កក្តាអ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ប្រពន្ធ​មាន​សហាយ

, , Leave a comment

1948054_413278462149814_1503024725_n

​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​បែកបាក់ គឺ​ប្រពន្ធ​ខ្ញុំ​មាន​សហាយ​! ប្រយោគ​នេះ​ចាត់ទុកថា សែន​ហួសហេតុ និង​មហា​អាក្រក់​សម្រាប់​ស្ដ្រី​ខ្មែរ​ទូទៅ​។ បុរស​ដែល​ត្រូវ​ប្រពន្ធ​មាន​ប្រុស​សហាយ​នោះ​ស្ទើរតែ​ជ្រែក​ឈ្មុល​ចូលទៅក្នុង​ដី​ឲ្យ​បាត់ ព្រោះ​ពិបាក​នឹង​ទ្រាំទ្រ​ចំពោះ​ភាពអាម៉ាស់​ក្រោម​ខ្សែ​ភ្នែក​អ្នកដទៃ​។ ស្ដ្រី​លួចលាក់​ស្នេហា​ជាមួយនឹង​បុរស​ផ្សេង​ក្រៅ​អាពាហ៍ពិពាហ៍​ចាត់ទុកជា​កំហុស​ពិបាក​នឹង​លើកលែងទោស​ឲ្យ​ណាស់​សម្រាប់​ស្ដ្រី​ខ្មែរ​។ សង្គម​បាន​ចាត់ទុកថា នេះ​ជាការ​ប្រ​ព្រឹ​ត្ដិ​ខុស​នឹង​វប្បធម៌​ប្រពៃណី សីលធម៌ និង​ច្បាប់​ប្ដី​មួយ​ប្រពន្ធ​មួយ​។​

 

​អ្នកណាៗ ក៏​យល់ស្រប​ដែរ​ថា​ជា​កំហុស​របស់​ស្ដ្រី ប៉ុន្ដែ​បើ​យើង​សាកល្បង​ចោទសួរ​ទៅវិញ​ថា ៖ “​តើ​ហេតុអ្វី​បានជា​ស្ដ្រី​មាន​សហាយ បើ​នាង​កំពុងមាន​ប្ដី​រស់ក្នុង​ចំណងអាពាហ៍ពិពាហ៍​នោះ​?” សំណួរ​នេះ​សូម​បុរស​ជា​ប្ដី​ងាក​មក​ចាប់អារម្មណ៍ និង​រិះរក​ចម្លើយ មក​ឆ្លើយ​ឲ្យ​បាន​សមស្រប​ផង​។ តាម​ការសិក្សា​របស់​អ្នក​ចិ​ត្ដ​សាស្ដ្រ​ទៅលើ​បញ្ហា​គ្រួសារ​ដែល​បាន​លែងលះគ្នា ព្រោះតែ​បញ្ហា​មាន​សហាយ​នេះ​ត្រូវបាន​គេ​រកឃើញថា មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធ​មាន​សហាយ​ក្បត់​ចិ​ត្ដ​ប្ដី​នោះ​។​

 

