គ្រី (សំស្ក្រឹត) = សិរី (បាលី) = ស្រី
ដោយ អាំង ជូលាន
ពាក្យថា “ស្រី” មានន័យបីផ្សេងគ្នាគឺ៖
ទី១ សំដៅលើភេទរបស់មនុស្ស (ស្ត្រី > ស្រី)
ទី២ សំដៅលើអ្វីដែលប្រសើរ មានតម្លៃ ឬមង្គល ដែលត្រូវគ្នានិងពាក្យសំស្ក្រឹតហៅថា គ្រី ហើយពាក្យបាលីហៅថា សិរី (ស្រីមង្គល > សិរីមង្គល; ស្រីសួស្តី > សិរីសួស្តី)។ ពាក្យ “ស្រី” នេះមិនសំដៅ ទៅលើភេទទេ គឺសំរាប់ភ្ជាប់ ទៅនិងឈ្មោះ ដូចជា៖ ស្រីសុគន្ធបទ (នាមព្រះរាជា), ស្រីសូរិយាពម៌ (នាម ព្រះរាជា), ព្រះជិនស្រី (សំរាប់ហៅព្រះពុទ្ធអង្គ), ស្រីសិក្ខារេស្វរ (ប្រាសាទព្រះវិហារ), ស្រីវិជ័យ (កោះសូម៉ាត្រា), ស្រីហិតាបទេស (កំរងសុភាសិត) ។ល។
ទី៣ ក្រោយមកដោយទទួលឥទ្ធិពលពីសៀមនៅពេលដែលអាណាចក្រសៀមរីកកាន់តែធំ ឡើងនោះ ពាក្យ ស្រី ក៏មកជាពាក្យ សី ឬ ស៊ី។ សម័យនោះខ្មែរមួយចំនួននិយមតាមសៀម ដូចជា៖ បាយស្រី > បាយសី។ ពេលដាក់ឈ្មោះកូនចៅក៏បានប្រើពាក្យស៊ីដែរដូចជា៖ ស្រីច័ន្ទ្រ > ស៊ីចាន់; ស្រីតេជ > ស៊ីដេត; ស្រីនេត្រ > ស៊ីណែត; ស្រីនាដ > ស៊ីណាត ។ល។