រាជធានីភ្នំពេញ : ច្បាប់ធម្មជាតិបានតាក់តែងឲ្យប្រុសគូនឹងស្រី។ ប៉ុន្តែក្នុងសង្គមយើងសព្វថ្ងៃនេះមានស្នហាខុសប្រក្រតី។ នោះគឺប្រុសស្រឡាញ់ប្រុស ហើយក៏មានស្រីស្រឡាញ់ស្រី។ ស្នេហាបែបនេះត្រូវប្រឈមនឹងសង្គម ជាពិសេសតែងតែទទួលការប្រឆាំងបដិសេធពីឪពុកម្តាយ និងសាច់ញាតិ។ ស្នេហានេះ ជាប្រភេទស្នេហាភ្លើងចំបើង។ តាមការអង្កេតស្នេហាប្រភេទនេះតែងតែទទួលបានបរាជ័យ ឬបែកបាក់គ្នា នៅពេលភ្លើងស្នេហ៍នោះឆេះអស់ក្នុងពេលដ៏ខ្លីមួយ។
រាងរាវតូចច្រឡឹង ភក្ត្រាស្រទន់ សម្បុរខ្មៅស្រអែមស្រស់ ថា ណារ៉េន ជាក្មេងស្រីម្នាក់ មកពីទីជនបទ។ យុវតីរូបនេះទើបតែមានអាយុ១៦ ឆ្នាំប៉ុណ្ណោះតែនាងត្រូវបានបុរសម្នាក់ធ្វើឲ្យខូចចិត្តទៅហើយ។ បន្ទាប់ពីបែកបាក់ស្នេហាទីមួយនេះធ្វើឲ្យ ណារ៉េន មើលសង្គមសេ្នហាក្នុងផ្លូវផ្សេង។ នាងអស់ជំនឿនឹងស្នេហាលើប្រុសៗទៀតហើយ។
ដោយភាពឈឺចាប់ ណារ៉េន តាំងចិត្តឈប់ស្រឡាញ់បុរស ហើយស៊ូរស់នៅឯកាអស់មួយជីវិត។ ប៉ុន្តែមិនដូច្នេះឯណាខណៈដែល ណារ៉េន ឈឺចាប់ បែរជាមានវត្តមានស្ត្រីម្នាក់ ចូលមកស្អំបេះដូងរបស់នាង។ ស្ត្រីម្នាក់នោះយល់ពីអារម្មណ៍នាង និងជួយដោះស្រាយរាល់បញ្ហាដែល ណារ៉េន មានគ្រប់យ៉ាង។ទទួលយកស្នេហាថ្មីរវាងភេទដូចគ្នា ធ្វើឲ្យ ណារ៉េន កើតមានអារម្មណ៍ថ្មីមួយទៀត។ គឺអស់ចិត្តពីបុរស ហើយលែងនឹកនាអស់តែម្តង បើទោះជាពេលខ្លះ មានបុរសៗ មកទាក់ទង ឬសុំស្រឡាញ់ ណារ៉េន យ៉ាងណាក្តី។ ពីមួយថ្ងៃទៅមួយថ្ងៃទង្វើរបស់ស្ត្រីម្នាក់ដែល ណារ៉េន ហៅថា បងស្រីៗនោះបានធ្វើឲ្យនាងមានអារម្មណ៍ចម្លែក។
ណារ៉េន បានលើកឡើងថា “រាល់ពេលដែលខ្ញុំ នៅក្បែរបងស្រី ( ស្ត្រីដែលណារ៉េនស្រឡាញ់ ) ខ្ញុំហាក់មានអារម្មណ៍កក់ក្តៅ ហើយរលុបអស់នូវភាពសោកសៅ និងភាពឯកា ដែលខ្ញុំធ្លាប់ជួបកន្លង។
ម្តងនេះនារីដ៏ស្រស់សោភា ដែលនៅពេលដើរទៅណា មកណា ធ្វើឲ្យប្រុសៗ ចោលភ្នែកមើលមិនដាក់នោះ មានអ្នកស្អំថែបេះដូងហើយ។ ណារ៉េន ក៏លែងត្រូវការបុរសៗទៀតដែរ។ ណារ៉េនស្គាល់ច្បាស់ពីអារម្មណ៍ខ្លួនឯងថា នាងស្រឡាញ់ស្រីដូចគ្នា។ ដោយសារតែភាពឈឺចាប់ ឬដែលធ្វើឲ្យក្តីស្រឡាញ់របស់ណារ៉េន ប្រែប្រួលដូចនេះ?
