រន្ទះ គឺជាមច្ចុរាជ្យដ៏គ្រោះថ្នាក់ធំបំផុតមួយនិងកើតឡើងញឹកញាប់បំផុត។ រន្ទះបាញ់ធ្វើចរាចរណ៍ក្នុងល្បឿន ១៦០-១.៦០០គីឡូម៉ែត្រក្នុង១វិនាទី និងបង្កើតឲ្យមានសីតុភាព ខ្ពស់ទៅដល់៣០.០០០ អង្សាសេ គឺក្តៅជាងផ្ទៃរបស់ព្រះអាទិត្យ៦ដង។ តែអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើល និងស្ញប់ស្ញែងនោះ គឺមានមនុស្សខ្លះថ្វីបើត្រូវវាយប្រហារដោយថាមពលដ៏ខ្លាំងមហាសាលបែបនេះក៏នៅតែមិនស្លាប់។
រន្ទះបាញ់ គឺជាចំណាំងភ្លើងដែលកើតឡើងដោយខុសគ្នារបស់ថាមពល នៅចន្លោះដុំពពក និងលំហអាកាស ឬផែនដីវារមែងស្វែងរក ផ្លូវដ៏ខ្លីបំផុតឆ្ពោះមករកផែនដី ហើយចៃដន្យផ្លូវនោះអាចរត់ចំគ្នាជាមួយក្បាលមនុស្ស ដែលកំពុងស្ថិត នៅកណ្តាលវា។
ផ្លូវខ្លីបំផុតរបស់រន្ទះបាញ់នេះអាចនឹងរត់ឆ្លងកាត់ស្មា ចុះមកតាមរាងកាយផ្នែកខាងណាមួយ ឆ្លងកាត់ជើងហើយ បុកចុះទៅរកផែនដី។ ការពិតរន្ទះបាញ់ ពុំមែនបាញ់ប្រហាររាងកាយមនុស្សដោយផ្ទាល់ទេ គ្រាន់តែវាខ្ចីរាងកាយមនុស្សធ្វើខ្សែភ្លើងចម្លងចរន្តអគ្គីសនីដ៏ខ្លាំងទៅកាន់តែផែនដីប៉ុណ្ណោះ។ ពេលវារត់ឆ្លងកាត់រាងកាយមនុស្ស ថាមពលអគី្គសនីដ៏ច្រើនលើសលប់នេះ និងបង្កឲ្យមនុស្សឈឺចាប់រងរបួសរលាកខ្លោចស្បែក និងធ្វើឲ្យភ័យរហូតដល់គាំងបេះដូង និងគ្រោងឆ្អឹងខ្នងទេ វាអាចនឹងមិនអាចធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិតទេ។ តែបើវារត់ឆ្លងកាត់បេះដូងជនរងគ្រោះរមែងបាត់បង់ជីវិតជានិច្ច ព្រោះថា ថាមពលដ៏មហាសាលនេះ បានកម្ទេចបេះដូង ឬធ្វើឲ្យបេះដូងគាំងឈប់ដើរ ហើយលទ្ធផលចុងក្រោយគឺស្លាប់។
ថ្វីត្បិតមនុស្សភាគច្រើនដែលមានភ័ព្វរួចខ្លួនពីរន្ទះប្រហារ អាចមានរបួសនៅដិតជាប់ជានិច្ចដូចជា ការខូចភ្នែក ឬក៏ត្រចៀក ខ្វិន រលាក ឈឺក្បាល និងបាត់ការចងចាំជាដើម។
+ការរៀបចំប្រដាប់ការពាររន្ទះដាក់តាមគេហដ្ឋាន៖
ប្រដាប់ការពាររន្ទះអាចជួយឲ្យយើងទទួលបាននូវភាពកក់ក្តៅក្នុងការរស់នៅ និងជួយជាសវាង នូវការខូចខាតសម្ភារៈអគ្គិសេនីមួយចំនួន ដូចជា ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ វិទ្យុ…ជាដើម។ ប្រដាប់ការពារន្ទះអាចច្នៃដោយខ្លួនឯងបានគ្រាន់តែប្រសិទ្ធភាពវាអាស្រ័យលើវត្ថុធាតុដើមដែលយកមកប្រើប្រាស់ដូចជា៖
-ប្រដាប់ស្រូបរន្ទះត្រូវធ្វើពីលោហធាតុដែលងាយចម្លងអគ្គិសេនី ជាពិសេសធ្វើអំពីស្ពាន់ ហើយនៅខាងចុងគួរមានខ្នែងច្រើន។
-ខ្សែចម្លងអគ្គិសនី គួរើសយកប្រភេទខ្សែដែលមានស្ពាន់ខាងក្នុងធំ។ ខ្សែប្រភេទនេះគេច្រើនធ្វើវាជាពិសេស ខុសពីខ្សែភ្លើងយើងបន្តិច។
-បង្គោលសម្រាប់ចម្លងបន្តពីខ្សែចូលទៅក្នុងដី។ ដើម្បីប្រសិទ្ធភាពខ្ពស់គួរកប់វា៣ដើមរាងត្រីកោណ ដោយដើមៗ មានប្រវែងយ៉ាងហោចណាស់៣ម៉ែត្រទៅក្នុងដី។ ជាទូទៅបង្គោលស្ពាន់ដែលមានលក់ប្រវែង១ម៉ែត្រ ហើយយើងអាចតវាបានដោយប្រដាប់ភ្ជាប់។ យើងអាចកប់តែមួយដើមដូចរូបខាងក្រោមក៏បានដែរ តែគួរបន្ធែមសារធាតុងាយចម្លងឲ្យបានច្រើនដើម្បីងាយផ្ទេរចរន្តអគ្គិសនីពីខាងលើទៅក្នុងដី។
+វិធានការណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសាររន្ទះ ៖
-ស្នាក់នៅក្នុងផ្ទះខណៈពេលមានព្យុះភ្លៀង ។ បើនរណាម្នាក់នៅខាងក្រៅមុនឬក៏អំឡុងពេលព្យុះរន្ទះ ត្រូវរកកន្លែងជ្រកជាបន្ទាន់តាមដែលអាចធ្វើទៅបាន ។ តែងតែជ្រកក្នុងអគារបំពាក់ដោយប្រព័ន្ធគ្រប់គ្រងបណ្ដាញទឹក និងមានជញ្ជាំង ឬដំបូលដែលមិនចម្លងអគ្គិសនី ។
-ពេលនៅក្នុងផ្ទះ សូមបិទ និងចេញឲ្យឆ្ងាយពីសម្ភារអគ្គិសនី ដូចជាទូរទស្សន៍ កុំព្យូទ័រ និង ឧបករណ៍អេឡិចត្រូនិកជាដើម ។
-កុំនៅក្បែរទឹក ដែលប្រើដោយប្រព័ន្ធអគ្គិសនី និងកុំប៉ះពាល់វត្ថុនានាដែលធ្វើពីលោហធាតុដែលចម្លងអគ្គិសនី ។
-ប្រសិនបើត្រូវការប្រើទូរស័ព្ទចាំបាច់ គួរប្រើទូរស័ព្ទដៃ និងទូរស័ព្ទគ្មានខ្សែ ជាជាងប្រើទូរស័ព្ទភ្ជាប់ខ្សែនៅលើតុ ។
-រង់ចាំយ៉ាងតិចរយៈពេល៣០នាទីសិន ក្រោយពីពន្លឺផ្លេកបន្ទោរបញ្ចេញពន្លឺចុងក្រោយបំផុត មុនពេលបន្ដធ្វើសកម្មភាពផ្សេងៗ ។
-បើទោះជាមិនមានពន្លឺផ្លេកបន្ទោរ ឬរន្ទះបាញ់ក្ដី ប្រសិនបើមានឮសំឡេងផ្គរតែឯងនោះ វាជាសញ្ញាដែលត្រូវប្រុងប្រយ័ត្នរកកន្លែងជ្រកកោន ។
-អ្នកដែលត្រូវរន្ទះបាញ់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ។ ជនរងគ្រោះដោយរន្ទះបាញ់ អាចត្រូវមនុស្សដទៃទៀតប៉ះបានដោយគ្មានគ្រោះថ្នាក់ ។ មនុស្សជុំវិញខ្លួនអាចជួយជនរងគ្រោះដោយការសង្កត់ដើមទ្រូង និងបឺតខ្យល់ដង្ហើម ។
-ប្រុងប្រយ័ត្តនូវពេលមានភ្លៀងធ្លាក់កុំជ្រក់ក្រោមដើមឈើ ឫ នូវទីកន្លែងដែលខ្ពស់ និងមានចរន្ដអគ្គិសនី ។ កុំនិយាយទូរស័ព្ទនូវពេលមានភ្លៀងធ្លាក់ ត្រូវបិតទូរស័ព្ទ នឹងទូរទស្សន៍ ជាស់វាងមានគ្រោះថ្នាក់ ។
-នៅពេលមានភ្លៀងធ្លាក់ផ្គរលាន់ឬពពកខ្មៅនិងមានផ្គររន្ទះខ្លាំងបើ សិនជានៅផ្ទះសូមកុំចេញទៅណាអោយសោះ ត្រូវចូលក្នុងផ្ទះ និងបិទទ្វារបិទបង្អួចអោយជិតជាការប្រសើរបំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់នូវរន្ទះបាញ់ ។
-សូមកុំជ្រកក្រោមដើមឈើរឬនៅក្រោមទីកន្លែងដែលមានចរន្ដស្រូបដូចជា៖ បង្គោលខ្សែភ្លើង ខ្សែកាប អង់តែនទូរស័ព្ទជាដើម។
-ត្រូវដើរពាក់ស្បែកជើងជានិច្ចជៀសវាងការស្រូបចរន្ដពីរន្ទះ។
-កុំកាន់វត្តុណាដែលមានជាតិដែកព្រោះថាវត្តុដែលមានជាតិដែក វាងាយនឹង អោយរន្ទះស្រូបណាស់។
-បើសិនជានៅទីវាលឬកំពុងតែធ្វើស្រែចំការ នៅពេលមានភ្លៀងផ្គររន្ទះត្រូវរកទីសុវត្តិភាពដើម្បីជ្រក (ចៀសវាងនៅក្រោមដើមឈើ)
-ទីណាដែលអាចផ្ដល់សុវត្តិភាពដល់យើងដូចដែលរៀបរាប់ខាងលើជៀសវាងនៅទីវាលម្នាក់ឯង បើសិនជាមានខ្ទមឬផ្ទះនៅជិតនោះជាការប្រសើរ៕