប៉ុណ្ណោះបង្ក្រាបបានតែអាតូចៗ។ ចំណែករថយន្តយីឌុបដឹកឈើ បំផ្លាញផ្លូវជាតិ រង្គើស្ពាន បែរមើលមិនឃើញ ទៅវិញនេះមិនខុសអីពី “យកកន្ទេលធំបន្លំឃ្លុំដេក” នោះទេ៕