រាជធានីភ្នំពេញ : សំណុំរឿងកក្រើកមេឃរបស់បុរសម្នាក់ ដែលជាប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមទាំងបក្ខពួក (អង្គរក្ស) ត្រូវបានកាម៉េរ៉ាសុវត្ថិភាពមួយ ចាប់រូបភាព ពីការប្រើទង្វើហិង្សា លើអតីតពិធីការិនីទូរទស្សន៍ CTN កញ្ញា សាសា កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងហាងផឹកស៊ីមួយកន្លែង នៅក្នុងក្លឹបឡាហ្គេនបា ស្ថិតនៅសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន កំពុងត្រូវបានតុលាការចាត់វិធានការហើយ។ ប្រតិកម្មរបស់សាលាដំបូងមិនបាននៅដង្អក់ពេលយូរឡើយ ដោយនៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ ព្រះរាជអាជ្ញារង លោក ហ៊ឹង ប៊ុនថន បានចេញដីកាបញ្ជាទៅសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យនាំខ្លួនលោកឧកញ៉ា សុខ ប៊ុន ដើម្បីចូលឆ្លើយបំភ្លឺទាក់ទងករណីប្រើអំពើហិង្សាលើ។
ប្រភពច្បាស់ការណ៍ បានបង្ហើបឲ្យដឹងថា មូលហេតុ ដែលឧកញ៉ា សុខ ប៊ុន វាយសម្រាតខោ អាវ និងប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃលើកញ្ញាសាសា គឺដោយសារតែកញ្ញាសាសា បានជួយអន្តរាគមន៍ កុំឲ្យឧកញ៉ារូបនោះ នាំយកមិត្តភ័ក្តិរបស់ខ្លួន ដែលជាជនជាតិជប៉ុន និងជាម្ចាស់ហាង យកទៅខាងក្រៅ។ ហេតុនេះហើយ បានធ្វើឲ្យឧកញ៉ា ខឹងជាមួយសាសា ទើបផ្ទុះកំហឹងទាំងកំរោលតែម្តងទៅ។
វីដេអូឃ្លីប ដែលមានរយៈពេលជាង ១នាទី បានបង្ហាញពីសកម្មភាពរបស់លោកឧកញ៉ា សុខ ប៊ុន និងអង្គរក្ស បានព្រួតគ្នាវាយទៅលើកញ្ញា សាលា យ៉ាងព្រៃផ្សៃ និងបានសម្រាតខោអាវ រួមទាំងបានប្រើកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ថែមទៀតផង។
ឧកញ៉ារូបនោះ ក៏បានចាប់ទាញបោចសក់ក្បាលកញ្ញា សាលា ពីលើសាឡុង ដោយប្រើដៃ និងជើងវាយទាត់ធាក់តាមចិត្ត។ ចំណែកអង្គរក្សរបស់ឧកញ៉ា សុខ ប៊ុន បានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមបាញ់បុគ្គលិក និងថៅកែហាង មិនឲ្យចូលជួយនោះទេ។ បន្ទាប់ពីបានប្រើអំពើហិង្សាវាយទាត់ ធាក់ទៅលើកញ្ញាសាសា រួច លោកឧកញ៉ា សុខ ប៊ុន និងអង្គរក្ស បាននាំគ្នាគេចចេញពីកន្លែងកើតហេតុ។
វីដេអូឃ្លីប ដែលបានបង្ហាញពីការប្រើអំពើហិង្សាទៅលើកញ្ញា សាសា ពីសំណាក់លោកឧកញ៉ា សុខ ប៊ុន ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយមានការស៊ែរចែករំលែកតគ្នាពីមួយទៅមួយ ដោយមានការរិះគន់ និងថ្កោលយ៉ាងខ្លាំងទៅលើលោកឧកញ៉ារូបនោះ។