១-​ការ​គ្មាន​តុល្យភាព​ខាង​ជីវភាព​ផ្លូវភេទ​
​ប្រការ​ដែល​គូ​ប្ដី​ប្រពន្ធ​លើក​យកមក​ប្រឹក្សា​គ្នា ដូចជា​ពិភាក្សា​អំពី​រសជាតិ ស្នេហា តើ​ទាំងពីរ​នាក់​នឹង​ចូល​ចិ​ត្ដ​បែបណា ឬ​តើ​គប្បី​នឹង​កែច្នៃ​ទំនាក់ទំនង​នោះ​យ៉ាងម៉េច ដើម្បី​រកឃើញ​ភាព​ផ្អែមល្ហែម​បន្ថែមទៀត ទប់ស្កាត់​ស្នេហា​របស់​គូ​ខ្លួន​កុំ​ឲ្យ​ជិនណាយ ឬ​សាកសួរ​គ្នា​អំពី​បណ្ដា​ប្រការ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិនបាន​ទៅដល់​ចំណុច​ពេញចិត្ដ ក្នុងនោះ​មាន​ទាំង​ឥរិយាបថ ពេលវេលា និង​ទីកន្លែង​ផងដែរ​។ ទាំងអស់នេះ​សុទ្ធ​តែមាន​ផលប្រយោជន៍​ដល់​ការគ្រប់គ្រង​គូជីវិត​របស់ខ្លួន​ឲ្យ​សោយសុខ​ក្នុង​សុភមង្គល​។ យើង​នឹង​ឃើញថា ការរស់នៅ​រួមគ្នា​របស់​មនុស្ស​ពីរ​នាក់​ដែលមាន​ជីវិត​ពីរ​ចាំបាច់​ត្រូវមាន​តុល្យភាព​នឹង​គ្នា បើ​មិន​ច្រើន​ក៏​មិន​ឲ្យ​តិចពេក​ដែរ និង​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជីវិត​ទាំង​គូ​នេះ​មានការ​ខុសប្លែកគ្នា​ពេក​រហូតដល់​ភាគី​ណា​ម្នាក់​មិនអាច​ទទួលបាន​នោះ​។ ជាការ​ប្រាកដ​ណាស់​ប្រសិនបើ​ធានា​មិនបាន​តុល្យភាព​សម្រាប់​គូជីវិត ឬ​ការខុសប្លែក​គ្នា​ដល់​ថ្នាក់​ទទួល​មិនបាន ពិតជា​បញ្ហា “​មាន​សហាយ​” អាច​កើតមានឡើង​ដែរ​។ ផ្លូវ​ដែល​ត្រូវ​ដើរ​នោះ គឺ​អ្នក​ទាំងពីរ​គប្បី​បើកចំហ​ចិ​ត្ដ​ឲ្យ​គ្នា​បង្ហើប​មាត់​និយាយ ផ្ដោះផ្ដង​គ្នា​តែម្ដងទៅ ថា​តើ​រៀងៗ​ខ្លួន​ចូល​ចិ​ត្ដ​ដូចម្ដេច និង​មិន​ចូល​ចិ​ត្ដ​យ៉ាងម៉េច រួចហើយ​ទាំងពីរ​នាក់​រួមគ្នា​រក​ផ្លូវ​ដោះស្រាយ​។​

 

២-​ប្ដី​គ្មាន​ពេលវេលា​សម្រាប់​គ្រួសារ​
​មានគ្រួសារ​ខ្លះ​បុរស​ឧស្សាហ៍​ការងារ ឬ​ឧទ្ទិស​ខ្លួន​ដល់​សង្គម​វីវក់​ជ្រុល​ពេក​ដល់​ថ្នាក់ ព្រលឹម​ចេញ​ព្រលប់​ចូល មួយ​សប្ដាហ៍​គ្មាន​សៅរ៍​អាទិត្យ​។ ក្នុង​ខួរក្បាល​របស់​បុរស​ជា​ប្ដី​មានតែ​រឿង​ការងារ​! ការងារ​! និង​ការងារ​! ចប់​ពី​ការងារ​ក៏​ទៅ​ជប់លៀង​នៅទីនេះ​នៅ​ទីនោះ​។ ទោះ​បុរស​ធ្វើ​យ៉ាងនេះ​ក៏ ព្រោះ​ដើម្បី​ឈានមុខ និង​ឲ្យ​ឋានៈ​គ្រួសារ​ប្រសើរឡើង​។ ប៉ុន្ដែ​សូម​ក្រើន​រម្លឹកថា កុំ​បណ្ដោយ​ឲ្យ​ភាព​អផ្សុក​កណ្ដោចកណ្ដែង​រប​ស់​ប្រពន្ធ​ដល់​ថ្នាក់​ជំរុញ​បង្ខំ​ឲ្យ​នាង​ធ្វើ​អ្វីដែល​នាង​មិន​ចង់​ធ្វើ​។ ប្រពន្ធ​ដែល​រង់ចាំ​នៅឯ​ផ្ទះ​ក៏​ជា​មនុ​ស្សមាន​ប្រមាត់ មាន​បេះដូង មាន​ស្នេហា និង​មាន​សេចក្ដីប្រាថ្នា​ដែរ​។​

 

