ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុន បានរាយការណ៍ពីលទ្ធផលនៃការរកឃើញរបស់ខ្លួនថា ការបរិភោគក្រូចឃ្វិចអាចជួយកាត់បន្ថយការប្រឈមចំពោះការកើតរោគមហារីកថ្លើម និងរោគដទៃៗ ទៀតបានយ៉ាងល្អ។
ពួកគេអះអាងថា ការទប់ស្កាត់រោគបានយ៉ាងមានប្រសិទ្ធភាពនេះដោយសារ តែនៅក្នុងក្រូចឃ្វិចសម្បូរទៅដោយសារជាតិ “ឃែរ៉ូធីណយ” ដែលជាសារជាតិរួមផ្សំទៅដោយវីតាមីន។ ក្រុមអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថាន វិទ្យាសាស្ត្រ ផ្លែ ឈើនៅតំបន់ក្តៅរបស់ប្រទេសជប៉ុនដែលបានធ្វើការសិក្សាទៅលើអ្នករស់នៅក្នុងក្រុងមីកខាប៊ិក ក្នុងខេត្តស៊ីហ្សូអូកាក់ ចំនួន១០៧៣នាក់ ដែលនិយមបរិភោគក្រូចឃ្វិចនោះបានរកឃើញថា គំរូឈាមរបស់ក្រុមមនុស្សដែលបានទទួលការពិសោធទាំងអស់នេះមានសារជាតិជួយកាត់បន្ថយរោគថ្លើមជួយទប់ស្កាត់អាការសរសៃឈាមឡើងរឹង។
អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ កៀវតូ ដែលបានសិក្សាទៅលើអ្នកជំងឺរលាកថ្លើមដោយបានបែងចែកជា ពីរក្រុម គឺក្រុមទី១មានចំនួន៣០នាក់ឲ្យផឹកទឹកក្រូចឃ្វិចរៀងរាល់ថ្ងៃដោយមួយថ្ងៃ១កែវ ក្នុងរយៈពេល១ឆ្នាំ ខណៈដែលក្រុមទី២មានចំនួន៤៥នាក់ មិនបានផឹកទឹកក្រូចឃ្វិចឡើយ។
លទ្ធផលបង្ហាញថា ក្រុមទី១គ្មានអ្នកកើតរោគមហារីកថ្លើមឡើយ ខណៈដែលក្រុមទី២មានអត្រាអ្នកកើតរោគមហារីកថ្លើម៨,៩ភាគរយ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះបញ្ជាក់ថា ការស្រាវជ្រាវជាជំហានដំបូងនេះជាការបង្ហាញសញ្ញាដ៏ល្អមួយ ប៉ុន្តែពួកគេត្រូវត្រៀមប្រើពេលសិក្សារយៈពេល៥ឆ្នាំទៀត ដើម្បីឲ្យទទួលលទ្ធផលជាក់លាក់ជាងនេះ។
ទោះបីយ៉ាងណាក្រុមអ្នកស្រាវជ្រាវរោគមហារីកនៅប្រទេសអង់គ្លេសបាននិយាយថា តាមលទ្ធផលនៃការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវជប៉ុនចេញមកតិចតួចពេកដែលមិនអាចបញ្ជាក់ច្បាស់ថា ការបរិភោគក្រូចឃ្វិចអាចជួយកាត់បន្ថយការប្រឈមនឹងការកើតរោគមហារីកបាន ដូច្នេះគេគួរតែធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាងនេះទៀត៕