ធ្លាប់ស្ដាប់ឮគេនិយាយតៗគ្នារាប់រយដងអស់រាប់សិបឆ្នាំ ប៉ុន្តែមិនស្មើនឹងដឹងរឿងពិត ច្បាស់ដោយខ្លួនឯងម្ដង ។ មានមតិសាធារណៈជាច្រើនតែងតែនាំគ្នានិយាយថា បារមីរបស់ព្រះអង្គដងកើ ពិតជាសក្ដិសិទ្ធណាស់ សុំអ្វីបាននឹង ហើយពេលខ្លះអាចនឹងមិនទទួលបានផងក៏មាន ។ តើនេះមកបារមីរបស់ព្រះអង្គដងកើ ឬមិនមែន ?
តើពាក្យថា “ដងកើ” បានន័យថាយ៉ាងណានៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរ ?
យោងតាមវចនានុក្រមដើមរបស់សម្ដេចព្រះសង្ឃរាជជួន ណាត បានបកស្រាយថា៖ ពាក្យ “ដងកើ” នេះ បានន័យថា “ដងទង់ (តាមភាសាខ្មែរ) ឬកៃកើ (តាមភាសាវៀតណាម)” ដែលពាក្យ “កៃកើ (Cai cờ)” នេះប្រជាជនវៀតណាមកំពុងនិយមប្រើប្រាស់ក្នុងជីវភាពរបស់ខ្លួននា ពេលបច្ចុប្បន្ន ។ ដូច្នេះពាក្យ “ដងកើ” នេះកើតចេញមកពីពាក្យពីរគឺ “ដង” (ជាពាក្យរបស់ខ្មែរ) និង “កើ (cờ)” (ជាពាក្យរបស់វៀតណាម) បានន័យថា ”ទង់” ។
ចុះប្រវត្តិអាស្រមដងកើនេះមានចាប់តាំងពីពេលណា ?
លោក តាព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមប្រជុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យបាន និទានឱ្យដឹងថា តាមចាស់ៗពីជំនាន់មុនបាននិយាយតៗគ្នាថា ក្នុងសម័យព្រះបាទ នរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំងគេក៏បាននាំគ្នា លើកទង់ជាតិឡើង ដើម្បីជាសញ្ញាសម្គាល់ថា ព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកប្រជាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា “ដងកើ” ។
ក្នុងសម័យដដែលនោះប្រជាជនខ្មែរយើងមាន ជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិ ឬក៏ដងកើ ហើយនាំគ្នាសាងសង់ព្រះវិហារ និងមានរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា «ព្រះអង្គដងកើ»។ លោកតា មៀច ប៉ុណ្ណបានបន្តថា តាំងពីនោះមកគេបាននាំគ្នាទៅបែបន់សុំលាភសក្ការៈ សុំកូន សុំលេខឆ្នោត សុំឲ្យខ្ចីលុយគេបាន និងបួងសួងផ្សេងៗតាមជំនឿរបស់ខ្លួន ដោយមានលេងភ្លេងពិណពាទ្យ និងជាវផ្កាឈូក ស្លាធម៌ ដាក់ថ្វាយព្រះអង្គដងកើ ។ មានអ្នកខ្លះបែបន់សុំបានសម្រេច អ្នកខ្លះសុំមិនបានសម្រេចរហូតមកដល់សព្វថ្ងៃនេះ ។ បច្ចុប្បន្នព្រះអង្គដងកើត្រូវគេចាត់ទុកថា ជាអ្នកតាដ៏ធំជាងគេ បន្ទាប់ពីអ្នកតាឃ្លាំងមឿង ។ ចំពោះប្រវត្តិព្រះអង្គដងកើនេះ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែលចាស់ៗនិយាយតៗគ្នាប៉ុណ្ណោះ ។
សព្វថ្ងៃនេះមានប្រជាជនច្រើនទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗ ជាពិសេសនោះនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមនុស្សរាប់រយនាក់ សម្ដៅទៅបែបន់នៅព្រះអង្គដងកើ ដោយអ្នកខ្លះជាវស្លាធម៌ ផ្កាឈូក ចេក និងដង្វាយផ្សេងៗជាច្រើនទៅដាក់ថ្វាយដល់ព្រះអង្គដងកើ ។ លើសពីនេះទៅទៀត មានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា៖ សត្វអណ្តើក បក្សីតូចៗ ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង៕ cool1007