ខេត្តកណ្តាល : ក្រោយឃាត់រថយន្តយីឌុប២គ្រឿងដឹកឈើចំនៀបង្កប់ឈើប្រណីតរបស់សមត្ថកិច្ចនគរបាលស្រុកមុខកំពូល ក៏បានប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើអនុវត្តន៍តាមនីតិវិធី ប៉ុន្តែថៅកែឈើមានខ្នងបង្អែកក្រាស់ ត្រូវបានថ្នាក់លើអន្តរាគមន៍បញ្ជាឲ្យចៅហ្វាយស្រុក និងអធិការដោះលែងឈើទាំងពីររថយន្តនេះជាបន្ទាន់។
ប្រភពព័ត៌មានពីនគរបាលស្រុកមុខកំពូលមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្តដឹកឈើទាំងពីរគ្រឿងខាងលើអត់ប្រើប្រាស់ស្លាកលេខ ហើយត្រូវបានគេរាយការណ៍មកថា ដឹកឈើចំនៀបង្កប់ឈើប្រណីត ដើម្បីឆ្ពោះទៅកាន់រាជធានីភ្នំពេញ ក្រោយពីទទួលបានដំណឹងនេះសមត្ថកិច្ចក៏បានឃាត់។ ប៉ុន្តែក្នុងរយៈពេលត្រឹម១ម៉ោងប៉ុណ្ណោះ ថ្នាក់លើក៏បានបញ្ជាមកអភិបាលស្រុក និងអធិការស្រុកមុខកំពូលដើម្បីឲ្យដោះលែងជាបន្ទាន់ទើបសមត្ថកិច្ចម្នាក់ៗ ព្រលឹងចុងសក់មិនគួរណាឃាត់រថយន្តដឹកឈើមិនបានមើលមុខ មើលក្រោយថា មានខ្នងបង្អែកនោះ។
ប្រភពនៅទីនោះបានឲ្យដឹងថា រថយន្តឈើទាំងពីរគ្រឿងនេះជារបស់ឈ្មួញឈ្មោះ ស៊ី ដែលមានបង្អែកពីថ្នាក់លើខេត្តកណ្តាល ទើបរូបគេតែងតែធ្វើសកម្មភាពក្នុងការដឹកជញ្ជូនឈើស្ទើររាល់យប់។ ករណីនគរបាលស្រុកមុខកំពូលបានឃាត់រថយន្តដឹកជំនៀឈើបង្កប់ឈើប្រណីតបានកើត ឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ហើយត្រូវបានដោះលែងជាបន្ទាន់ផងដែរនៅវេលាម៉ោង៩ព្រឹកថ្ងៃដដែលបន្ទាប់ពីមានការអន្តរាគមន៍ពីថ្នាក់ខេត្ត៕