អាពាហ៍ពិពាហ៍ គឺជាពិធីមង្គលមួយយ៉ាងសំខាន់បំផុត។ ពិធីនេះមានអត្ថន័យទូលំទូលាយណាស់ក្នុងគ្រួសារខ្មែរ ព្រោះក្នុងពិធីនេះហើយ ដែលព្រឹទ្ធាចារ្យចាស់ទុំ ជាឪពុកម្ដាយទាំងសងខាងរបស់កូនកំលោះ កូនក្រមុំ ផ្សំផ្គុំពួកគេដែលជាកូនៗ ឲ្យក្លាយជាគូស្វាមី ភរិយាប្រចាំជីវិត។ ពាក្យអាពាហ៍នេះ កើតចេញពីពាក្យសំស្ក្រឹតថា ’អាវាហី” មានន័យថា ការនាំកូនស្រីទៅខាងប្រុស។ រីឯពាក្យពិពាហ៍វិញ មានន័យថា ការនាំកូនប្រុសឲ្យទៅខាងកូនស្រី ដែលជាពាក្យកើតចេញពីភាសាសំស្ក្រឹត "វិវាហី" ។ តែចំពោះជនជាតិខ្មែរវិញ ខុសពីក្លិង្គ ដោយយើងមានទម្លាប់នាំកូនប្រុសទៅខាងកូនស្រីវិញ គឺចំណុចនេះហើយដែលចង្អុលឲ្យយើងដឹងថា ខ្មែរនាសម័យអតីតកាលតែងនិយមស្រីជាធំក្នុងសង្គមជាតិ។ បំណងធំរបស់ឪពុកម្ដាយចំពោះកូនគឺសុភមង្គលសម្រាប់ប្ដីប្រពន្ធ។ ពាក្យថា ប្ដី ឬស្វាមី មានន័យថា ម្ចាស់ លោកម្ចាស់ អ្នកចិញ្ចឹមបីបាច់ថែរក្សា។ ចំណែកពាក្យថា ប្រពន្ធ ឬភរិយាវិញមានន័យថា ចំណងមេត្រីរួមរឹត។
ដូច្នេះបើនិយាយឲ្យខ្លីមកវត្ថុបំណងរបស់អ្នកមានគុណទាំងឪពុកម្ដាយបង្កើត ទាំងឪពុកម្ដាយក្មេក គឺមានសេចក្ដីប្រាថ្នាឲ្យគូស្វាមីភរិយាស្រលាញ់គ្នា ប្រកបដោយសុខភាព សុខដុមរមនា សុភមង្គលចំពោះបុត្រាបុត្រី តាំងពីពេលរៀបអាពាហ៍ពិពាហ៍រហូតដល់ចាស់ពោល គឺពេលសក់ស្កូវ ឬបាក់ធ្មេញរៀងៗខ្លួន។ បើនិយាយម្យ៉ាងទៀត គឺ ស្រឡាញ់គ្នារហូតដល់ជីវិតក្ស័យតែម្ដង។ ក្នុងករណីនេះហើយដែលបុព្វបុរសខ្មែរបានបង្កើតឡើងនូវពិធីការខ្លះដែលមានលក្ខណៈតឹងតែង និងអធឹកអធម្ម ដើម្បីឲ្យស្វាមី-ភរិយាចងចាំទុកជាអនុស្សាវរីយ៍ កុំឲ្យភ្លេចពេលដែលខ្លួនគេទាំងពីរបានគ្នាជាប្ដី-ប្រពន្ធ។ ម្យ៉ាងទៀតសូមរំលឹកឡើងវិញថា ភាពឱឡារឹកនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ដោយមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយដែលជាភ្ញៀវផង និងជាសាក្សីដឹងឮផង ក៏ជាវិធីសាស្ត្រមួយដែរ។ ទន្ទឹមជាមួយនេះវត្ថុបំណងមួយទៀតគឺ ដើម្បីឲ្យគូស្វាមីភរិយាពត់ចិត្តឲ្យចេះអត់ធ្មត់សង្កត់ចិត្ត សក្ដិសមនឹងពរសព្វសារធុការ ដែលបានទទួលនៅក្នុងច្បាប់រដ្ឋប្បវេណីខ្មែរ មានការយល់ព្រមពីអ្នក មានគុណទាំងសងខាង។
ក្នុងករណីនេះហើយដែលនាទីរបស់មេបាក្នុងនាមជាឪពុកម្ដាយខាងប្រុស ឬនាទីរបស់មេបាខាងស្រីមានសារសំខាន់ណាស់។ ម្យ៉ាងទៀតនាសម័យដើម គឺមានការកំណត់អាយុកាលដែរ ដែលប្រុសចាប់ពីអាយុ១៧ឆ្នាំ ចំពោះស្រីវិញពី១៤ឆ្នាំ។ គេក៏កត់ត្រានូវពិធីលើកជំនូន ឬខាន់ស្លា ពិធីបែងចែកទ្រព្យតាមក្បួនប្រពន្ធទូលប្ដីរែក។ នេះជាទំនៀមទម្លាប់ដែលមានពីបុរាណកាលមក។
ក្នុងការផ្សំផ្គុំបុត្រី និងបុត្រា គួររំលឹកឡើងវិញដែរ ដើម្បីឲ្យប្ដីប្រពន្ធចេះថែរក្សាគ្នា ដោយសុភមង្គល ចាស់ទុំខ្មែរ រមែងតែងជ្រើសរើសតាមតារាងផ្សំសម្ពង្ស និងតាមតារាងសម្ពង្សនាគ ដណ្ដឹងគូ ដែលជារបៀបមើលគូព្រេងបុរាណ។ ម្យ៉ាងទៀតគេក៏ត្រូវមើលថ្ងៃខែកំណើត តាមបទបែបបុរាណដូចជា របៀបមើលលក្ខណៈប្រុស-ស្រី ពិធីមើលវេលាជាដើម ដែលគេដកស្រង់តាមក្បួនពិភេក្សណ៍ ហោរា…។
រួមសេចក្ដីមក វត្ថុបំណងរបស់ឪពុកម្ដាយ ឬគូសា្វមីភរិយា គ្មានអ្វីក្រៅពីសេចក្ដីសុខសប្បាយ និងសិរីសួស្តី សម្រាប់ដំណើរជីវិតរបស់គេឡើយ៕