រាជធានីភ្នំពេញ : តារាសម្តែង ហ្វីហ្វី ដែលទើបតែមានឈ្មោះ បោះសំឡេង ក្នុងអំឡុងឆ្នាំ២០១៤ ដោយសារតែនាងហ៊ានបង្ហាញនូវភាពសិចស៊ីយ៉ាងចាស់ដៃ មិនខ្លាចសំឡេងរិះគន់ពីសំណាក់មហាជន។ ស្របពេលជាមួយនឹងភាពល្បីល្បាញក្នុងវិថីសិល្បៈនេះ ហ្វីហ្វី ក៏បានបង្ហាញពីភាពស៊ីវីល័យក្នុងការរស់នៅប្រចាំថ្ងៃដោយនាងបានសម្ញែងនូវសម្ភារៈនិយមថ្លៃៗ ល្អៗ បង្អួតក្រសែភ្នែកទស្សនិកជន។ ចំណុចនេះត្រូវគេសង្ស័យថា តារាដែលរះថ្មីមួយដួងនេះកំពុងតែមានទេវបុត្រជិះសេះស មានឋានៈធំណាម្នាក់ យកធ្វើជាម្ចាស់ស្នេហ៍ និងបានជួយទំនុកបម្រុងផ្គត់ផ្គង់ ផ្តល់អ្វីៗគ្រប់យ៉ាងដែល ហ្វីហ្វី ត្រូវការ។
ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើតកាលពីរាត្រីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ត្រូវបានប្រភពដែលស្និទ្ធនឹងកញ្ញាបានបង្ហើបប្រាប់ថា គឺជាការទំនុកបម្រុងពីលោកឧកញ៉ាជំនួញឈើប្រណីតដ៏ល្បីឈ្មោះម្នាក់ ជាអ្នកទំនុកបំរុង រាល់ការចំណាយទាំងអស់ធ្វើយ៉ាងណាឲ្យស្រីស្រស់បណ្តូលចិត្តម្នាក់នេះ ពេញក្នុងហឫទ័យ។
តារាសម្តែងវ័យក្មេង សាច់សខ្ចី ពោរពេញដោយសម្រស់ទាក់ទាញក្រសែភ្នែកក្រុមកន្លង់ៗ ឲ្យលង់លក់ក្នុងភ្លើងតណ្ហានៃក្តីស្នេហ៍កញ្ញា ហ្វីហ្វី បានប្រារព្ធពិធីខួបកំណើតគម្រប់វ័យ២៥ឆ្នាំ យ៉ាងអធិកអធមដោយមានអ្នកសិល្បៈជាច្រើនចូលរួម។ ក្នុងនោះដែរគេសង្កេតឃើញមាន ឯកឧត្តម និងលោកឧកញ៉ាមួយចំនួនចូលរួមផងដែរ ខណៈដែលមានឧកញ៉ាល្បីឈ្មោះខាងជំនួញឈើក្រញូងម្នាក់ រកស៊ីក្នុងដែនដីនៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងក៏ជាម្ចាស់ចម្ការកៅស៊ូក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងមានការ៉ាស់សាំងថែមទៀតផង។
ប្រភពដែលច្បាស់ការណ៍ ហើយស្និទ្ធនឹងកញ្ញាបានលួចខ្សឹបទៀតថា លោកឧកញ៉ាជំនួញឈើប្រណីតដ៏ល្បីឈ្មោះម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះថា “សុំមិនបញ្ចេញឈ្មោះសិន” ជាអ្នករកស៊ីឈើ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមួយចំនួនទៀត ព្រមទាំងជាម្ចាស់ចម្ការកៅស៊ូ ក្នុងខេត្តកំពង់ចាមផងដែរ។
ជុំវិញការធ្វើខួបកំណើតជូនស្រីកំណាន់ចិត្តនោះ គឺតារាសម្តែងសាច់សខ្ចី ហ្វីហ្វី នៅពេលនេះ បានបដិសេធថា គ្មានអ្នកណាជួយទំនុកបម្រុង ធ្វើឲ្យនាងទេ គឺប៉ារបស់នាងជាអ្នកធ្វើឲ្យ និងចេញលុយខ្លួនឯងខ្លះដែរ។ ចំណែកឯកឧត្តមក៏មានចូលរួមដែរតែអង្គុយផ្សេងៗគ្នា ខ្លាចអ្នកកាសែតយល់ច្រឡំ ទើបមិនហ៊ានចូលរួមស្និទ្ធស្នាលខ្លាំង៕