ខេត្តព្រះសីហនុ : រឿងហួសចិត្ត ហើយក៏ជាចំណុចអារម្មណ៍ខណៈដែលអ្នកដែលចាក់ដីលុបអូរ វាតទីយកដីដោយខុសច្បាប់គឺជាលោក រស់ សុគុន្ធ អតីតប្រធានភូមិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនោះ បានក្លាយជាចំណុចរសើបមួយ គួរឲ្យអស់សំណើច និងឈឺចាប់បំផុត ខណៈដែលគាត់ជាមនុស្សដែលមានការយល់ដឹងច្បាស់ពីរច្បាប់ភូមិបាល ផ្ទុយពីរប្រជាពលរដ្ឋទូទៅ ប៉ុន្តែបែរជាគាត់ប្រព្រឹត្តគគ្លើនច្បាប់ម្តងហើយម្តងទៀត ដោយចាក់ដីរំលោភយកដីអូររហូតបានសម្រេចធ្វើឲ្យទំហំអូរតំបន់នោះរួមតូចចង្អៀតបង្កឲ្យមានការកកស្ទះទឹកជនលិចលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរជាប្រចាំនៅពេលមានភ្លៀងធ្លាក់។
ប្រជាពលរដ្ឋម្នាក់ដែលជាមនុស្សចាស់ទុំរស់នៅតំបន់ខាងលើបាននិយាយរៀបរាប់ប្រាប់ទាំងអស់សំណើចថា លោក រស់ សុគុន្ធ ដំបូងឡើយគេឃើញគាត់បានជួលកម្មករសំណង់ជាច្រើននាក់ចុះធ្វើការរៀបរបងថ្មចាក់គ្រឹះយ៉ាងរឹងមាំនៅចំពាក់កណ្តាលដីអូរតែម្តងក្នុងគោលដៅវាទីយកដីអូរនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ក្រោយមកធ្វើបានបន្តិចក៏ត្រូវលោក ជិន សារិន អភិបាលក្រុងព្រះសីហនុបញ្ជាឲ្យមន្ត្រីក្រោមឧវាទចុះទៅធ្វើការហាមឃាត់បញ្ឈប់សកម្មភាពការសាងសង់នោះមិនអនុញ្ញាតឲ្យមានការសាងសង់បន្តនោះឡើយ។ ប៉ុន្តែក្រោយមកបន្តិចសំណង់របងថ្មដដែលនោះក៏ចាប់ផ្តើមធ្វើការសាងសង់ឡើយវិញយ៉ាងរលូន រហូតបានសម្រេចជាស្ថាពរ និងថែមទាំងបានដឹកដីរាប់រយឡានចាក់លុបបំពេញយ៉ាងរលូន រំលោភយកទាំងស្រុងតែម្តង ដោយសកម្មភាពនេះគេមិនបានឃើញមានមន្ត្រីពាក់ព័ន្ធណាម្នាក់ចុះមកត្រួតពិនិត្យ ឬធ្វើការហាមឃាត់ដូចពេលមុនៗនោះឡើយ។
ទង្វើបែបនេះត្រូវបានគេសង្ស័យថា ជាអំពើឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពិតប្រាកដពីសំណាក់មន្ត្រីថ្នាក់ដឹកក្រុងព្រះសីហនុ ទើបបានជាសកម្មភាពនេះអាចដំណើរការបានដែលបានធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើអស់លោកទាំងនោះទោះហើយ។
ជុំវិញបញ្ហាខាងលើនេះ លោក លី វ៉ានដា អភិបាលរងក្រុងព្រះសីហនុ បានទទួលស្គាល់ថា កន្លងមករូបលោកពិតជាធ្លាប់បានដឹកនាំកម្លាំងជំនាញចុះទៅធ្វើការហាមឃាត់នៅរបងថ្មដែលសាងសង់ខុសច្បាប់នៅចំណុចអូរខាងលើនេះប្រាកដមែន ដោយមិនអនុញ្ញាតឲ្យធ្វើនោះឡើយ។ ប៉ុន្តែក្រោយមកបែរជាមានការលួចសាងសង់ឡើងវិញដោយអាជ្ញាធរក្រុងមិនបានដឹងនោះទេ។
