រាជធានីភ្នំពេញ : លិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើជូនអគ្គលេខាធិការអង្គសហប្រជាជាតិ ក្នុងការស្នើសុំខ្ចីផែនទី ដែលតម្កល់នៅអង្គការសហប្រជាជាតិមកពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនោះ កំពុងត្រូវពិនិត្យ និងរៀបចំឆ្លើយតបមកកម្ពុជាវិញ។ នេះបើយោងតាមប្រភពអ្នកនាំពាក្យអង្គការសហប្រជាជាតិប្រាប់បណ្តាញព័ត៌មានកាលពីម្សិលមិញ។
អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោក Farhan Haq បានឲ្យដឹងថា «អគ្គលេខាធិការអង្គការសហប្រជាជាតិបានទទួលបានលិខិតនោះហើយ ។ យើងកំពុងតែពិនិត្យមើលដើម្បីឆ្លើយតបនៅពេលនេះ»។ កាលទី៦ ខែកក្កដា ឆ្នាំ២០១៥កន្លងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដោយស្នើសុំផែនទីកម្ពុជាដែលតម្កល់ទុកនៅអង្គការប្រជាជាតិ ដើម្បី ពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
លិខិតរបស់សម្តេច តេជោ ហ៊ុន សែន ជាភាសាខ្មែរ និងអង់គ្លេស បានឲ្យ ដឹងថា«ខ្ញុំសរសេរលិខិតនេះជូនឯកឧត្តមដើម្បីស្នើសុំកិច្ចសហការពីសំណាក់អង្គការសហប្រជាជាតិលើកិច្ចការមួយដែលមានសារៈសំខាន់ជាទីបំផុតសម្រាប់អធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ»។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជាមួយចំនួនកំពុងញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល បំភាន់មតិជាតិនិងអន្តរជាតិ ដើម្បីកេងចំណេញនយោបាយលើបញ្ហាកំណត់ និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ សម្តេចតេជោ បញ្ជាក់ទៀតថា « ខ្ញុំសូមស្នើឯកឧត្តមអគ្គលេខាធិការមេត្តាអនុញ្ញាត ឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជាបានតម្កល់ទុកនៅអង្គការសហប្រជាជាតិមកប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជិតខាង»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិដែលចោទថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយនោះបានមានប្រសាសន៍ថា មានតែផែនទីតម្កល់នៅអង្គការសហប្រជាជាតិទេដែលអាចធ្វើឲ្យសាធារណជនអាចដឹងថា តើរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ឬយ៉ាងណា។ លោកបន្តថាកន្លងទៅប្រធានគណៈកម្មាធិការកិច្ចការព្រំដែនលោក វ៉ា គឹមហុង បានលើកឡើងថាលោកចម្លងផែនទីដែលព្រះបរមរតនកោដ្ឋបានតម្កល់នៅអង្គការសប្រជាជាតិពីប្រទេសបារាំង។ លោកបន្តថាលោកស្នើឲ្យមានការចូលរួមពីភាគីចម្រុះចូលរួមពិនិត្យលើផែនទីដែលអង្គការសហប្រជាជាតិផ្តល់ឲ្យ។
លោកបញ្ជាក់ថា«ការផ្ទៀងផ្ទាត់ហ្នឹងផងដែរសុំឲ្យមានការចូលរួមពីគណបក្សប្រឆាំង តំណាងរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកជំនាញព្រំដែន និងតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ យើងស្វាគមន៍នឹងការសុំផែនទីពីអង្គការសហប្រជាជាតិហើយយើងនឹងរង់ចាំផ្ទៀងផ្ទាត់ផែនទីដែលយើងមានជាមួយផែនទីនោះ»។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ផែន ទីក្លែងក្លាយសម្រាប់បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថាក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជាចាត់ទុកការស្នើសុំផែនទីពី អង្គការសហប្រជាជាតិជាការសារភាព និងទទួលស្គាល់របស់រដ្ឋាភិបាលកម្ពុជា ថាខ្លួនបានប្រើប្រាស់ផែនទីក្លែងក្លាយ សម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាម នាពេលកន្លងមក។
ទាក់ទិនការចោទប្រកាន់នេះអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា ឲ្យដឹងថារដ្ឋាភិបាលស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាតិនេះគឺដើម្បីបញ្ជាក់ការពិតបន្ថែមទៅលើការចោទប្រកាន់នាពេល កន្លងមកថាកម្ពុជាបានប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបន្ថែមថា«អីចឹងគ្រាន់តែចង់បញ្ជាក់ផ្ទៀងផ្ទាត់បន្ថែមទៀតដើម្បី បំភ្លឺភ្នែកទៅដល់ក្រុមប្រឆាំងនោះទើបរាជរដ្ឋាភិបាលស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិអញ្ចឹងសូមកុំបកស្រាយខុសពីការពិតដែលខ្លួនបានចោទរាជរដ្ឋាភិបាល»។
«ចំណុចបាតុភាពថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាមនឹងត្រូវស្ថិតក្នុង របៀបវារៈកិច្ចប្រជុំគណៈកមា្មធិការចម្រុះ» កាលពីម្សិលមិញ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាលើ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែល នៅសេសសល់មិនទាន់ដោះស្រាយចប់ និងបាតុភាពមួយចំនួន ដែលបានកើត មានឡើងថ្មីៗនេះ នៅតាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ។
