ជួបជាមួយកញ្ញា កែវ ចន្ថា អាយុ២៧ ឆ្នាំមកពីខេត្តបន្ទាយមានជ័យសព្វថ្ងៃ រស់នៅក្នុងទីក្រុងភ្នំពេញ។ អតីតជាពិធីការិនីនៅក្នុងស្រុកកំណើតរបស់នាង កញ្ញា កែវ ចន្ថា បានប្រាប់យើងអំពីគម្រោងអនាគតរបស់នាង ព្រមទាំងពន្យល់អំពីអត្ថន័យនៃពាក្យថាសិចស៊ី។
-តើពាក្យថាសិចស៊ីមានន័យដូចម្តេច?
ពាក្យថា សិចស៊ី វាអាស្រ័យទៅលើបុគ្គលម្នាក់ៗយល់ពីរបៀបនៃការស្លៀកពាក់ឲ្យបានសមរម្យ។ ទាំងអត្តចរិត និងអាកប្បកិរិយាដែលអ្នកសម្តែងចេញមកក៏អាចបង្ហាញឲ្យឃើញពីភាពសិចស៊ីដែរ។
-តើការស្លៀកពាក់បែបណាទៅដែលជាស្តាយល៍ផ្ទាល់ខ្លួនរបស់កញ្ញា?
ខ្ញុំមានស្តាយល៍ដ៏សាមញ្ញបំផុតរបស់ខ្ញុំ គឺខ្ញុំចូលចិត្តស្លៀកខោខូវប៊យសាច់ក្រណាត់ទន់ និងអាវយឺត។
-តើកញ្ញាចូលចិត្តបុរសស្លៀកពាក់បែបណាដែរ?
ខ្ញុំចូលចិត្តបុរសពាក់អាវសាច់ក្រណាត់លាតធម្មតារំលេចម៉ូដបន្តិច និងស្លៀកខោសាច់ក្រណាត់ ហើយជាពិសេសចេះរៀបចំខ្លួនប្រាណឲ្យបានសមសួនដែលមើលទៅគួរឲ្យស្រឡាញ់តែម្តង។
-តើកញ្ញាចូលចិត្តសេពគប់ជាមួយមនុស្សប្រភេទណាដែរ?
ខ្ញុំចូលចិត្តសេពគប់ជាមួយមនុស្សដែលចេះគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក មានហេតុផល និងភាពស្មោះត្រង់។
-តើកញ្ញាចូលចិត្តការណាត់ជួបបែបណាដែលគិតថាល្អបំផុតសម្រាប់ខ្លួន?
ខ្ញុំចូលចិត្តការណាត់ជួបទទួលទានអាហារពេលល្ងាចដោយមានពន្លឺភ្លើងទៀនអមដោយសម្លេងតន្ត្រីពិរោះរងំ។
-តើកញ្ញាគិតថាជីវិតស្រី្តនៅកម្ពុជាមានការផ្លាស់ប្តូរដែរឬទេ?
ចា៎!ខ្ញុំគិតថាពិតជាមានការផ្លាស់ប្តូរច្រើនពីព្រោះថាស្ត្រី បច្ចុប្បន្ននេះ មានសិទ្ធិស្មើនឹងបុរសក្នុងការទទួល បានការអប់រំនិងការងារ បើទោះបីជា ការផ្លាស់ប្តុរនោះនៅមានកំរិតនៅឡើយក្តី។
-តើទិសដៅដែលកញ្ញាសម្លឹងមើលដោយខ្លួនឯងទៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀតទៅដល់ណា?
ខ្ញុំនៅមិនអាចដឹងបានដែរថាតើអាចអភិវឌ្ឃបានដល់កំរិតណានោះ ទេ ប៉ុន្តែខ្ញុំត្រូវតែ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឲ្យទទួលបានជោគជ័យក្នុងអាជីវកម្ម ថ្មីរបស់ខ្ញុំ។
-ប្រសិនបើកញ្ញាចង់ផ្តល់ដំបូន្មានណាមួយដល់បុរសៗ តើជាអ្វីខ្លះ?
បុរសមិនគួរខ្លាចក្នុងការបង្ហាញក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្ស ជាទីស្រលាញ់ទេ ហើយគួរចំណាយពេលវេលាឲ្យបានច្រើនដើម្បីបង្កើតភាពស្និទ្ធស្នាលនិង ទំនាក់ទំនងស្នេហា៕