រាជធានីភ្នំពេញ : កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៨កន្លះយប់ កម្មករនៅសិប្បកម្ម យីហោ ស៊ីនយ៉ុងថៃក្រានីត មានទីតាំងផ្ទះលេខ១០៦៥ផ្លូវ២០០៤សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់របងគណបក្សប្រជាជនកម្ពុជាក្រុង ចម្ងាយប្រមាណ ១០០០ម៉ែត្រពីសាលារៀនណតប្រ៊ីត ចំនួន៣នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម ខណៈពេលពួកគេកំពុងលើកថ្មម៉ាបចេញពីកុងតឺន័រ ហើយខុសបច្ចេកទេស ត្រូវថ្មម៉ាបធ្លាក់សង្កត់ពីលើ។ មន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា មុនពេលកើតហតុ មានកម្មករចំនួន៦នាក់ បានលើកថ្មម៉ាត នៅលើ ៣នាក់ និងនៅក្រោម ៣នាក់ ស្រាប់តែពេលនោះ បានបាក់ធ្លាក់ បណ្តាលអោយកម្មករ នៅពីលើស្លាប់តែម្តង។ជនរងគ្រោះទាំង៣ នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នេះ ទី១-ឈ្មោះសៅ ប៊ុនណា ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារដើមថ្កូវ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ។ ទី២-ឈ្មោះហាក់ រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំជម្ពូរវ័ន្តមានស្រុកកំណើត នៅស្រុកកំចាយមារ ខេត្តព្រៃវែង ។ ទី៣-ឈ្មោះថោង បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទឹកថ្លា មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។បន្ទាប់ពីថ្មម៉ាបធ្លាក់សង្កត់ស្លាប់កម្មករ៣នាក់នៅរោងសិប្បកម្មស៊ីនយ៉ុងថៃ សមត្ថកិច្ចបានហៅថៅកែសិប្បកម្មស៊ីនយ៉ុងថៃ ដែលជាជនជាតិម្នាក់ឈ្មោះឈឹង ទឿងភីញ ភេទប្រុស អាយុ៤៦ឆ្នាំ និងមេការស្រីម្នាក់ទៅសាកសួរ និងឃាត់ខ្លួនជាបណ្តោះពាក់ព័ន្ធនឹងករណីស្លាប់កម្មករទាំង ៣នាក់ខាងលើ ។ដោយឡែកសពកម្មកររងគ្រោះទាំង៣នាក់ត្រូវបានដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ អ្នក មេត្តា