បញ្ហាធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះ គឺជាសញ្ញាណបញ្ជាក់នូវការរលូតកូន ដែលជាក្តីបារម្ភរបស់ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែមិនគ្រប់ករណីទាំងអស់ទេ ក៏មានករណីខ្លះ នៅអាចរក្សាគភ៌ឲ្យនៅគង់វង្សបាន…។
+លក្ខណៈទូទៅ ៖
ការរលូតកូន (Abortion) សម្ដៅដល់ការបញ្ចប់ការមានគភ៌ មុនពេលកំណត់ដែលទារក ត្រូវសម្រាល ហើយអាចចិញ្ចឹមឲ្យរស់រានមានជីវិតបាន។ នៅតាមប្រទេសនីមួយៗ មានក្រឹត្យក្រមការវិនិច្ឆ័យសភាពរលូតកូនមិនដូចគ្នា តែក្រិត្យក្រមវិនិច្ឆ័យជាទូទៅគឺ ៖
-ទារកកើតមុនអាយុគភ៌២៨សប្តាហ៍។
-ទារកមានទម្ងន់ខ្លួនពេលកើតតិចជាង១.០០០ក្រាម។
-ទារកមានប្រវែងដងខ្លួនពេលសម្រាលតិចជាង៣៥ស.ម។
ស្ត្រីមានផ្ទៃពោះដែលមានបញ្ហារលូតកូន ភាគច្រើនបានមករកគ្រូពេទ្យ ដោយអាការធ្លាក់ឈាមតាមទ្វារមាស និងឈឺក្នុងពោះ ដោយអ្នកខ្លះអាចមិនបានដឹងថា ខ្លួនមានផ្ទៃពោះជាមុនផងក៏មាន ខណៈស្ត្រីប្រមាណ១០-២៥ភាគរយ មានផ្ទៃពោះ និងមានការរលូតកូនដោយមិនដឹងខ្លួន។
+ការរលូតកូនបែងចែកជា៧ក្រុម គឺ៖
១-ការរលូតដោយមានសញ្ញាគំរាម (Threaten Abortion) ៖ ជាសភាពដែលមានធ្លាក់ឈាមតាមទ្វារមាស ប៉ុន្តែមាត់ស្បូននៅមិនទាន់បើក ហើយទារកក្នុងផ្ទៃ ក៏នៅមានជីវិតនៅឡើយ ធ្វើឲ្យអាចរក្សាគភ៌ឲ្យនៅគង់វង្ស រហូតដល់គ្រប់កំណត់សម្រាលបាន។ ប៉ុន្តែក៏មានស្ត្រីមួយចំនួន អាចមានការរលូតមិនអាចចៀសវាងបានតាមក្រោយទៀត។
២-ការរលូតដោយមិនអាចចៀសវាងបាន (Inevitable Abortion) ៖ ជាសភាពដែលស្ត្រីមានផ្ទៃពោះ ធ្លាក់ឈាមតាមទ្វារមាស ប៉ុន្តែ មិនទាន់មានទារក ឬបំណែកគភ៌ ចេញមកខាងក្រៅនៅឡើយ។ នៅពេលគ្រូពេទ្យពិនិត្យខាងក្នុងរកឃើញថា មានការបើកមាត់ស្បូន ហើយអ្នកខ្លះអាចមានបែកថង់ទឹកភ្លោះ រួមជាមួយផង ធ្វើឲ្យទារកមិនអាចរស់រានមានជីវិតបន្តទៀត នៅក្នុងផ្ទៃស្បូនបានបណ្តាលឲ្យមានការរលូតចេញមកក្រៅយ៉ាងពិតប្រាកដ។