ចម្លើយរបស់ ណារ៉េន គឺទេ! ព្រោះថាអារម្មណ៍ស្រឡាញ់ស្រីដូចគ្នានេះ គឺមានលាក់ក្នុងក្រអៅបេះដូងនាងជាយូរមក ហើយគ្រាន់តែមិនមានឱកាសបង្ហាញ នឹងគ្មានអ្នកយល់ជម្រៅពិតប្រាកដ។ តែពេលនេះមានហើយ គឺស្ត្រីម្នាក់ដែលកំពុងរស់នៅក្នុងបន្ទប់ជួលជាមួយ ណារ៉េន។ ណារ៉េន ក៏បានទទួលស្គាល់ថា ស្នេហាភេទដូចគ្នា មិនមានជីវិតយូរអង្វែងបានឡើយត្រឹមតែ៣ ទៅ៤ ខែប៉ុណ្ណោះ ហើយភាពផ្អែមល្ហែម ក៏រលាយបាត់ ភាពសោកសៅវិលមកជាថ្មី។ តែណារ៉េន មិនមានបំណងយកបុរសវិញទេ ព្រោះអារម្មណ៍នាងប្រាប់ថា ត្រូវការតែស្រីៗ ហើយស្នេហាស្រីនឹងស្រីម្នាក់ទៀត ក៏បានកើតឡើងជាមួយជីវិតរបស់ណារ៉េនថ្មីម្តងទៀត។
ម្តងនេះ នារីដែលមានចរិតទន់ភ្លន់ សុភាពរាបសារ បានដើរតួជាបុរស និងស្លៀកពាក់ស្រដៀងនឹងបុរស។ ណារ៉េន ដើរតួយ៉ាងហំហាន ដើម្បីបំពេញភារៈ(មុខងារ)ក្នុងការការពារមនុស្សស្រីដែលខ្លួនស្រឡាញ់ មិនឲ្យមានការញ៉ែញ៉ង ដឿដងពាក្យសម្ដីពីបុរសៗឡើយ។ បើទោះជា ការស្រឡាញ់ឋិតលើការព្រមព្រៀងពីបុគ្គលទាំងពីនេះក៏ដោយចុះតែក្រុមគ្រួសារ និងសង្គមហាក់នៅមិនទាន់បានទទួលស្គាល់សេចក្តីស្រឡាញ់រវាងស្រីនឹងស្រីនេះ នៅឡើយទេ។
ដូច្នេះមានតែការលាក់លៀម កំបាំង បំភាន់ភ្នែកអ្នកដទៃ ដើម្បីធ្វើការណាត់ជួបគ្នាដោយស្ងាត់ៗ ហើយនឹងឈានទៅដល់ការឱបថើប បបោសអង្អែល និងចុងក្រោយ គឺការរួមមេត្រី ស្រីនឹងស្រីដូចគ្នា។ ភ្លើងស្នេហ៍កំពុងឆេះក្តៅងំ ណារ៉េន មិនចង់លាក់លៀមរឿងនេះទៀតទេ។ នាងសម្រេចចិត្តប្រាប់ឪពុកម្តាយឲ្យបានដឹងដោយនាងយល់ថា ឪពុកស្រឡាញ់ប្រហែលជាអាចធ្វើតាមបំណងស្នេហាភេទដូចគ្នា។
ប៉ុន្តែគ្រាន់តែឮដំណឹងនេះភ្លាមម្តាយឪពុក ដែលធ្លាប់តែផ្តល់ក្តីស្រឡាញ់ និងមិនដែលជំទាស់អ្វីជាមួយនឹង ណារ៉េន បានប្រែទឹកមុខភ្លាម។ នេះជាសញ្ញាបញ្ជាក់ពីការបដិសេធរបស់ម្តាយឪពុក ណារ៉េន ចំពោះស្នេហាខុសប្រពៃណី ភេទដូចគ្នា ស្រី និងស្រី។
ណារ៉េន បានទទួលចម្លើយពីអ្នកមានគុណយ៉ាងជាក់ច្បាស់ថា លោកមិនគាំទ្រឲ្យមានការស្រឡាញ់គ្នាខុសប្រក្រតីនេះទៀតទេ។ ប៉ុន្តែស្នេហារបស់នាង មិនទាន់បានបញ្ចប់ឡើយ គឺនៅតែស្រឡាញ់គ្នាធម្មតា។
