ខេត្តកំពង់ចាម : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសលែងមេ និងកូនត្រី ចូលទៅក្នុងអាងធម្មជាតិកាលពីម្សិលមិញបានធ្វើការជំរុញឲ្យមានការបង្កើនការចិញ្ចឹមត្រី និងការជំរុញឲ្យមានការលែងកូនត្រីឲ្យបានច្រើននៅតាមបឹងព្រែកធម្មជាតិឲ្យបានច្រើនដោយមិនចាំបាច់តែទិវាមច្ឆជាតិនោះទេ។ ជាមួយនោះសម្តេចតេជោ បានធ្វើការអំពាវនាវទៅកាន់ពលរដ្ឋដែលមាន៧ចំណុចសំខាន់ដែលពាក់ព័ន្ធទៅដល់ការអភិរក្ស និងការធ្វើឲ្យចំនួនត្រីនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងដើម្បីបំពេញឲ្យសេចក្តីត្រូវការហូបចុករបស់ប្រជាជនតាមមូលដ្ឋាន។
ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០១៥ ដែលត្រូវបានប្រារព្ធនៅអាងទឹកខ្នាច ក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការប្រលែងកូនត្រីចម្រុះចំនួន ១លាន ក្បាល និងកូនបង្កង ១សែនក្បាល និង មេត្រីពូជមួយចំនួនចូលទៅក្នុងអាងស្តុក ទឹកក្តុល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ទិវាមច្ឆជាតិនេះមិនធ្វើតែថ្ងៃទី១ កក្កដានេះទេ គឺត្រូវធ្វើនៅពេលវេលាជាច្រើន និងទីកន្លែងជាច្រើនទៀតដើម្បីធ្វើឲ្យ ទន្លេ ស្ទឹង បឹងបួរបស់កម្ពុជា សម្បូរ ទៅដោយត្រី។ សម្ដេចតេជោបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមទាំងឡាយក្នុងការអភិរក្សធនធានមច្ឆជាតិ និងផ្នែកវារីវប្បកម្មដោយហេតុថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំនួនកើនឡើងផ្ទុយទៅវិញ ផ្ទៃទឹកដែលជាជម្រកត្រីកាន់តែរួម និងរាក់ទៅគួបផ្សំនឹងបញ្ហាបទល្មើសនេសាទការប្រើឧបករណ៍ខុសច្បាប់ទៀតនោះបានធ្វើឱ្យផលត្រីថយចុះមិនអាចបម្រើឱ្យរបបហូបចុករបស់ប្រជាពលរដ្ឋកម្ពុជាដែលមានទម្លាប់បរិភោគត្រីច្រើននោះ ដូច្នេះការចិញ្ចឹមត្រីនិងវារីសត្វផ្សេងៗទៀតនោះគឺជាកិច្ចការដែលចាំបាច់ត្រូវយកចិត្តទុកដាក់ធ្វើជាប្រចាំគ្រប់ពេលវេលាដោយមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិមួយថ្ងៃនេះទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការថយចុះនៃផលត្រីពីមួយឆ្នាំទៅមួយឆ្នាំគឺកើតឡើង ដោយកត្តាសត្យានុម័តផង និងកត្តាអន្តនោម័តិផង។ កត្តាសត្យានុម័តគឺចំនួនប្រជាពលរដ្ឋមានចំនួនកើនឡើងចំណែកបឹងត្រពាំងទន្លេរបស់យើងកាន់តែរីងរាក់ទៅដោយសារតែបាតុភូតធម្មជាតិការហូរច្រោះដី និងការគោករាក់។ ដើម្បីការពារនិងបង្កើនទិន្នផលធនធានមច្ចាជាតិសម្តេចតេជោ ហ៊ុន សែន បាន ធ្វើការអំពាវនាវជាថ្មីចំពោះពលរដ្ឋនៅទូទាំងប្រទេសជាមួយនឹងអនុសាសន៍ចំនួន៧ ចំណុច ដែលសម្តេចធ្លាប់បានអំពាវនាវកាលពីឆ្នាំ២០១២ នៅក្នុងខេត្តកំពង់ចាម អនុសាសន៍នោះរួមមាន ទី១.