៣-ការរលូតមិនពេញលេញ (Incomplete Abortion) ៖ ស្ត្រីមានផ្ទៃពោះនឹងមករកគ្រូពេទ្យដោយអាការធ្លាក់ឈាមតាមទ្វារមាស និងឈឺពោះខ្លាំង ព្រមទាំងប្រាប់ថា មានទារក ឬបំណែកសុក ធ្លាក់ចេញមកក្រៅហើយ។ នៅពេលគ្រូពេទ្យពិនិត្យខាងក្នុងឃើញថា មាត់ស្បូនបើក និងមានធ្លាក់ឈាមតាមមាត់ស្បូនជារឿយៗ បង្ហាញឲ្យឃើញថា នៅមានបំណែកទារក ឬបំណែកសុកខ្លះនៅសេសសល់ក្នុងស្បូន នៅឡើយចាំបាច់ត្រូវព្យាបាលដោយការកោសស្បូន ដើម្បីយកបំណែកនៅសល់ចេញមកឲ្យអស់។
៤-ការរលូតពេញលេញ (Incomplete Abortion) ៖ ស្ត្រីមានផ្ទៃពោះ នឹងមកជួបគ្រូពេទ្យ ដោយអាការធ្លាក់ឈាមតាមទ្វារមាស និងមានទារក ឬបំណែកទារកធ្លាក់ចេញ មកក្រៅរួចហើយបន្ទាប់មកឈាមក៏ឈប់ហូរ។ ពេលពិនិត្យខាងក្នុងគ្រូពេទ្យនឹងរកឃើញថា មាត់ស្បូនបានបិទវិញហើយ ចាត់ទុកជាការរលូតពេញលេញហើយ មិនចាំបាច់ត្រូវផ្តល់ការព្យាបាលអ្វីបន្ថែមទៀតទេ។
៥-ការរលូតជាអចិន្ត្រៃយ៍ (Habitual Abortion) ៖ សម្ដៅដល់ស្ត្រីមានផ្ទៃពោះដែលមានការរលូតកូនជាប់ៗគ្នា តាំងពី៣ដងឡើងទៅចាំបាច់ត្រូវបានទទួលការពិនិត្យបន្ថែម ដើម្បីរកមូលហេតុនៃការរលូតកូនដូចជា ភាពខុសប្រក្រតី នៃក្រូម៉ូសូម ឬភាពខុសប្រក្រតីនៃរចនាសម្ព័ន្ធបន្តពូជ ភេទស្ត្រី ដើម្បីបានទទួលការព្យាបាលដ៏សមស្រប និងបង្ការការរលូតកូននៅពេលមានផ្ទៃពោះលើកក្រោយៗទៀត។
៦-ការបញ្ចប់គភ៌ ដើម្បីជួយជីវិតម្តាយ (Therpevtic Abortion) ៖ ជាការបញ្ចប់គភ៌ដោយគ្រូពេទ្យអាចធ្វើបានតាមការកំណត់របស់ច្បាប់ គឺគភ៌ អាចមានគ្រោះថ្នាក់ចំពោះសុខភាពរបស់ម្តាយ (ដូចជា ម្តាយឈឺជំងឺបេះដូងធ្ងន់ធ្ងរ បើមានគភ៌បន្តទៀត អាចមានគ្រោះថ្នាក់ដល់ជីវិត) ឬគភ៌ដែលកើតឡើងដោយសារការចាប់រំលោភ។
៧-ការរំលូតកូនខុសច្បាប់(Criminal Abortion) ៖ ជាការរំលូតកូនដោយគ្រូពេទ្យ ឬមនុស្សទូទៅដោយពុំមានការកំណត់តាមច្បាប់។ ក្រោយពីរំលូតហើយតែងតែកើតមានសភាពជ្រៀតជ្រែកច្រើន ដូចជា ឆ្លងមេរោគ ធ្លាក់ឈាម ធ្លុះស្បូន ជាដើម ដែលអ្នកខ្លះអាចធ្ងន់ធ្ងររហូតដល់ថ្នាក់បាត់បង់ជីវិតបាន។
+អាការនៃការរំលូតកូន៖
បើស្ត្រីមានផ្ទៃពោះមានអាការដូចខាងក្រោម គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលថា មានការរំលូតកូនកើតឡើងឬទេ ?
