រាជធានីភ្នំពេញ : ថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋបានរៀបរាប់ពីតម្លៃអគ្គិសនីដែលចេះតែកើនឡើងថ្លៃហួស ដែលជាហេតុធ្វើឲ្យអ្នករស់នៅទីក្រុងភ្នំពេញភាគច្រើន លើកឡើង ហើយរអ៊ូរទាំគ្រប់ៗគ្នា។ អ្នករអ៊ូរទាំទាំងនោះបានលើកជាចម្ងល់ថា នៅក្នុងផ្ទះមិនមានប្រើអ្វីបន្ថែមលើសពីមុនទេ បែរជាគីឡូភ្លើងឡើងលើសមុនច្រើនទៅវិញ។
ចំណែកអ្នកខ្លះទៀត លើកឡើងថា នៅពេលនេះ ពេលដែលអគ្គិសនីកម្ពុជា EDC តភ្ជាប់ភ្លើងតម្លើងទាប ត្រឹមតែ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងឲ្យដល់អ្នកជួលបន្ទប់ក៏ស្រាប់តែភ្លើងនៅតាមផ្ទះបែរជាឡើងគីឡូលើសដើមទៅវិញ។ អ្នកធ្លាប់ប្រើភ្លើងស្ទើរតែគ្រប់គ្នាបានលើកឡើងថា ឡើងថ្លៃ១ទ្វេរគុណ ពោលគឺបើធ្លាប់អស់ជាង១០ម៉ឺនរៀល គឺខែថ្មីនេះ ត្រូវអស់ដល់ជាង២០ម៉ឺនរៀល។ រីឯអ្នកខ្លះទៀត ដែលប្រើប្រាស់អស់ត្រឹមមួយខែជាង៣០ម៉ឺនរៀល គឺខែថ្មីនេះ ឡើងដល់ជាង៥០ម៉ឺនរៀល។
ករណីភ្លើងឡើងគីឡូលើសដើម នៅពេលទៅប្តឹង EDC គឺបុគ្គលិកទាំងនោះ ប្រើអប្បកិរិយា ដូចជាស្តេច និងមិនគួរឲ្យគោរពសោះ។ ក្រៅពីនោះ គេបានតម្រូវឲ្យអ្នកប្តឹងតវ៉ា ត្រូវបង់លុយ១ម៉ឺនរៀល ដើម្បីឲ្យមន្ត្រីជំនាញ ចុះទៅពិនិត្យកុងទ័រ។ ប៉ុន្តែពេលពិនិត្យរួចហើយនោះ ក៏គ្មានអ្វីប្រែប្រួលដែរ ពោលគឺគេអះអាងថា លេខកុងទ័រ ដើរត្រឹមត្រូវហើយ ដូច្នេះមានតែបង់លុយតាមអ្វីដែល EDC បានកំណត់ក្នុងវិក័យប័ត្រភ្លើងប៉ុណ្ណោះ។
ជុំវិញការលើកឡើងខាងលើនេះ មិនទាន់មានការបកស្រាយណាមួយពីអគ្គិសនីកម្ពុជា នៅឡើយទេ៕