រាជធានីភ្នំពេញ : ក្រោមការជួយជ្រោមជ្រែងពីម្ចាស់ស្នេហ៍ថ្មីនោះតារាសម្តែង ចន ច័ន្ទលក្ខិណា នឹងក្លាយខ្លួនជាប្រធានអង្គការមនុស្សធម៌មួយដែលនឹងបង្កើតឡើងនៅចុងឆ្នាំនេះ។ តាមរយៈអង្គការនេះតារាសម្តែងរូបនេះនឹងកាន់តែមមាញឹកច្រើនជាមួយនឹងការងារសង្គមបន្ថែមពីការងារសិល្បៈ និងជាម្ចាស់គ្រប់គ្រងហាងសម្រស់ “ចនច័ន្ទសាឡន។
តាមការបញ្ជាក់របស់លោក ហេង ណារ័ត្ន ដែលជាគូស្នេហ៍ថ្មីរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា បានលើកឡើងថានៅប៉ុន្មានខែខាងមុខនេះ អ្នកនាង ចន ច័ន្ទលក្ខិណា នឹងក្លាយជាប្រធានអង្គការថ្មីមួយបន្ថែមពីលើអាជីពសិល្បៈដែលមានស្រាប់។ ពោះម៉ាយរូបស្រស់សម្បូរទ្រព្យរូបនេះបញ្ជាក់ថាអង្គការនោះ មានឈ្មោះថា «our Community» ឬ «សហគមន៍យើង» ដោយមានលោក និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យប្រចាំនៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺជាអ្នកជួយជំរុញលើកទឹកចិត្តនាងពីខាងក្រោយ។
លោកបញ្ជាក់ដែរថាអង្គការនេះនឹងចេញរូបរាងយ៉ាងយូរនៅអំឡុងចុងឆ្នាំ២០១៥ បន្ទាប់ពីសំណុំឯកសារបានត្រៀមរួចជាស្រេចក្នុងការស្នើសុំហើយតាមការគ្រោងនឹងធ្វើប្រតិបត្តិការការងារពេញទំហឹងចាប់ពីដើមឆ្នាំក្រោយតទៅ ដូចជារ៉ៃអង្គាសប្រាក់ ក៏ដូចជារកជំនួយពីគ្រប់ទិសទី ដើម្បីបំពេញក្នុងកិច្ចការមនុស្សធម៌នៅកម្ពុជា។
ក្រៅពីការលើកទឹកចិត្តលោកក៏ជឿជាក់ទៅលើចិត្តសន្តោសប្រណី និងសមត្ថភាពរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ថានឹងអាចធ្វើការងារនេះបានល្អ។ លោកបន្ថែមថាហេតុផលដែលនាំឲ្យមានការផ្ដើមគំនិតបង្កើតអង្គការនេះ គឺដោយសារតែលោក យល់ថាអ្នកនាងចន ច័ន្ទលក្ខិណា ជាតារាសិល្បៈ និងមានធនធានអ្នកសិល្បៈចាំធ្វើសកម្មភាពស្រាប់ នៅពេលប្រតិបត្តិការលេចចេញរូបរាង។ លោក ហេង ណារ័ត្ន ប្រាប់ថាការចំណាយលើបុគ្គលិកសំខាន់ៗ ការជួលស្នាក់ការ និងការបំពាក់សម្ភារ ដើម្បីបង្កើតជាការិយាល័យ ក្នុងពេលមិនទាន់រកជំនួយបាននៅឡើយ គឺលោកជាអ្នកចំណាយទាំងស្រុង។
លោកថា អង្គការនេះនឹងបំពេញកិច្ចការមនុស្សធម៌សុទ្ធសាធដោយមានសិល្បករសិល្បការិនីចូលរួមប្រមូលថវិកាពីការសម្តែងរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ផ្ដល់ឲ្យដល់ក្មេងកំព្រា សង់ជាសាលារៀន ធ្វើអណ្ដូងទឹក និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត។ លោកថាអង្គការនេះក៏នឹងមានគម្រោងចាប់ដៃជាមួយបណ្ដាអង្គការក្នុង និងក្រៅប្រទេសតូចធំមួយចំនួនផងដែរ។
លោកបានបន្ថែមទៀតថាអង្គការដែលគ្រោងកើតឡើងនេះ អ្នកនាង ចន ច័ន្ទលក្ខិណា នឹងធ្វើជាប្រធាន ខណៈតារាសិល្បៈមួយចំនួន នឹងក្លាយជាអនុប្រធាន និងក្លាយជាមន្ត្រីគម្រោង។ លោកក៏មានគម្រោងរត់ការឲ្យសិល្បករចេញទៅច្រៀងនៅបរទេសដើម្បីកៀគររកជំនួយមនុស្សធម៌នេះផងដែរ។ មកទល់ពេលនេះលោកថា រចនាសម្ព័ន្ធអង្គការត្រូវបានចាត់ចែងជាបណ្ដើរៗខ្លះហើយ ដោយគ្រាន់តែមិនទាន់ប្រកាសផ្លូវការដោយសាររង់ចាំការរត់ច្បាប់ និងចាំឲ្យមានស្នាក់ការត្រឹមត្រូវជាមុនសិនប៉ុណ្ណោះ។ លោក ហេង ណារ័ត្ន ហៅ ហេង ឡុង ប្រាប់ថានឹងមានតារាសិល្បៈប្រុសស្រីល្បីឈ្មោះជាច្រើន ធ្វើជាសមាជិកស្ថាបនិក ទើបធ្វើឲ្យលោកមានជំនឿយ៉ាងខ្លាំង ក្នុងសកម្មភាពរ៉ៃអង្គាសប្រាក់ ដើម្បីបំពេញនូវតម្រូវការសប្បុរសធម៌។
លោកបាននិយាយថា ដោយសារតែហេតុផលគ្រោងរំលេចអង្គការឲ្យចេញរូបរាងនោះហើយ ទើបអ្នកនាង ចន ច័ន្ទលក្ខិណា កាត់បន្ថយការងារសិល្បៈជាច្រើន ជាពិសេសការសម្ដែង ប៉ុន្តែសម្រាប់ការងារជាពិធីការិនី និងបង្ហាញម៉ូតនាងនឹងនៅតែបន្ត។
គួរបញ្ជាក់ដែរថា តារាសម្តែង ចនច័ន្ទ ត្រូវបានអ្នកសិល្បៈកោតសរសើរខ្លាំងជាមួយនឹងការហ៊ានចេញមុខរិះគន់ ស្នើ និងប្រឆាំងតបទៅនឹងការងារសង្គម និងសម្រាប់អ្នកសិល្បៈមួយចំនួន បូករួមទាំងការស្នើឲ្យស្ថានីយទូរទស្សន៍ពន្យារពេលក្នុងការចាក់បញ្ចាំងខ្សែភាពយន្តថៃនៅម៉ោងសំខាន់ជាដើម។ នាងក៏ធ្លាប់កៀគរអ្នកសិល្បៈឲ្យចូលរួមសកម្មភាពមនុស្សធម៌មួយចំនួនទៀតដែរ៕