សុំកុំប្រើ ឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើ ឧបករណ៍ឆក់ត្រី ។ ទី២.កុំចាប់ត្រីក្នុងរដូវហាមឃាត់គឺក្នុងរដូវត្រីពង ។ ទី៣.សូមកុំ កាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន។ ទី៤.ជួយផ្ដល់ព័ត៌មានអំពីជនខិលខូច និងមន្ត្រីខិលខូចដែលចូលទៅនេសាទ ឬពាក់ព័ន្ធ ក្នុងតំបន់អភិរក្ស។ ទី៥.កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទដូចជាយកទៅដាំឈូក និងចាក់ដីលុបជា ដើម។ ទី៦ កុំឲ្យមានទំនាស់រវាងពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ ដែនទឹកជាមួយពលរដ្ឋដែលមកធ្វើនេសាទ នៅតំបន់របស់ខ្លួនគឺត្រូវចែកគ្នារស់ទាំងអស់គ្នានិងទី៧. សូមចូលរួមឱ្យ សកម្មក្នុងទិវាមច្ឆជាតិ១កក្កដាជារៀងរាល់ឆ្នាំដែលជាទិវាជំរុញវារីវប្បកម្មឲ្យកាន់តែទូលំទូលាយ និងចូលរួមការពារត្រី និងជីវចម្រុះដែល ជិតផុតពូជ។ ជាមួយគ្នានេះដើម្បីធ្វើឲ្យការអនុវត្តអនុសាសន៍ទាំង៧ ទទួលបាន ជោគជ័យត្រូវតែមានអាជ្ញាធរខេត្តសមត្ថកិច្ច ខេត្តចួលរួមជាមួយពលរដ្ឋទប់ស្កាត់កុំឲ្យមានការបំពានលើច្បាប់ទើបសម្រេចបាននូវជោគជ័យព្រោះជលផលតែមួយមិន អាចទប់ស្កាប់បាននោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ សាជាថ្មីទៅកាន់ពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេសនូវកំណែទម្រង់ឡូត៍នេសាទរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាប់ផ្ដើមយ៉ាងស៊ីជម្រៅតាំងពីឆ្នាំ២០០០ មក។ ដោយសារមើលឃើញការលំបាករបស់ ពលរដ្ឋរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ផ្ដាច់ព្រាត់មួយក្នុងឆ្នាំ២០១១ ដោយបានបង្ក្រាបសកម្មភាពអាណាធិបតេយ្យក្នុងតំបន់ទន្លេសាបបូកបន្ថែម និងការផ្អាកនូវការធ្វើអាជីវកម្មនៅក្នុងតំបន់នេសាទឡូត៍នេសាទជាបណ្ដោះអាសន្នដែលបានធ្វើឲ្យផលត្រីសម្បូរឡើងវិញ។ ក្នុងស្ថានភាពនេះសម្ដេចថ្លែងដោយសុទិដ្ឋិនិយមនិងដោយមោទនភាពថា«ច្បាស់ណាស់ថា ពលរដ្ឋបានទទួលផលប្រយោជន៍ពិតប្រាកដពីកំណែទម្រង់ឡូត៍នេសាទរបស់រាជរដ្ឋាភិបាល»។ ច្នេះហើយបានជាសម្ដេចផ្ទាល់ក្នុងនាមរាជរដ្ឋាភិបាលក្នុងនាមគណបក្សប្រជាជនដែលជាបក្សកាន់អំណាចបានចាប់ផ្ដើមធ្វើកំណែទម្រង់ស៊ីជម្រៅផ្ដាច់ព្រាត់ដោយមិនរាថយចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ កន្លងទៅ ដោយលុបបំបាត់ចោលឡូត៍នេសាទទាំងអស់មិនឲ្យពួកថៅកែគ្រប់គ្រងទៀតហើយឡូត៍នេសាទទាំងនោះតំបន់នេសាទទាំងនោះត្រូវតែជាតំបន់នេសាទសម្រាប់តែប្រជាជនតែប៉ុណ្ណោះ។
