សក់របស់អ្នកជាប្រភពនៃភាពខ្មាសអៀនមួយ ឬក៏ជាផ្នែកមួយនៃសម្រស់ផ្ទាល់ដែលអ្នកត្រូវតែគិតគូរ។ វិធីដែលអ្នកលេងស្តាយល៍សក់ (ឬក៏មិនលេងស្តាយល៍ទេ) វាបានផ្សាភ្ជាប់ទៅនឹងអត្តចរិតខាងក្នុងរបស់អ្នករួចទៅហើយ។ ហើយអ្វីដែលនឹងប្រែប្រួលទៅតាមពេលវេលា ខណៈ ដែលអ្នកមានវ័យកាន់តែចាស់ទៅៗ។ បុរសភាគច្រើនគិតថាពួកគេយកចិត្តទុកដាក់ថែទាំសក់របស់ខ្លួនយ៉ាងខ្លាំងតែពេលខ្លះក៏មានការខកចិត្តដែរដោយសារតែជាងកាត់សក់ច្នៃម៉ូដជ្រុលពេក។ ចូរអ្នកកុំឲ្យជួបរឿងបែបនោះ។
១-ទុកសក់វែងពេក
បើយោងទៅតាមសម្តីរបស់លោក Dan Cleaver ជាអ្នកនិយមស្តាយល៍នៅទីក្រុងញូវយ៉ក បានឲ្យដឹងថា អ្នកមិនគួរធ្វើខ្លួនឲ្យមើលឃើញហាក់ដូចជា ទើបតែកាត់សក់នោះទេ។ គាត់និយាយថា កំហុសដែលតែងតែកើតមានឡើងជាធម្មតានោះ គឺការទុកសក់រហូតដល់វែងពេកហើយសំពីងសំពោងពេកមុនពេលអ្នកទៅកាត់សក់។ ដើម្បីចៀសវាងបញ្ហានេះអ្នកគួរតែកាត់សក់ជារៀងរាល់ពី២ ទៅ៣សប្តាហ៍ ហើយបន្ទាប់មកទៀតគួរកាត់ម្តងក្នុងមួយខែ។
២-ប្តូរម៉ូដសក់ពេក
ការព្យាយាមផ្លាស់ប្តូរម៉ូដសក់ខ្លាំងពេកអាចជារឿងមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ភ័យខ្លាចខ្មាសគេ។ វាអាចនឹងមិនថ្វីទេពេលកាត់ភ្លាមៗប៉ុន្តែពេលក្រោយមកទៀតអ្នកប្រហែលជាអាចនឹងទទួលរងដោយការ សម្លក់ សម្លឹង ឬក៏នឹងអាចទទួលរងប្រតិកម្មតបពីសំណាក់សហការីជាមិនខាន។ លុះត្រាតែអ្នកជាមនុស្សដែលមិនសូវចេះខ្មាសអៀនច្រើន ទើបអាចផ្លាស់ប្តូរស្តាយល៍សក់បានបន្តិចម្តងៗ។ ប្រសិនបើអ្នកចង់ កាត់សក់ម៉ូដ ស្រួចទៅលើចូរកុំកាត់ទុកវែងពេក ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរទៅរកម៉ូដដើមធម្មតាវិញ ប្រសិនបើអ្នកគិតថាវាខ្លីពេក។
៣-សិតសក់បែបបុរាណពេក
ការផ្លាស់ប្តូរម៉ូដសក់ម្តងហើយម្តងទៀត គឺជាវិធីដ៏ល្អបំផុតក្នុងការទាក់ទាញចំណាប់អារម្មណ៍ស្ត្រី និងដើម្បីធ្វើវាឲ្យក្លាយទៅជាទម្លាប់ប្រចាំថ្ងៃទៀតផង។ បើតាមសម្តីរបស់លោក James Flint ដែលជាអ្នកអះអាងថាខ្លួនជាអ្នកជំនាញខាងហ្វេហ្សិននោះ បានឲ្យដឹងថា បុរសភាគច្រើនមានកំហុសឆ្គងក្នុងការ ជ្រើសរើសម៉ូដសក់បែបចាស់បុរាណពេកសម្រាប់ខ្លួន ដូច្នេះប្រសិនបើអ្នកមានអាយុតិចជាង៥០ឆ្នាំ អ្នកគួរតែ សិតសក់វែកភ្លីទៅខាងឆ្វេងដោយប្រើជែលលាបសក់។
៤-នៅស្ងៀមស្ងាត់ពេក
ប្រសិនបើអ្នកអង្គុយលើកៅអី ហើយសង្កេតមើលជាងកាត់សក់ និងលួចខឹងគេថា គេកំពុងកាត់សក់របស់អ្នកឲ្យខ្លីពេក នោះវាជាកំហុសមួយដែលមិនបានប្រាប់គេ។ សុភាពបុរសភាគច្រើន តែងតែនៅស្ងៀមពេលកាត់សក់ដោយសារខ្លាចជាងខឹងនឹងខ្លួន ប៉ុន្តែពេលកាត់សក់ហើយរួចរាល់ ពួកគេអាចនឹងមានអារម្មណ៍ថាមិនចូលចិត្តម៉ូដសក់ខ្លួនឯងជាមិនខាន។ ជាងកាត់សក់គេមិនអាចដឹងពីចំណង់ចំណូលចិត្តរបស់អ្នកទេ ដូចនេះចូរអ្នកប្រាកដក្នុងចិត្តនូវម៉ូដសក់ អ្វីដែលអ្នកចូលចិត្ត ហើយប្រាប់ឲ្យគេកាត់តាមម៉ូដដែលអ្នកចូលចិត្ត។
គន្លឹះបន្ថែម
មានមូលហេតុមួយដែលហាងកាត់សក់ភាគច្រើនមានទស្សនាវដ្តី សម្រាប់ឲ្យអ្នកជ្រើសរើសម៉ូដសក់តាមមុន ពេលកាត់សក់ម្តងៗ។ យើងសំណូមពរឲ្យអ្នករកមើលម៉ូដសក់ឲ្យហើយមុនពេលកាត់សក់។ អ្នកអាចរកមើលម៉ូតសក់តាមអ៊ីនធឺណេតក៏បានដើម្បីកុំឲ្យស្ទាក់ស្ទើរពេលទៅដល់ហាង ។ សង្កេតមើលពីរបៀបដែលគេរចនាម៉ូដ សក់របស់យើងនៅហាងផង ដើម្បីយើងអាចយកម៉ូដនោះមកសិតតាមនៅផ្ទះពេលក្រោយទៀត៕