ណារ៉េន បាននិយាយថា៖ “ខ្ញុំចង់រស់នៅជាប្តីប្រពន្ធ ជាមួយស្រីស្នេហ៍សំណប់ចិត្តរបស់ខ្ញុំ។ យើងក៏មានគំនិតចង់រត់ទៅណាឆ្ងាយ ប្រសិនបើគ្មានអ្នកគាំទ្ររវាងស្នេហារបស់យើងទេ។ ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក្តីស្រឡាញ់របស់ ណារ៉េន កាន់តែកើនឡើងទ្វេដង។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺមនុស្សស្រីដែល ណារ៉េន ស្រឡាញ់ បាត់មុខមិនបាន និងហ៊ានបូជាអ្វីគ្រប់យ៉ាងនោះបានប្រាប់ ណារ៉េន ថា៖ «យើងបែកគ្នាទៅល្អជាង ល្មមដល់ពេលបញ្ចប់ល្បែងស្នេហ៍ឆ្កួតលីលា(ភេទដូចគ្នា)នេះហើយ»។ តំណក់ទឹកនេត្រារបស់នារីអភ័ពរូបនេះបានស្រក់ហូរជាថ្មីម្តងទៀតហើយ។ ផ្តើមនិយាយទាំងអួលដើមករកកលនឹងយំសឹតសក ណារ៉េន លើកឡើងថា “គូស្នេហ៍របស់ខ្ញុំ ជាស្ត្រីម្នាក់ដែលមានការងារល្អ នៅក្នុងសង្គម ហើយប្រសិនជារឿងនេះដឹងទៅដល់ម្តាយឪពុករបស់គេនោះ លោកទាំងពីរក៏មុខតែមិនយល់ព្រមនឹងរឿងស្នេហាភេទដូចគ្នានេះឡើយ”។
ណារ៉េន បានបញ្ជាក់ដោយភាពជឿជាក់លើដៃគូនាងថា ការដែលសង្សាររបស់នាងសុំបែកគ្នានេះ មិនមែនមកពីមានប្រុសណា មកស្រឡាញ់នាងឡើយ។គ្រាន់តែស្នេហាភេទដូចគ្នា ប្រសិននៅបន្តវាគ្មានលទ្ធផលល្អ និងធ្វើឲ្យខូចអនាគតរៀងៗខ្លួនទៀតផង។
បើទោះបីជាយ៉ាងណាក៏ដោយសង្គមសព្វថ្ងៃនេះ ក្រុមស្រីស្រឡាញ់ស្រី មិនមានសកម្មភាពខ្លាំងក្លា ឬបង្កភាពងាយប្រឈមនឹងការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ដូចក្រុមបុរសស្រឡាញ់បុរសក្តី ក៏ក្រុមគ្រួសាររបស់ពួកគេ នៅតែមានការព្រួយបារម្ភខ្លាំងដែរ រហូតមានគ្រួសារខ្លះ បានបំបែកស្រីស្រឡាញ់ស្រី ចេញពីគ្នា និងប្តឹងចាប់ស្រីដែលដើរតួជាបុរស ដាក់ពន្ធនាគារថែមទៀត។
ទោះបីពុំទាន់មានការស្រាវជ្រាវណាមួយដែលបញ្ជាក់បានថា មានកត្តាអ្វីខ្លះដែលជំរុញឲ្យមានស្រី្តស្រឡាញ់ស្ត្រី ឬរបាយការណ៍របស់អង្គការស្ថាប័នណាមួយ បញ្ជាក់ពីចំនួនច្បាស់លាស់លើសេ្នហាភេទដូចគ្នាយ៉ាងណាក្តី ក៏ការស្រឡាញ់ភេទដូចគ្នាស្រី និងស្រី ឬបុរស និងបុរស កំពុងកើតមានច្រើន នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ៕