-មានធ្លាក់ឈាមស្រស់ៗ ឬសំបោរលាយឈាម ហូរចេញតាមទ្វារមាស។
-ឈឺចាប់ ឬឈឺធ្ងន់ៗនៅក្នុងពោះក្រោមផ្ចិត។
-បាត់អាការរបស់អ្នកមានផ្ទៃពោះ។
+ មូលហេតុ៖
ការរំលូតកូនមានច្រើនមូលហេតុ បែងចែកជា២ក្រុមធំៗ គឺ៖
១-មូលហេតុពីទារកក្នុងផ្ទៃ ៖ តែងតែបញ្ចប់គភ៌ តាំងពីអាយុគភ៌៣ខែដំបូង ដូចជា ៖
-មានភាពខុសប្រក្រតីរបស់ក្រូម៉ូសូម អាចកើត មានភាពខុសប្រក្រតីនៅអូវុល ឬនៅមេរូបជីវិត ឬនៅក្នុង អំឡុងពេលដែលអំប្រ៊ីយ៉ុង កំពុងផ្តាច់ខ្លួន បង្កើនចំនួនកោសិកា។ ជាមូលហេតុនៃការរលូតកូន ដែលជួបញឹកញាប់បំផុត។
-មានការលូតលាស់របស់អំប្រ៊ីយ៉ុង ក្នុងផ្ទៃ ក្រោយ ពីបដិសន្ធិខុសប្រក្រតី ដូចជា ផ្ទៃពោះខ្យល់ (Blighted Ovum) មានតែថង់ផ្ទៃពោះ ប៉ុន្តែ អំប្រ៊ីយ៉ុង បានរួញស្វិត បាត់ទៅហើយ)។
២-មូលហេតុពីម្តាយ ៖ តែងតែកើតមានការរលូតកូន ក្នុងអំឡុងពេលអាយុគភ៌ លើសពី៣ខែហើយ ដូចជា ៖
-ម្តាយឈឺរ៉ាំរ៉ៃ ធ្វើឲ្យសុខភាពមិនរឹងមាំ។
-មានការឆ្លងមេរោគធ្ងន់ធ្ងរក្នុងពេលមានគភ៌ ធ្វើឲ្យម្តាយមានគ្រុនក្តៅខ្ពស់ ដូចជា ឆ្លងមេរោគគ្រុនចាញ់ ឬរលាកតម្រងនោម។
-ម្តាយបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់។
-ម្តាយទទួលទានថ្នាំមួយចំនួន ដែលមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
-ម្តាយមានការដំណើរជីវិតមិនសមស្រប ដូចជា ជក់បារី ពិសាគ្រឿងស្រវឹង ឬកាហ្វេ ច្រើនជាង៤កែវ ក្នុង១ថ្ងៃ ការទទួលរងវិទ្យុសកម្ម ឬសារធាតុគីមីជាដើម។
-ម្តាយមានបញ្ហាមាត់ស្បូនមិនរឹងមាំ។
-ម្តាយបានទទួលគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ។
+ការវិនិច្ឆ័យជំងឺ៖
-ប្រវត្តិជំងឺ ៖ អ្នកជំងឺ មកជួបគ្រូពេទ្យដោយអាការដូចពោលខាងលើ។
-ការពិនិត្យរាងកាយ ៖ មានការពិនិត្យសំខាន់គឺ៖
៙មើលសញ្ញាជីវិត ៖ មើលថា សម្ពាធឈាមល្អឬទេ? មានគ្រុនក្តៅឬទេ ? (បើមានគ្រុនក្តៅ អាចធ្វើឲ្យសង្ស័យ លើការឆ្លងមេរោគនៅក្នុងផ្ទៃស្បូន ដែលតែងតែកើតឡើង បន្ទាប់ពីការរំលូតកូនខុសច្បាប់ ព្រោះខ្វះអនាម័យ)។
៙ការពិនិត្យពោះ ៖ មើលទំហំរបស់ស្បូន ដើម្បីប៉ាន់ប្រមាណអាយុគភ៌ និងមើលថា មានអាការឈឺពោះខ្លាំង ឬទេ ? និងមានអាការបង្ហាញដែលបញ្ជាក់ថា ត្រូវមានការវះកាត់ ជាបន្ទាន់ឬទេ ?