ពាក់ព័ន្ធការប្រើ អំពើហិង្សានេះ កញ្ញា សាសា បានប្រាប់ថា កញ្ញាមិនបានស្គាល់បុរស ដែលបានប្រើអំពើហិង្សាមកលើខ្លួននោះទេ ហើយនៅមុនពេលកើតហេតុកញ្ញា បានអង្គុយលេងធម្មតា ហើយមិត្តភ័ក្តិរបស់កញ្ញាស្រវឹង (ថៅកែហាង ដែលជាជនជាតិជប៉ុន) បានអង្វរឲ្យនៅអង្គុយកំដរ ពេលនោះ ភ្ញៀវក៏បានចេញពីក្នុងហាងអស់ហើយ ប៉ុន្តែស្រាប់តែបុរសពីរនាក់ ដែលជាភ្ញៀវ ក៏បានត្រឡប់មកក្នុងហាងវិញ ដោយបានចាប់អូសមិត្តភ័ក្តិរបស់ខ្លួនទាំងបង្ខំ ដើម្បីយកចេញទៅក្រៅ រហូតមិត្តភ័ក្តិខ្លួនយំ និងបានស្រែកឲ្យខ្លួនជួយ ហើយខ្លួន ក៏បានប្រាប់ទៅបុរសនោះ កុំឲ្យចាប់បង្ខំមិត្តភ័ក្តិខ្លួន ហើយស្រាប់តែអង្គរក្សរបស់បុរសម្នាក់នោះ បានស្រែកជេរម្រាយខ្លួន កុំឲ្យចេះដឹង (កុំចេះ ចង់ងាប់ហេះ) ដោយមានកាំភ្លើងកាន់នៅដៃ ហើយខ្លួន ក៏បានប្រាប់កុំឲ្យជេរម្តាយរបស់ខ្លួន ហើយនៅពេលដែលខ្លួនមាត់ទៅវិញ ក៏ស្រាប់តែបុរសរូបនោះ (ឧកញ៉ា សុខ ប៊ុន) ស្ទុះមកវាយខ្លួន។
កញ្ញា សាសា បានរៀងរាប់ថា ការប្រើអំពើហិង្សាមកលើកញ្ញា គឺដូចជានៅក្នុងវីដេអូឃ្លីប អីចឹង ហើយប្រដាប់ដោយអាវុធ ដោយភ្ជង់ក្បាល និងបានយកជើងជាន់ក្បាលខ្ទប់នៅនឹងឥដ្ឋ និងមានអាម៉េបាញ់ដែរ តែគ្រាប់ស្អុយ ហើយអូសខ្ញុំរហូតដល់៥ ទៅ ៦ម៉ែត្រ។ វាយខ្ញុំមិនតិចជាង ៥នាទីទេ។ គាត់វាយម៉ាឆ្អែតម៉ង វាយហើយសម្រាតខោអាវខ្ញុំទៀត។ និយាយរួមវាយសម្រាតខោ អាវ ខ្ញុំម៉ង។ វាយខ្ញុំដូចសត្វធាតុ។ នេះបើអត់មានអ្នករត់តុជួយ។ ខ្ញុំប្រហែលជាអាចស្លាប់បាត់ហើយ។ អ្នករត់តុ គាត់ជួយឃាត់។ ខ្ញុំបានដាក់ពាក្យបណ្តឹងអស់ហើយ”។
កាលពីល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យលោកឧកញ៉ា សុខ ប៊ុន ចូលខ្លួនឆ្លើយបំភ្លឺទាក់ទងករណីប្រើអំពើហិង្សាលើកញ្ញា សាលា។ លោកឧកញ៉ា សុខ ប៊ុន ក៏ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺផងដែរ។ តែមិនព្រមចូលខ្លួន និងរកមិនឃើញ ទើបសមត្ថកិច្ចសុំដីកាពីតុលាការ ដើម្បីឲ្យចូលខ្លួន។
ចំណែកលោកឧកញ៉ា សុខ ប៊ុន និងអង្គរក្ស ដែលជាអ្នកបង្កអំពើហិង្សាលើកញ្ញា សាសា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយលេខទូរស័ព្ទដែលធ្លាប់ទំនាក់ទំនង មិនអាចទាក់ទងបាន(បិទចោល)៕
Posted by Komneut Thmey News on Wednesday, 8 July 2015