ខេត្តកណ្តាល : ប្រជាពលរដ្ឋ៤នាក់ជាតំណាងប្រជាពលរដ្ឋ៦០គ្រួសារដែលជាម្ចាស់ដីទំហំ៩១៨ហិកតា ស្ថិតនៅក្នុងភូមិ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលបានដាក់ពាក្យប្តឹងឧកញ៉ា ឡោក ហ៊ួរ ទៅអភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ចោទប្រកាន់ឧកញ៉ា ឡោក ហ៊ួរ ដែលបានយកគ្រឿងចក្រជីកប្រឡាយលើកព្រំដីបំពានចូលក្នុងដីរបស់ពួកគាត់ប្រមាណ៦០០ហិកតា ក្នុងភូមិសាស្ត្រខាងលើ។
នៅក្នុងពាក្យបណ្តឹងនេះតំណាងប្រជាជនចំនួន៤រូប រួមមានឈ្មោះ គង់ កាន, លី អៀងហេង, ស្រ៊ុន ប៊ុនថាត និងឈ្មោះ ឡ ហេងហួត តំណាងឲ្យប្រជាពលរដ្ឋ៦០គ្រួសារ ដើម្បីតតាំងតាមផ្លូវច្បាប់ជាមួយឧកញ៉ា ឡោក ហ៊ួរ។ ក្នុងពាក្យបណ្តឹងទៅកាន់អភិបាលនៃគណៈអភិបាលខេត្តថា ដីដែលមានទីទាំងដូចបញ្ជាក់ខាងលើ ពួកគាត់ទាំងអស់គ្នាបានទិញពីប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ តាំងពីឆ្នាំ១៩៨៥ មានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតបញ្ជាក់ប្រវត្តិដី និងលិខិតផ្ទេរសិទ្ធិកាន់កាន់ប្រើប្រាស់ដីធ្លីដែលទទួលស្គាល់ពី ប្រធានភូមិលេខ៤ និងមេឃុំប្រាសាទ ស្របច្បាប់។ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥មក ឧកញ៉ា ឡោក ហ៊ួរ បានធ្វើសកម្មភាពជីកប្រឡាយលើកព្រំដី រំលោភចូលក្នុងដីរបស់ពួកគាត់ប្រហែល៦០០ហិកតា ដូច្នេះ ពួកគាត់ទាំងអស់គ្នាសំណូមពរឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយដោះស្រាយ និងរកយុត្តិធម៌ដល់ពួកគាត់ទាំងអស់គ្នាជាប្រជាពលរដ្ឋកាន់កាប់ ផ្ទៃដីដោយស្របច្បាប់នេះដោយអនុគ្រោះផង។
បើទោះជាសកម្មភាពនេះត្រូវបានប្រើគ្រឿងចក្រជីកកាយប្រឡាយលើកព្រំជាញឹកញាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់ដូចជារារែកក្នុងការរារាំង ខ្លាចអំណាច ឧកញ៉ាឡោក ហ៊ួរ ទើបពួកគាត់បង្ខំចិត្តដាក់ពាក្យបណ្តឹងទៅខេត្តជួយអន្តរាគមន៍។
មន្ត្រីជលផលបានបង្ហើបថា ទន្ទឹមនឹងឧកញ៉ា ឡោក ហ៊ួរ កាយដីលើកប្រឡាយព្រំដីរំលោភលើដីប្រជាពលរដ្ឋនោះក៏បានពាក់ព័ន្ធទៅនឹងការរំលោភយកដីបឹងក្នុងដែនអតីតឡូត៍នេសាទលេខ៤ លេខ៥ និងលេខ៦ ហើយសមត្ថកិច្ចមន្ត្រីជំនាញកំពុងតែស៊ើបអង្កេតតាមដានថា តើឧកញ៉ាឡោក ហ៊ួរ រូបនេះ កំពុងប្រើប្រាស់ឥទ្ធិពលអំណាចអ្នកណា និងមានឯកសារស្របច្បាប់បែបណាខ្លះ ទើបគឃ្លើនល្មើសច្បាប់។
ប្រជាពលរដ្ឋបានលើកឡើងថា ឧកញ៉ា ឡោក ហ៊ួរ ដែលជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភមួយរូបផងនោះកំពុង បោះសម្តីស្តីបន្ទោសមកលើប្រជាពលរដ្ឋថា ពងមាន់កុំជល់នឹងថ្ម រួចជំរុញឲ្យប្រជាពលរដ្ឋប្តឹងដល់ក្រហែងមេឃណាក៏បាន។
ទាក់ទិននឹងករណីនេះ មិនអាចទាក់ទងឧកញ៉ា ឡោក ហ៊ួរ ដើម្បីសុំបានបកស្រាយ និងប្រតិកម្មចំពោះករណីនេះបានទេ។ ចំណែកលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏មិនអាចទាក់ទងបានដែរ។ ប៉ុន្តែលោក ឈាង លី មេឃុំប្រាសាទ បានប្រាប់ថា លោកបានឲ្យភាគីជម្លោះទាំងពីរចូលមកដោះស្រាយគ្នានៅសាលាឃុំ ប៉ុន្តែភាគីទាំងពីរមិនព្រមមកចូលរួមដោះស្រាយតាមការកំណត់របស់សាលាឃុំ ។ ដោយឡែក លោក ញ៉ែម វត្ថា អភិបាលរងស្រុកស្អាងបាននិយាយថា លោកឮដំណឹងថា ប្រជាពលរដ្ឋបានប្តឹង ឧកញ៉ា ឡោក ហ៊ួរ ថាបានរំលោភយកដី ប៉ុន្តែមកទល់នឹងពេលនេះពុំទាន់ឃើញពាក្យបណ្តឹងនៅឡើយ៕