រាជធានីភ្នំពេញ : ម្ចាស់បទ " សង្ស័យឆេះអ៊ីសេ” ក្រោយពីរឿងស្នេហ៍បែកបាក់ជាមួយបុរសកូនមន្ត្រីរាជការថ្នាក់ធំម្នាក់បានស្ងប់បន្តិចទៅក៏ធ្លាយចេញព័ត៌មានថ្មីថា ចំណងស្នេហ៍មិនសមប្រកបនេះ អេនីហ្សាម ក៏បានបន្សល់ទុកដំណក់ឈាមកូនស្រីម្នាក់តែនាងព្យាយាមលាក់បាំង ប៉ុន្តែព័ត៌មាននេះនាងក៏បានចេញមុខបដិសេធមិនទទួលស្គាល់ទេ។
ស្រាប់តែនៅពេលនេះក៏ធ្លាយចេញព័ត៌មានស្នេហាថ្មីដាច់ដោយឡែកមួយទៀតថា អេនីហ្សាម កំពុងបានបង្កើតចំណងស្នេហាថ្មីជាមួយកូនឧកញ៉ាម្នាក់សម្បូរទ្រព្យម្នាក់ ដើម្បីបន្លប់ទុក្ខស្នេហ៍ចាស់ដែលធ្វើឱ្យក្រំទ្រួងអស់រយៈពេលជិតមួយឆ្នាំមកហើយនោះ។
ប៉ុន្តែព័ត៌មាននេះ អេនីហ្សាម បានបដិសេធជាថ្មីថា នាងមិនបានបង្កើតចំណងស្នេហ៍ជាមួយកូនឧកញ៉ាដូចការចោទប្រកាន់នាងទេ ពីព្រោះតាំងពីនាងបែកពីគូស្នេហ៍ចាស់មកនាងក៏មិនទាន់ចង់បង្កើតស្នេហាថ្មីនៅពេលនេះដែរ ពោលគឺនាងចង់យកពេលលំហែរចិត្តទុកបេះដូងឱ្យទំនេរ ដើម្បីកុំឱ្យមានរឿងឈឺចាប់បន្តទៀត ព្រោះពេលដែលមានស្នេហ៍គឺគេចមិនពីការឈឺចាប់ឡើយ៕ និកា