៣-​បញ្ជោះបន្សោក ឬ​សងសឹក​តប​ប្ដី​វិញ​
​អាច​និយាយបានថា វិធី​បញ្ជោះបន្សោក​របស់​ស្ដ្រី​(​ឬ​ការធ្វើ​ត្រាប់​តាម​ប្ដី ដើម្បី​ជាការ​សងសឹក​) ក៏​ជា​ហេតុផល​មួយ​កំពុងតែ​កើតមាន​ក្នុងសង្គម​សព្វថ្ងៃនេះ និង​អាច​កើតមាន​ច្រើន​ទៀត​ទៅតាម​ដង្ហើម​រីកចម្រើន របស់​សង្គម​ក្នុងពេល​អនាគត​។ សព្វថ្ងៃនេះ ស្ដ្រី​ផិត​ក្នុង​ចំណងអាពាហ៍ពិពាហ៍​បានចាប់ផ្ដើម​ឡើង ដោយសារ​ខាង​ភាគី​បុរស​ដែល​បាន​ទៅរក​សេចក្ដីសុខ​ជាមួយ​របស់​ចម្លែក​ប្លែក​មាត់​នៅ​ខាងក្រៅ​ផ្ទះ​។ ប្រពន្ធ​ខ្លះ​ដែល​ជួបនឹង​ស្ថានភាព “​ប្ដី​ភ្លេច​បាយ​ផ្ទះ​” បាននាំគ្នា​គិត​ងាយៗ​ថា ៖ “​គេ​ធ្វើបាន​រឿង​អី​យើង​ធ្វើ​មិនបាន​។ អាច​និយាយបានថា ស្ដ្រី​បរិភោគ​ខាងក្រៅ​ផ្ទះ​អាច​ខុស​មកពី​បុរសៗ​ជា​អ្នក​បង្រៀន ឬ​ជា​អ្នក​ផ្ដើម​មុន​។ ទន្ទឹម​នោះ​មាន​បុរស​ខ្លះ​ពុំ​បានគិត ឬ​មើលឃើញថា “​ការ​មាន​ស្រី​ជា​កំហុស​ខុសឆ្គង ឬ​ជាការ​ផិត​ក្នុង​អាពាហ៍ពិពាហ៍​របស់ខ្លួន​នោះទេ​!” ឬ​ពុំបាន​គិតដល់​ផ្លូវ​ចិ​ត្ដរបស់​ប្រពន្ធ​ដែល​ទ្រាំទ្រ​ចុកចាប់​ប៉ុណ្ណា​ជាមួយនឹង​ការ​ផិត​នេះ​នោះទេ​។ ប៉ុន្ដែ​បើ​រឿង​ដូចគ្នានេះ​ដែល​ខាង​ស្ដ្រី​ជា​អ្នក​ប្រ​ព្រឹ​ត្ដ​វិញ​បុរស​បែរជា​ខឹងច្រឡោត​តូងតាង​រករឿង​ទាត់​ធាក់​កាប់​ចាក់​បាញ់ប្រហារ និង​លែងលះ​។ ចំណុច​ត្រង់​នេះហើយ​ដែល​អាច​ឲ្យ​មើលឃើញថា ៖ «​បុរសៗ​មិនអាច​ធ្វើ​ចិ​ត្ដ​ដូចជា​ស្ដ្រី​បានឡើយ​! ស្ដ្រី​អាច​ខាំមាត់​អត់ធន់​បាន​ខ្លះ​នៅពេល​បានដឹងថា ប្ដី​មាន​ស្រី​នៅ​ខាងក្រៅ​!»​។​

 