ការធ្វើកំណែទម្រង់នេះបានលុបបំបាត់ទាំងស្រុងនូវស្ថានភាពថៅកែឡូត៍នេសាទនៅក្នុងប្រទេសកម្ពុជាដែលមានរយៈពេល១០៤ ឆ្នាំចាប់តាំងពីឆ្នាំ១៩០៨មកនោះ។ គួរបញ្ជាក់ថានេះជាលើកទី១៣ ហើយដែលទិវាមច្ឆជាតិនេះត្រូវបានរៀបចំឡើងហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាតែងតែអញ្ជើញចូលរួមក្នុងគោលបំណងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយពលរដ្ឋ និងបំផុស ចលនាពលរដ្ឋគ្រប់ៗរូបឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាពូជត្រីក៏ដូចជាវារីជាតិផ្សេងៗទៀតឱ្យមាននៅក្នុងដែនទឹកធម្មជាតិផងព្រមទាំងបង្កើតផលត្រីនៅតាមតំបន់ ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាលទំនាបនិងវាលស្រែក្នុងទូទាំងប្រទេស ដើម្បីធានាឱ្យមានផលត្រីនៅតាមតំបន់ជនបទ។
យោងតាមរបាយការណ៍របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅរាជរដ្ឋាភិបាលបានសម្រេចលប់ឡូតិ៍នេសាទចំនួន១៥៨ ឡូតិ៍ ដែលមានផ្ទៃសរុប៩៥៣.០០០ ហិកតាក្នុងនោះបានកាត់ជូនប្រជាពលរដ្ឋចំនួន ៨៥៦. ២៣៧ ហិកតាស្មើនឹងប្រមាណ៩០ភាគរយនិងរក្សាទុកជាកន្លែងអភិរក្សជលផលស្មើនឹង៩៧.៥០០ហិកតាស្មើ ១០ ភាគរយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា រហូត មកដល់ឆ្នាំ២០១៤ សហគមន៍នេសាទ ចំនួន៥១៦ ត្រូវបានបង្កើតឡើងក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន ៤៧៧ និងសហគមន៍នេសាទសមុទ្រចំនួន ៣៩ ហើយ ក្នុងនោះសហគមន៍នេសាទចំនួន ៣៦០ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទរួចហើយ។ ជាមួយនេះបានរៀបចំ សហគមន៍នេសាទគ្មានបទល្មើសចំនួន ២៨សហគមន៍ផងដែរ។ ធនាគារក្ដាម៣៤ កន្លែងត្រូវបានបង្កើតឡើងដែលធ្វើឱ្យក្ដាមសេះមានបរិមាណកើនឡើង៤ដង។ លើការបង្ក្រាបបទល្មើសជលផលក្នុងឆ្នាំ២០១៤បានបង្ក្រាបបទល្មើសបានចំនួន៣.៦៦២ ករណី ធៀបនឹងឆ្នាំមុន ថយចុះចំនួន ១៤។
អាងទឹកខ្នាចដែលប្រារព្ធទិវាមច្ឆជាតិនេះមានទំនប់ទ្វាររំដោះទឹកប្រព័ន្ធស្រោចស្រព និងប្រឡាយជាច្រើនខ្សែដែលបានសងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៧៦ និងបានបញ្ចប់ ក្នុងឆ្នាំ១៩៧៧ ក្នុងសម័យរបបកម្ពុជាប្រជា ធិបតេយ្យ។ ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ តំបន់នេះនៅជួបបញ្ហាសង្គ្រាមស៊ីវិលជាបន្តបន្ទាប់អូសបន្លាយអស់រយៈពេលជិត២០ឆ្នាំដែលបានធ្វើឱ្យអាងទឹកនេះទទួលរងនូវការខូចខាត និង ខ្វះការថែទាំ។ ស្ថិតក្នុងស្ថានភាពនេះអាងទឹកត្រូវបានស្តារនិងសាងសង់ឡើងវិញនៅឆ្នាំ២០១៤ ដោយក្រសួងធនធានទឹក និងឧតុនិយម។
បច្ចុប្បន្ននេះអាងទឹកក្តុលមានទំហំផ្ទៃទឹកប្រមាណ២១៥ ហិកតាមានធារទឹក ប្រមាណ ៦,៧ លានម៉ែត្រត្រីគុណ និង មានជម្រៅជាមធ្យម ២ ម៉ែត្រនៅរដូវប្រាំង និង១០ ម៉ែត្រនៅរដូវវស្សាដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែវស្សាជាង ៦៧០ហិកតា ក្នុងឃុំចំនួន២ គឺឃុំទួល ព្រះឃ្លាំង និងឃំ់ព្រែកបាក់ដែលមានប្រជាពលរដ្ឋរស់នៅចំនួន១.៤៥២ គ្រួសារ៕