ខេត្តសៀមរាប : កន្លែងបញ្ជល់មានខុសច្បាប់មួយដែលមានទីតាំងចំណុចបរិវេណភូមិវប្បធម៌ ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានក្លាយជាទីលានសមរភូមិពាក្យសម្តី រហូតដល់មានអំពើហិង្សា និងមានការប្តឹងផ្តល់គ្នាដោយជនរងគ្រោះចោទប្រកាន់ថា ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ដែលជាអ្នកលេងដូចគ្នានោះបានវាយតប់មកលើរូបខ្លួន ហើយទាមទារសងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ។
តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ជី ប៊ុនណារ៉ា រស់នៅភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ឲ្យដឹងថា ជនដៃដល់ដែលជាមន្ត្រី ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលឈ្មោះ គា ប៊ុនឡុង ឋានន្តរសក្តិអនុសេនីយ៍ទោ លេងចាញ់ខ្លួន២០០ដុល្លារ ហើយបានសងលោក១០០ដុល្លារ នៅសល់១០០ដុល្លារទៀត ហើយឲ្យទៅទារពីលោក យិន ថាវ ដែលជាអ្នកលេងដូចគ្នាតែលោក យិន ថាវ មិនព្រមឲ្យដោយសារតែលោកប្រកាន់ថា លេងជាមួយអ្នកណា គឺអ្នកនោះសងមិនមែនទៅកាត់កងជាមួយអ្នកផ្សេងទេ តែលោក គា ប៊ុនឡុង មិនព្រមសង លោកក៏តាមអង្វរដល់ចូលក្នុងឡានតែត្រូវបានលោកនិយាយថា មានលុយប៉ុណ្ណឹងដែរ ម្ដេចបានលេងថោកម្ល៉េះ។ ក្រោយមកលោក គា ប៊ុនឡុង បានវាយចំក្បាលផ្នែកខាងក្រោយ ហើយអាមេភ្ជង់គំរាម ថែមទាំងនិយាយថា ហែងកុំភ្លើជាមួយអញវើយ..! ហើយក៏បើកឡានបាត់ទៅ។
ជុំវិញករណីនេះ លោកអនុសេនីយ៍ទោ គា ប៊ុនឡុង បានធ្វើការបដិសេធដោយលោកលើលឡើងថា “ទៅស្បថស្បែនៅទីណាក៏បានដែរ”។
នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប លោកអនុសេនីយ៍ឯក អ៊ុយ ចយ បានឲ្យដឹងថា ចំពោះករណីរឿងបណ្ដឹងរវាងអ្នកលេងជល់មាន់នៅភូមិវប្បធម៌ឈ្លោះប្រកែកគ្នានោះ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ចិត្ត ស្រាល