រាជធានីភ្នំពេញ : មានសេចក្តីរាយការណ៍មកថា លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួង អប់រំយុវជន ចាយវាយប្រាក់ ភីប៊ី (PB) ប្រចាំឆ្នាំ គ្មានតម្លាភាព។ អំពើពុករលួយនៅក្នុងនាយកដ្ឋានមួយនេះដែលចំណុះឲ្យក្រសួង អប់រំយុវជន និងកីឡា ដែលមានលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រីកំពុងតែធ្វើឲ្យរាំងស្ទះដល់គោលដៅកែទម្រង់វិស័យអប់រំឲ្យបានប្រសើរជាងមុន។
ជាក់ស្តែងមន្ត្រីរាជការនៃនាយកដ្ឋានអប់រំកាយនិងកីឡា ជាច្រើនរូបមិនសប្បាយចិត្តចំពោះទង្វើរបស់លោក ហ៊ុន សាមុត ដែលជាប្រធាននាយកដ្ឋាន ព្រោះលោក ហ៊ុន សាមុត ប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយម ចាត់ចែងថវិកា គម្រោងចាយវាយប្រចាំឆ្នាំ ដែលក្រសួងដាក់ឲ្យប្រើប្រាស់គ្មានតម្លាភាព ឬបង្ហាញឲ្យត្រឹមត្រូវដូចជាការបញ្ជូនមន្ត្រីទៅបំពេញបេសកកម្មជាដើម។
ទឹកប្រាក់ដែលជាកញ្ចប់ពីក្រសួងចំនួន១២៨៨លានរៀល រហូតដល់ខែមិថុនាហើយ អត់មានបុគ្គលិកចុះ PB ឬលិខិតឧទ្ទេសនាម ប្រធាននាយកដ្ឋាននិងបក្ខពួកធ្វើលិខិតលួចលាក់បិទបាំងតែគ្នាគេ ហើយមិនដឹងអ្នកណាចាយលុយហ្នឹង។
សូមបញ្ជាក់ថា វិស័យអប់រំ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅតែមានភាពទន់ខ្សោយ មិនឃើញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទេ ហើយសូម្បីតែនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួនក៏ថ្នាក់ដឹកនាំ ប្រព្រឹត្តអំពើពុករលួយដែរ។ ប្រការនេះហើយ ដែលធ្វើឲ្យការប្តេជ្ញាចិត្តរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំមិនអាចទទួលជោគជ័យ ព្រោះសូម្បីតែនាយកដ្ឋានសំខាន់ៗក្នុងក្រសួងអប់រំយុវជននិងកីឡា ក៏កើតមានអំពើពុករលួយយ៉ាងពេញបន្ទុក។ ដូច្នេះករណីលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួងអប់រំ ប្រព្រឹត្តអំពើពុករលួយ គឺជារឿងដែលរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវចាត់វិធានការស៊ើបអង្កេតជាបន្ទាន់បំផុត៕