អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ​បាន​ជាង ៧០៦,៧៥ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​២០១៥ នេះ​

, , Leave a comment

07-7-2015 (1)

​រាជធានី​ភ្នំពេញ : អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​ចូល​ថវិកាជាតិ នៅក្នុង ឆមាស ទី​១ ដើមឆ្នាំ​២០១៥ បាន​សរុប​ចំនួន​ប្រមាណ​២ ៨២៧ ០១៩,៥៥​លាន​រៀល​ស្នើ​នឹង​៧០៦,៧៥​លាន​ដុល្លារ​អាមេរិក ត្រូវ​នឹង​៦០,៦៧​ភាគរយ នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៥​។​

 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៥ ក្រោម​អធិបតី​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ​នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹងថា ក្នុង​លទ្ធផល​ទាំងនោះ​មាន​ថវិកា​ថ្នាក់ជាតិ​ចំនួន ២ ៥១០ ៩១៥,០៥​លាន​រៀល​ស្មើ នឹង​៦២,៣៤​ភាគរយ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​ចំនួន​៣១៦ ១០៤,៥០​រៀល​ស្មើនឹង​៤៩,៩៩​ភាគរយ​។ បើ​ប្រៀបធៀប​នឹង​រយៈ ពេល​៦​ខែ ឆ្នាំ​២០១៤ ឃើញថា​ចំណូល​ពន្ធ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៥​កើនឡើង​ចំនួន ៧៨៦ ៣១៤,៣៤​លាន​រៀល​ស្មើនឹង​៣៨,៥៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៤​។​

 

​ចំណែក​ការប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​សម្រាប់​ខែមិថុនា ឆ្នាំ​២០១៥ សម្រេចបាន​ចំនួន​៣ ៦៤ ៦២៤,២៦​លាន​រៀល ប្រមាណ​៩១,១៦​ភាគរយ ស្មើនឹង ៧,៨៣ ភាគរយ​នៃ​ផែនការ​កំណត់ដោយ​ច្បាប់​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​ថ្វីត្បិតតែ​លទ្ធផល​ចំណូល​ពន្ធ​ប្រចាំ ឆមាស​ទី​១​ទទួលបាន​គួរ​ជាទី​មោទន​ក៏ដោយ​ក៏​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​ក្រើនរំឭក​ដល់​លោក​ប្រធាន​នាយកដ្ឋាន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​¬ ខណ្ឌ ឲ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ព្រោះថា នេះ​ជា រដូវ​កាល Lowseason ហើយ​ចំណូល​ពន្ធ​អាច​នឹង​ធ្លាក់ចុះ​ដែល​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ជាពិសេស​ចំពោះ​រដូវ​កាល​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​។ ព្រម​ជាមួយនេះ ដើម្បី​ធានាបាន​នូវ​ការប្រមូល​ចំណូល​គ្រប់​តាម​ផែនការ​កំណត់ដោយ​ច្បាប់​សម្រាប់ ឆ្នាំ​២០១៥​នេះ ក៏ដូចជា​ស្របតាម​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​លោក គង់ វិបុល បានផ្តល់​អនុសាសន៍​ណែនាំ ចង្អុលបង្ហាញ​ដល់​នាយកដ្ឋាន សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ឲ្យ​ខិតខំ​អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ពង្រឹង​ការចាត់​បញ្ចូល​អាជីវករ​ជាប់ពន្ធ​តាម​របប​ម៉ៅការ​ទៅក្នុង​របប​ស្វ័យ​ប្រកាស​ពង្រឹង​ការធ្វើ​សវនកម្ម​សហគ្រាស​ពង្រឹង​ការ​តឹង​ទារបំណុល​ពន្ធ និង​រៀបចំ​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​ឲ្យ​បាន កាន់តែ​ល្អ ប្រសើរ និង​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​៕

 07-7-2015 (4) 07-7-2015 (3)

 

Leave a Reply

(*) Required, Your email will not be published