៙ការពិនិត្យខាងក្នុង ៖ មើលថា មានចេញឈាម តាមមាត់ស្បូនឬទេ ? មានបំណែកគភ៌ នៅក្នុងទ្វារមាស ឬជាប់នៅនឹងមាត់ស្បូន ឬទេ ? ពិនិត្យទំហំស្បូន ដើម្បី ប៉ាន់ប្រមាណអាយុគភ៌, ពេលសង្កត់ពោះមានការឈឺស្បូន ឬទេ ? ដែលបញ្ជាក់ថា មានការរលាក ឬឆ្លងមេរោគ នៅស្បូន។
+ការពិនិត្យបន្ថែមនៅបន្ទប់ពិសោធន៍ ៖
ស្ត្រីមានផ្ទៃពោះ ដែលសង្ស័យថា មានការរលូតកូន តែងតែបានទទួលការពិនិត្យបន្ថែម តាមរយៈការឆ្លុះអេកូពោះ ឬពិនិត្យតាម- ទ្វារមាស ដើម្បីធ្វើការវាយតម្លៃថា នៅមានទារកនៅក្នុងផ្ទៃឬទេ ? បើរលូតចេញមកក្រៅហើយ តើបំណែកគភ៌ ចេញ មកខាងក្រៅអស់ឬនៅ ? ចាំបាច់ត្រូវបានទទួលការព្យាបាល ដោយការកោសស្បូន ទៀតឬទេ ?
+សភាពគ្រោះថ្នាក់៖
ការរលូតកូន អាចធ្វើឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖
១-ការរលូតកូនដោយឯកឯង អាចបណ្តាលឲ្យ៖
-មានសភាពធ្លាក់ឈាមច្រើន រហូតដល់អ្នកជំងឺ មានសម្ពាធឈាមទាប ឬស្លេកស្លាំង។
-បើមានបំណែកគភ៌សេសសល់នៅក្នុងផ្ទៃស្បូន អាច ធ្វើឲ្យកើតមានការឆ្លងមេរោគក្នុងស្បូនបាន។
-ធ្វើឲ្យម្តាយ មានសភាពក្រៀមក្រំចិត្ត ពីការរលូតកូន ញឹកញាប់ មិនអាចមានកូនបានតាមសេចក្តីប្រាថ្នារបស់ខ្លួន។
២-ការរំលូតកូនខុសច្បាប់ ៖ ភាគច្រើនតែងតែធ្វើដោយបុគ្គលទូទៅ ដែលមិនមែនជាគ្រូពេទ្យ ធ្វើឲ្យការរំលូត មិនត្រឹមតែ មិនត្រូវតាមវិធីទេ តែបណ្តាលឲ្យមានសភាព គ្រោះថ្នាក់ផ្សេងៗជាញឹកញាប់ គឺ៖
៙ធ្លាក់ឈាមច្រើន ៖ ក្នុងករណីរំលូតហើយ ប៉ុន្តែ យកចេញមិនអស់។
៙ធ្លុះស្បូន៖ ដោយសារការរំលូត មានការបញ្ចូល ឧបករណ៍ដែក ឬវត្ថុចម្លែក ទៅក្នុងស្បូន ដាក់មិនត្រូវទិស ឬដាក់ជ្រៅពេក អាចធ្វើឲ្យធ្លុះស្បូន បានដោយងាយ។ -ឆ្លងមេរោគក្នុងស្បូន៖ ឧបករណ៍ដែក ឬវត្ថុចម្លែក ដែលដាក់បញ្ចូលទៅក្នុងស្បូន ដែលប្រើក្នុងការរំលូត នោះ ភាគច្រើនពុំមានអនាម័យគ្រប់គ្រាន់ តាមកម្រិត- មាត្រដ្ឋាន បណ្តាលឲ្យអ្នកជំងឺ កើតមានការឆ្លងមេរោគ បានយ៉ាងងាយ ទាំងមេរោគបាក់តេរី និងមេរោគតេតាណូស។
