ខេត្តព្រះសីហនុ : តំណក់ទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនៅតែស្រក់ជោគជាំលើព្រះធរណីមិនចេះចប់ មិនចេះអស់ ដោយសារតែពួកមន្ត្រីមានអំណាចជាន់ឈ្លីលើក្បាលរាស្ត្រស្រេចតែចិត្តគ្មានអ្នករវីរវល់ អើពើពីសុខទុក្ខរាស្ត្រយ៉ាងណានោះឡើយ។ ជាក់ស្តែងប្រជាពលរដ្ឋដែលជាម្ចាស់ដី២៤គ្រួសារ រស់នៅម្តុំកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានមករស់នៅលើដីនេះចាប់តាំងពីឆ្នាំ១៩៧៩ បានទួញយំ សោកសៅ ទាមទាររកយុត្តិធម៌រហូតដល់សន្លប់ ខណៈដែលសាលដីការបស់តុលាការខេត្ត បានចុះអនុវត្តច្បាប់ ដោយបានដាក់បទចោទប្រកាន់ថាពួកគាត់២៤គ្រួសារមករស់នៅលើដីរដ្ឋ ហើយបានប្រើកម្លាំងសមត្ថកិច្ចចុះរុះរើកម្ទេចផ្ទះប្រជាពលរដ្ឋយ៉ាងសាហាវព្រៃផ្សៃបំផុត។
ទង្វើទាំងអស់នេះសឹងតែគ្រប់ទីកន្លែងដែលជាតំបន់ដីត្រូវប៉ាន់របស់ពួកមន្ត្រីមានអំណាចបានធ្វើឲ្យសម្រែកទួញយំរបស់ប្រជាពលរដ្ឋឮសូរកងរំពងដោយពាក្យ “អយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់” ពាសពេញប្រទេសខ្មែរយ៉ាងឈឺចាប់។ ចំណែកឯពួកអស់លោកមន្ត្រីមួយចំនួនវិញ គិតតែពីសប្បាយ ច្រៀង រាំក្នុងក្លឹប ខារ៉ាអូខេ មានរថយន្តទំនើប មានផ្ទះវីឡាស្កឹមស្កៃ ដេកលើកម្រាលពូក សាឡុង មានម៉ាស៊ីនត្រជាក់ ដេកឱបស្រីក្មេង យ៉ាងសុខសាន្ត ម្នាក់ៗប្រើអំណាចរៀងៗខ្លួន ដណ្តើមយកដីរាស្ត្រ ដូចហែកសាច់ឈ្លូស ចែកគ្នាស៊ីមិនចេះឆ្អែតឆ្អន់ ចំណែកអ្នកដែលរងទុក្ខវេទនាគឺជារាស្ត្រ។ អស់លោកជាអាណាព្យាបាលរបស់រាស្ត្រ ពួកគាត់ត្រូវការរស់នៅដោយពឹងផ្អែក ពំនាក់អាស្រ័យលើការយកចិត្តទុក្ខដាក់របស់អាណាព្យាបាល តែបើអាណាព្យាបាលមិនផ្តល់ភាពកក់ក្តៅដល់ប្រជារាស្ត្រខ្លួនឯងហើយនោះតើឲ្យពួកគាត់រស់នៅយ៉ាងណា?
សរុបសេចក្តីមកមន្ត្រីមានអំណាចស្រុកខ្មែរ គឺជាអ្នកមានសិទ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋទន់ខ្សោយ៕