៤-​ខ្វះ​ការជឿជាក់​ទៅលើ​បរិស្ថាន​គ្រួសារ​
​បរិស្ថាន​គ្រួសារ​នៃ​សង្គម​សព្វថ្ងៃ​មានការ​ប្រែប្រួល​ខុសពី​ដើម​ច្រើនណាស់​។ ស្ដ្រី​មួយចំនួន​ដោយសារតែ​ការ​ឈ្លក់​វង្វេង​នឹង​វប្បធម៌​បរទេស តាមរយៈ​ខ្សែ​វីដេអូ​ដែល​បាន​បញ្ចាំង​នោះ ដែល​ឃើញតែ​កើតមាន​បញ្ហា ដណ្ដើម​ប្ដី​ដណ្ដើម​ប្រពន្ធ​គ្នា​ដល់​ថ្នាក់​ប្រើ​ហិង្សា​គ្រប់យ៉ាង​រហូតដល់​អំពើ​ខ្លះ​ជា​បទឧក្រិដ្ឋ​ទៀតផង​ធ្វើយ៉ាងណា​ឲ្យ​តែ​ដណ្ដើមបាន​ស្ដ្រី ឬ​បុរស​នោះ​មកជា​របស់ខ្លួន​។ ក្នុង​សាច់រឿង​វីដេអូ​ទាំងនោះ​តែង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ភាពមិនស្មោះត្រង់​ចំពោះ​ប្ដី ចំពោះ​ប្រពន្ធ ចំពោះ​កូន ឬ​ចំពោះ​គូស្នេហ៍​។ គ្រប់ពេលវេលា​ទាំងអស់​តែងតែ​ប្រទះ​នឹង​សាច់រឿង​ផិត រហូតដល់​ការ​ឃើញ​ញឹកញាប់​នោះបាន​ក្លាយទៅជា​រឿង​ធម្មតា​ស៊ាំ​ក្នុង​អារម្មណ៍​។ ដូចនេះ​ក៏​យល់ឃើញថា “​ការ​ផិត​ក្នុង​អាពាហ៍ពិពាហ៍​”​ជា​រឿង​ធម្មតា​។ ស្ដ្រី​ខ្លះ​មាន​អារម្មណ៍​ដក់​ជាប់ ទៅតាម​រូបភាព​ខ្សែ​រឿង ទើប​នៅក្នុង​ជីវភាព​រស់នៅ​ក៏​ចេះតែ​បណ្ដោយ​ឲ្យ​ខ្សែជីវិត​ឆ្លងកាត់​ស្នេហា ពីមួយ​ទៅមួយ​តាម​តម្រាប់​កុន ល្ខោន​។​

 

៥-​មនុស្ស​ថ្មី​ត្រូវ​ចិ​ត្ដ​ជាង​
​ស្ដ្រី​ជាច្រើន​បាន​ជឿជាក់ថា គូស្នេហ៍​ដែល​បាន​ឈានទៅដល់​អាពាហ៍ពិពាហ៍​ជាមួយនឹង​នាង គឺជា​បុរស​ដែល​នាង​ស្វែងរក​។ ប៉ុន្ដែ​នៅពេល​រួមរស់​ជាមួយនឹង​គ្នា​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​យូរៗ​ទៅ និង​ដោយ​ចៃដន្យ ស្ដ្រី​បាន​ជួបនឹង​មនុស្ស​ថ្មី ម្នាក់ទៀត ស្រាប់​ធ្វើ​ឲ្យ​នាង​មានការ​ពេញចិត្ដ​មនុស្ស​ថ្មី​ជាង​ប្ដី​របស់​នាង​ទៅទៀត​។ នាង​បានឃើញ​បុរស​ថ្មី​ម្នាក់​នោះ​មានគុណ​សម្បត្ដិ ច្រើនជាង​ប្ដី​របស់​នាង​។ នៅក្នុង​ស្ថានភាព​រំជួល​ចិ​ត្ដ​យ៉ាងនេះ ប្រសិនបើ​ស្ដ្រី​នោះ​មាន​សីលធម៌ និង​កម្លាំង​ចិ​ត្ដ​អាច​នឹង​ទប់​ប្រាណ​នាង​បាន ព្រោះ​នាង​គិតថា នាង​ជា​ស្ដ្រី​មាន​ប្ដី​រួចទៅហើយ​! នាង​មិន​អាចធ្វើ​អ្វី​បាន​ទៀតឡើយ​នៅក្នុង​ចំណងអាពាហ៍ពិពាហ៍​នេះ​។ ប៉ុន្ដែ​ក៏មាន​ស្ដ្រី​ខ្លះ​អាច​នឹង​បណ្ដោយ​ចិ​ត្ដ​បណ្ដោយ​កាយ​ឲ្យ​ភ្លើតភ្លើន ទៅតាម​ការ​ញ័រ​រំជួល​របស់​បេះដូង​ផងដែរ ហើយ​ពេលនោះ​នាង​ក៏​ធ្លាក់​ទៅក្នុង អន្លង់​មាន​សហាយ​៕

  140122_21b

 

Leave a Reply

(*) Required, Your email will not be published