រាជធានីភ្នំពេញ : នៅឆមាសទី១ ដើមឆ្នាំ២០១៥ នេះ ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងក្នុងអត្រាមួយខ្ពស់ ពោលគឺបានកើនឡើងអត្រាដល់ទៅជិត ៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។
យោងតាមរបាយការណ៍ខាងលើ នៅឆមាសឆ្នាំ ២០១៥ កម្ពុជាបាននាំចេញអង្ករ ក្នុងបរិមាណដល់ទៅជាង២៨ម៉ឺនតោន ដោយការនាំចេញបានកើនឡើងបរិមាណពីជិត១៨ម៉ឺនតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤កន្លងទៅ។ ស្របពេលជាមួយគ្នានេះប្រទេសចិនចាប់ផ្តើមក្លាយជាប្រទេសសំខាន់សម្រាប់ផលិតផលអង្ករកម្ពុជា ខណៈដែលប្រទេស បារាំង ប៉ូឡូញ និងប្រទេសហូឡង់ នៅតែជាប្រទេសដែលបានទិញអង្ករពីកម្ពុជាច្រើនជាងគេ។
អ្នកវិភាគទីផ្សារស្រូវអង្ករបានលើកឡើងនៅពេលនេះថា កំណើននៃការនាំចេញអង្ករពីកម្ពុជាគឺវាមានទំនាក់ទំនងយ៉ាងស្និទ្ធបំផុតទៅនឹងសមត្ថភាពរកទីផ្សាររបស់ពាណិជ្ជករក្នុងស្រុក និងឥទ្ធិពលនៃការប្រែប្រួលការនាំចេញអង្កររបស់ប្រទេសជិតខាងកម្ពុជាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោក។
បទពិសោធកន្លងមកបានបង្ហាញថា ការសម្រេចទម្លាក់តម្លៃស្រូវដែលបានទិញពីកសិករខ្លួនរបស់រាជរដ្ឋាភិបាលថៃកាលពីពេលមុន វាបានជះឥទ្ធិពលទៅដល់តម្លៃស្រូវ និងបរិមាណនៃការនាំចេញអង្កររបស់កម្ពុជា ជាពិសេសគឺការនាំចេញកាលពីឆ្នាំ២០១៤កន្លងទៅ។ ក្នុងអំឡុងពេលនោះការកាត់បន្ថយតម្លៃស្រូវនៅប្រទេសថៃបានធ្វើឲ្យតម្លៃស្រូវនៅកម្ពុជាជាពិសេសស្រូវនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃធ្លាក់ចុះមួយរយៈ និងបានដាក់សម្ពាធដល់បរិមាណការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសផងដែរ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា គោលដៅនាំចេញអង្ករឲ្យបាន១លានតោននៅត្រឹមឆ្នាំ២០១៥ ខាងមុខនេះ ត្រូវបានអ្នកវិភាគ និងអ្នករកស៊ីផ្នែកអង្ករមួយចំនួនលើកឡើងថា វាមិនអាចសម្រេចបាននោះទេ ដោយហេតុតែបរិមាណនៃការនាំចេញនៅពេលនេះ គឺមានគម្លាតឆ្ងាយពីបរិមាណគោលដៅដែលបានកំណត់។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ កន្លងទៅកម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៩ ម៉ឺនតោនស្របពេលដែលតួលេខនាំចេញនៅឆ្នាំ ២០១៤ មិនសូវមានសន្ទុះខ្លាំងដូចមុន៕