ខេត្តកំពត : ស្តូបទីសក្ការៈបូជាមួយកន្លែង ត្រូវបានក្រុមជាង ដែលជាជនជាតិវៀតណាម ធ្វើសកម្មភាពរុះរើ និងជួសជុលដំបូលស្តូបឡើងវិញកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចច្រកទ្វារទ្វេភាគី ទាន់ហាន់-យ៉ាន់ថាញ់ ជាប់ព្រំប្រទល់រវាង ភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតរបស់កម្ពុជា និងភូមិវ៉ាខាន់ ឃុំតាន់ថាន់វ៉ា ស្រុកយ៉ាន់ថាញ់ ខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម។
បើទោះបីជាតំបន់នេះមិនទាន់បានកំណត់ច្បាស់លាស់ និងបោះបង្គោលព្រំដែននៅក៏ដោយ ក៏ប៉ុន្តែទីតាំងនៃស្តូបនោះស្ថិតនៅក្រោមការគ្រប់គ្រង ជាបណ្តោះអាសន្នរបស់ រដ្ឋាភិបាលវៀតណាម តាមរយៈប្រឡាយមួយដោយប្រកាន់យកម្ខាងជាដែនដីកម្ពុជា និងម្ខាងទៀតជាដែនដីវៀតណាម។
បើតាមប្រសាសន៍មេបញ្ជាការស្តីទី នគរបាលវរៈការពារព្រំដែនគោក លេខ៦០១ លោកវរសេនីយ៍ទោ ទូច សារី បានឲ្យដឹងថា ដោយឃើញសកម្មភាពនៃក្រុមជាងជនជាតិវៀតណាម រុះរើ និងបម្រុងជួសជុលដំបូល ស្តូបសក្ការៈបូជា ដែលនៅកៀកព្រំដែន នៅពីព្រឹកថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះលោកបានបញ្ជាកម្លាំងឲ្យចុះហាមឃាត់ ព្រោះទាំងទីបញ្ជាការរបស់លោក ទាំងអាជ្ញាធរ មិនបានទទួលសេចក្តីជូនដំណឹងណាមួយទេ។ នៅពេលសួរនាំពួកគេប្រាប់ថា ដោយសារដំបូលស្តូបមានការបែកបាក់ទើបពួកគេ រួមទាំងបងប្អូនប្រជាជនកម្ពុជា ដែលមានជំនឿតែងធ្វើពិធីនៅទីនោះ សម្រេចបរិច្ចាគធនធាន ដើម្បីផ្លាស់ប្តូរ និងលាបថ្នាំថ្មីឡើងវិញ។ អ្វីដែលកម្លាំងលោកសម្រេចហាមឃាត់ ព្រោះសម្អាងលើកិច្ចព្រមព្រៀងបានចែងថា ទីណាមិនទាន់បោះបង្គោលព្រំដែន ត្រូវរក្សាគ្រប់ ស្ថានភាពដើមឲ្យនៅដដែល។
លោកមេបញ្ជាការស្តីទី បានបញ្ជាក់ទៀតថា នៅតំបន់នោះមិនទាន់មានការព្រមព្រៀងក្នុងការកំណត់ និងបោះបង្គោលនៅឡើយទេ ប៉ុន្តែអ្វីដែលប្រកាន់រៀងខ្លួន មកដល់ ពេលនេះ គឺមានប្រឡាយមួយ ឈ្មោះថា ប្រឡាយ៧៩ ដោយវៀតណាម គ្រប់គ្រងផ្នែកខាងត្បូង និងកម្ពុជាគ្រប់គ្រងផ្នែកខាងជើង។ ចំណែកទីតាំងនៃស្តូប ស្ថិតនៅខាងត្បូងប្រឡាយ ប្រហែល៨ម៉ែត្រ។ ករណីនេះសមត្ថកិច្ចរបស់លោកសម្រេចហាមឃាត់ ព្រោះតែសម្អាងលើកំណត់ហេតុ នៃកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ បានចែងថា តំបន់ណាមិនទាន់បានកំណត់ ច្បាស់លាស់ ត្រូវរក្សាស្ថានភាពឱ្យនៅដដែល។ ម្យ៉ាងទៀតការឯកភាពគ្នា រវាងថ្នាក់ដឹកនាំខេត្តទាំងពីរ គឺមុននឹងធ្វើអ្វីមួយ នៅក្បែរព្រំដែន ត្រូវតែជូន ដំណឹងដល់គ្នាទៅវិញទៅមក។ បន្ទាប់ពីលោកទំនាក់ទំនង ទៅកាន់មេបញ្ជាការខេត្តគៀនយ៉ាង ខាង វៀតណាម បានណែនាំដល់កម្លាំងគ្រប់ប៉ុស្តិ៍ តាមព្រំដែនឱ្យឃ្លាំចាំមើល និងសហការដោយ អនុវត្តតាមកិច្ចព្រមព្រៀងរបស់ប្រមុខនៃរដ្ឋាភិបាលទាំងពីរ ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងពីរ៕