កិច្ចប្រជុំខាងលើនេះ បានរៀបចំឡើង បន្ទាប់ពីមានបាតុភាពថ្មីៗ នៅតាម បណ្តោយព្រំដែនកម្ពុជា-វៀតណាម ដូចជា ការដែលវៀតណាម បានចូលបាញ់ថ្នាំ បំផ្លាញដំណាំកសិករខ្មែរ ការជីកស្រះទឹកនៅខេត្តនៅខេត្តរតនគិរី ការសាងសង់ ប៉ុស្តិ៍យោធា ការកសាងផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយព្រំដែនដោយភាគីវៀតណាម។ ជាពិសេសការប៉ះទង្គិចគ្នាកាលពីថ្មីៗនេះរវាងប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ ដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាមួយប្រជាពលរដ្ឋវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ព្រំដែនលេខ២០២ និ២០៣ ស្ថិតនៅភូមិ ធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ ខេត្តស្វាយ រៀង ដែលបណ្តាលឲ្យមានអ្នករងរបួស ទាំងសងខាង។
កិច្ចប្រជុំគណៈម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមនេះធ្វើឡើងដោយបិទទ្វារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានី ភ្នំពេញហើយ ហើយភាគីកម្ពុជាមានគ្នា ប្រមាណជាង១០ នាក់ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា និងភាគីវៀតណាមមាន គ្នាប្រមាណជាង១០ នាក់ដូចគ្នា ដឹកនាំ ដោយលោក ហូរ សិនសឺន (Ho Zuan Sen) អនុរដ្ឋមន្ត្រីទី១ និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម។ កិច្ចប្រជុំខាងលើនេះមានគម្រោងធ្វើឡើងនៅ ខេត្តសៀមរាប ប៉ុន្តែត្រូវបានប្តូរមកទីក្រុង ភ្នំពេញវិញ ហើយតាមកម្មវិធីបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៧និង៨ ខែកក្កដា ឆ្នាំ២០១៥ ហើយ លទ្ធផលយ៉ាងណានោះនៅមិនទាន់ទទួល បាននៅឡើយទេ ប៉ុន្តែយោងតាមរបៀប វារៈនៃកិច្ចប្រជុំរវាងប្រធានគណៈកមា្មធិការ ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោក (កម្ពុជា-វៀតណាម, វៀតណាម-កម្ពុជា) មានពីរថ្ងៃ គឺនៅថ្ងៃទី៧ និងថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៥។
តាមរបៀបវារៈនៃកិច្ចប្រជុំរវាងប្រធាន គណៈកម្មាធិការចម្រុះខណ្ឌសីមា ដែល ការិយាល័យរបស់យើងទទួលបានចំណុចដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំនោះរួមមាន៖
ក-ការបើកកិច្ចប្រជុំដោយប្រធាន គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ
ខ-អនុម័តរបៀបវារៈនៃកិច្ចប្រជុំដោយប្រធានគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ
និង គ-ចំណុចដែលត្រូវពិភាក្សារួមមានទី ១,ស្តាប់របាយការណ៍របស់ប្រធានក្រុមការងារ ពិសេស ដែលបានចុះអនុវត្តលើដីជាក់ ស្តែង នៅ៥ តំបន់ ( ៣០-៤០, ៤០-៤៥, ១៣៨-១៤៧, ២៤៧-២៥៣ និង២៩៥-៣០២ ) កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ តាមខ្លឹមសារដូចមាន ក្នុងចំណុច១.១ និង១.២ នៃកំណត់ហេតុ កិច្ចប្រជុំរវាងគណៈកម្មាធិការចម្រុះទាំងពីរ នៅទីក្រុងហាណូយ នាថ្ងៃទី២២ ដល់ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០១។ ទី២,អនុម័ត យកកំណត់ហេតុទាំង៥របស់ក្រុមការងារពិសេស ដែលបានចុះអនុវត្តន៍លើដីជាក់ស្តែង កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១។ ទី៣, ស្តីពីដំណើរការបោះបង្គោលព្រំដែនបំពេញបន្ថែម (កម្ពុជា-សេស វៀតណាម-គូ) ទី៤, ពិភាក្សាពី ចំណែកដី ដែលនៅបន្តគ្រប់គ្រងដោយ ភាគីទាំងពីរ បន្ទាប់ពីឯកភាពលើខ្សែព្រំដែន ទី៥,កិច្ចប្រជុំក្រុមជំនាញ លើកទី២៣ដើម្បីបន្តការងារបច្ចេកទេសដែលនៅសេសសល់ ទី៦, ស្តីពីសម្នើរបស់ប្រធានក្រុមបច្ចេកទេសចម្រុះ ស្នើបន្ថែមបង្គោលបំពេញបន្ថែមចំនួន១៥ទៀត នៅខេត្តព្រៃវែង-ដុងថាប់ ទី៧, ពិភាក្សាស្តីពីតំបន់បង្គោលព្រំដែនលេខ១៣៧ (១.២ ) ទី៨, ស្តីពីការកំណត់កាលបរិច្ឆេទសម្ពោធបង្គោលព្រំដែនបំពេញបន្ថែម និងតម្រុយបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ-ប៊ិនភឿក ដោយប្រធានទាំងពីរ និងទី៩, ស្តីពីការអនុវត្តគោលការណ៍ទាំងឡាយ ដែលបានឯកភាពគ្នាកន្លងមក។
ដោយឡែកកិច្ចប្រជុំនោះក៏មានគម្រោងពិភាក្សាលើបញ្ហាផ្សេងៗផងដែរ ដែលទី១, ស្តីពីតំបន់បាតុភាពដែលកើតមាននៅតាម បណ្តោយព្រំដែន ទី២, ការសាងសង់ប៉ុស្តិ៍ និងផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយ ព្រំដែនដោយវៀតណាម និងទី៣, បាតុភាព នៅទីតាំងបង្គោលព្រំដែនលេខ ២០២ និង ២០៣ នៅខេត្តស្វាយរៀងតៃនិញ៕