ខេត្តបាត់ដំបង ៖ មន្រ្តីនៃស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកតំបន់អូររំដួល បានប្រាប់ ឲ្យដឺង កាលពីថ្ងៃ២១ខែមិថុនា ថា តុលាការនៃប្រទេសថៃបានដោះលែង លោក រងសារឹម មេបញ្ជាការសឹករងស្រុកសំពៅលូន ដែលបើករថយន្តលើទឺកដីថៃ បុកអ្នកជិះម៉ូតូឌុបគ្នា២នាក់ប្តីប្រពន្ធស្លាប់ និងរងរបួសធ្ងន់ កាលពីថ្ងៃទី១៧មិថុនានោះ ត្រឡប់មកផ្ទះវិញហើយ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ជាថ្នូរនឹងការ បង់ប្រាក់ចំនួន ២លានបាត(ប្រាក់ថៃ)។
សូមរំលឹកថា នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ លោក រង សារឹម មេបញ្ជាការ យោធាសឹករង ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើដំណើរតាមរថយន្ត ឡង់គ្រីស័រ ៥៧០ ពណ៌ស ស៊េរី ឆ្នាំ២០១៣ ដឹកប្រពន្ធ និងកូនមានគ្នា ៣នាក់ ឆ្លងចូលតាមច្រកព្រំដែន តំបន់អូររំដួល ស្រុកភ្នំព្រឹក ដើម្បីទៅ ខេត្តច័ន្ទបុរី ប្រទេសថៃ ជូនប្រពន្ធ ទៅមន្ទីរពេទ្យពិនិត្យផ្ទៃពោះ ។ លុះធ្វើដំណើរមកដល់ចំណុច ស្រុកសយដាវប្រទេសថៃ ក៏បើកចូលចំណែកផ្លូវម៉ូតូ ហើយក៏បានបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាល ឲ្យបុរសជាប្ដីស្លាប់នៅកន្លែងកើតហេតុ រីឯភរិយារងរបួសធ្ងន់ ក្នុងដំណើរទិសដៅផ្ទុយគ្នា ។ក្រោយពីកើត ហេតុភ្លាមមន្ត្រី យោធានោះ ក៏បានបើករថយន្តរត់គេច ក៏ប៉ុន្តែត្រូវបានតម្រួតថៃ ដេញចាប់បានហើយ រួម ទាំងដកហូតយករថយន្តបង្កបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់។ ចំណែកប្រពន្ធនិងកូន របស់លោក ត្រូវសមត្ថកិច្ចថៃដោះលែងឲ្យត្រឡប់មកវិញ។លុះនៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោក រង សារឹម មេ បញ្ជាការយោធាសឹករង ស្រុកសំពៅលូន ក៏ត្រូវបានតុលាការថៃដោះលែងឲ្យមានសេរីភាពវិញ ជាថ្នូរ និងប្រាក់ ២លានបាត ជូនជនរងគ្រោះនិងតុលាការ៕ ដោយ វាសនា កវី