ចំណែកលោក ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីរូបលោកទទួលបានព័ត៌មាននៃការចាក់ដីចូលអូរខាងលើនេះដោយលោកបានមានប្រសាសន៍ ថាលោក និងបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យ មើលជាក់ស្តែង និងចាប់គ្រឿងចក្រ (ដូចជារថយន្ត ដឹកដី និងអាប៊ុលឈុសដី) ដែលកំពង់ធ្វើសកម្មភាពយកមករក្សាទុក ដើម្បីមានវិធានការតាមផ្លូវ ច្បាប់។ ចំពោះប្លង់ដីនៅចំណុចខាងលើនេះបើមន្ត្រីជំនាញពិនិត្យឃើញថា គឺជាប្លង់ដែលគេធ្វើឡើង មានភាពមិនប្រក្រតីរំលោភបំពាន និងប៉ះពាល់លើដីអូរ ឬដីចំណីអូរ អាជ្ញាធរខេត្ត និងដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្ត ដើម្បីបដិសេធ(មោឃភាព)ប័ណ្ណកម្មសិទ្ធិនោះចោលដើម្បីរក្សាផ្ទៃអូរឲ្យនៅក្នុងសភាពដើមវិញដោយគ្មានការយោគយល់។
ដោយឡែកសំរាប់ លោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុក៍បានធ្វើការបញ្ជាក់ផង ដែរថា សកម្មភាពចាក់ដីលុបអូរខាងលើនេះលោកបានចុះទៅធ្វើការហាមឃាត់រូចហើយ មិនអនុញាត្តិឲ្យធ្វើសកម្មភាពតទៅទៀតទេ។ ហើយចំពោះការអនុវត្តន៍ច្បាប់បន្តលោកនឹងធ្វើការកោះហៅម្ចាស់ទីតាំងដីខាងលើនេះឲ្យចូលមកសាលាខេត្តដើម្បីធ្វើការពនិត្យរាល់ឯកសារពាក់ព័ន្ធទីតាំងដីខាងលើ។ បើ ពិនិត្យឃើញថា មានភាពមិនប្រក្រតីលោកនឹងធ្វើរបាយការណ៍លម្អិតដាក់ជូនទៅលោកអភិបាលខេត្ត ដើម្បីមានវិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ផ្ទៃដីអូរចំណុចខាងលើនេះ បើតាមការអះអាងរបស់មន្ត្រីជំនាញភូមិបាលក្រុងបានបង្ហាញថា អូរនេះមានទំហំទទឹងកន្លែងខ្លះ១៤ម៉ែត្រ កន្លែងខ្លះ១០ម៉ែត្រ និងកន្លែងខ្លះតូចបំផុត ក៏ទំហំពី៨ ទៅ៩ម៉ែត្រ នេះមិនទាន់គិតពីរដីចំណីអូរដែលមានគម្លាតពីអូរសងខាង១០ ទៅ១៥ម៉ែត្រផងទេ។
ជុំវិញបញ្ហានេះកន្លងមកប្រជាពលរដ្ឋបានធ្វើប្តឹងទៅអាជ្ញាធរក្រុង ឲ្យជួយដោះស្រាយ ប៉ុន្តែរលទ្ធផលគឺស្ងាត់ឈឹង។ ជាក់ស្តែងដូចជាករណីលោក រស់ សុគន្ធ ដែលជាអាជ្ញាធរក្រុងម្នាក់ៗ សុទ្ធតែបានដឹងទាំងអស់នូវច្បាប់ទម្លាប់ តែបែរជានាំគ្នាធ្វើមិនដឹង មិនឮ ផ្ទុយទៅវិញបែរជាធ្វើរបងថ្ម វាទី រំលោភយកដីអូរទាល់តែបានសម្រេចទើបមកនាំគ្នាធ្វើការឆោឡោហើយម្នាក់ៗឆ្លើយយករួចខ្លួនដោយមិនដឹងខ្យល់អី៕