+ការព្យាបាល៖
ការព្យាបាលករណីរលូតកូន អាស្រ័យទៅលើប្រភេទ នៃការរលូតកូន គឺ៖
១-ការរលូត ដោយមានសញ្ញាគំរាម៖
បើពិនិត្យអេកូហើយ រកឃើញថា៖
-ទារកក្នុងផ្ទៃមានជីវិត ៖ គ្រូពេទ្យ នឹងណែនាំឲ្យស្ត្រីមានផ្ទៃពោះ ត្រឡប់ទៅគេងសម្រាកឲ្យបានច្រើន មិនធ្វើការ ធ្ងន់ និងផ្អាកការរួមភេទ។ ស្ត្រីមានផ្ទៃពោះ មួយចំនួន មិនចាំបាច់ទទួលទានថ្នាំព្យាបាលអ្វី នឹងសះស្បើយទៅវិញ ដោយឯកឯង និងអាចមានផ្ទៃពោះ ជាបន្តទៀត រហូតដល់ គ្រប់កំណត់សម្រាលបាន ខណៈដែលស្ត្រីមានគភ៌មួយចំនួន នឹងកើតមានការរលូត មិនអាចចៀសវាងបានតាមក្រោយ ទោះបីជាខំថែទាំខ្លួនបានល្អយ៉ាងណាក្តី។
-ទារកក្នុងផ្ទៃ បេះដូងលែងដើរ៖ គ្រូពេទ្យ នឹងយក បំណែកគភ៌ ចេញពីផ្ទៃស្បូន ដោយការកោសស្បូន ឬដាក់ថ្នាំសុលតាមទ្វារមាស ជំរុញឲ្យមានការបើកមាត់ស្បូន និងមានការកន្ត្រាក់ខ្លួនរបស់ស្បូន ដើម្បីបញ្ចេញបំណែកគភ៌ មកក្រៅ។
២-ការរលូតដោយមិនអាចចៀសវាងបាន និងការរលូត មិនពេញលេញ៖
មិនអាចរក្សាគភ៌ឲ្យនៅគង់វង្សបានទេ និង មានការប្រឈមនឹងការធ្លាក់ឈាមច្រើនទៀតផង។ ដូច្នេះ ត្រូវយកបំណែកគភ៌ចេញពីស្បូន ឲ្យអស់ ដោយការប្រើតង្កៀប ជួយកៀបយកចេញពីស្បូន ឬប្រើឧបករណ៍ ចូលទៅកោសក្នុងផ្ទៃស្បូន។
៣-ការរលូតពេញលេញ៖
ត្រូវពិនិត្យបំណែកគភ៌ ថា ចេញមកអស់ឬនៅ? ឬអះអាងដោយការឆ្លុះអេកូ ថា ពុំមានបំណែកគភ៌ សេសសល់ក្នុងស្បូន។ ការព្យាបាល ធ្វើឡើងដោយការសង្កេតអាការឈឺពោះ និងការធ្លាក់ឈាម ខុសប្រក្រតី តាមទ្វារមាស ជាមុន បើមានធ្លាក់ឈាម បញ្ជាក់ថា នៅមានបំណែកគភ៌ សេសសល់ក្នុងស្បូន ចាំបាច់ ត្រូវទទួលការព្យាបាល ដូចការរលូតកូនមិនពេញលេញដែរ៕