បុព្វការីជនខ្មែរបានទុកនូវពាក្យទំនៀមជាច្រើនឲ្យកូនចៅ ជំនាន់ក្រោយៗ គ្រាន់ជាការពិចារណា ក្នុងនោះមាន ពាក្យទំនៀមមួយថា “សំណាបយោងដី ស្រីយោងប្រុស” ។ តើឃ្លានេះមានអត្ថន័យបែបណាដែរ? ថ្ងៃនេះសារព័ត៌មានកំណើតថ្មី សូមនាំអារម្មណ៍អស់លោកអ្នក ដែលជាប្រិយមិត្តគាំទ្រនូវគេហទំព័ររបស់យើងដូចតទៅ៖
សំណាបយោងដី ៖ ពាក្យថា “សំណាប” គឺសំដៅលើកូនស្រូវដែលដុះក្នុងថ្នាលដោយការសាប ពេលដល់អាយុកំណត់ គេត្រូវដកវាយកទៅស្ទូង គេហៅថា “ដកសំណាប។ ពាក្យថា “សំណាបយោងដី” ចង់ប្រាប់ថា សំណាបល្អតែងតែធ្វើឲ្យសន្ទូងលូតលាស់ល្អ (មើលទៅដីស្រែដូចជាមានជីល្អណាស់) បើសំណាបអន់ ទោះបីដីស្រែមានជីយ៉ាងណា ក៏សន្ទូង នៅតែអន់ដដែល។
ស្រីយោងប្រុស ៖ ស្ត្រី គឺជាកម្លាំងជំរុញមួយដ៏ខ្លាំងក្លាទាំងនៅក្នុងសង្គមគ្រួសារ និងទាំងនៅក្នុងសង្គមជាតិទាំងមូល។ បុរសដែលមានភរិយាជាមនុស្សម៉ត់ចត់ ដឹងខុសត្រូវ នាំឲ្យគ្រួសារមានសុភមង្គល ទោះជាបុរសជាប្តី មិនមែនជាមនុស្សប្រសព្វក៏ដោយ។ បុរសទាំងឡាយ ទោះជា ពូកែឬមិនពូកែក៏នៅមានចំណុចខ្វះខាត តែប្រសិននៅក្បែរខ្លួនគេមានស្ត្រីដ៏ឈ្លាសវៃម្នាក់នោះភាពជោគជ័យនឹងនៅជិតបង្កើយដូចជាពំនោលមួយថា “នៅពីក្រោយខ្នងបុរសជោគជ័យ តែងមានស្ត្រីដ៏ឈ្លាសវៃ”។
ផ្ទុយទៅវិញបើភរិយាជាស្ត្រីខ្ជីខ្ជា ឬពាក្យអាក្រក់ស្តាប់ថា “កញ្ជើធ្លុះ” ឬ “ខាតលក្ខណ៍ ” វិញ ទោះបុរសជាប្តី ជាមនុស្សអស្ចារ្យ ក៏ជួបតែរឿងស៊យ និង បរាជ័យ ជាញឹកញាប់។ នៅក្នុងការរស់នៅជាក់ស្តែងដែលយើងឧស្សាហ៍សង្កេតឃើញ គឺមានភាពផ្ទុយគ្នាមួយចំនួនដូចជា មុនពេលរៀបការបុរសខ្លះ ជាមនុស្សដ៏ជោគជ័យក្នុងអាជីព ក៏ដូចជាក្នុងការរស់នៅ តែក្រោយពេលរៀបការបុរសនោះបែរជា ជួបប្រទះតែរឿងបរាជ័យទៅវិញ ឬក៏ក្លាយជាមនុស្សមិនគួរឲ្យសេពគប់។ ចំណែកអ្នកខ្លះទៀតដែលមិនសូវមានភ័ព្វសំណាងក្នុងការងារ ឬមិនសូវទទួលបានការស្វាគមន៍ បែរក្លាយជាអ្នកជោគជ័យទាំងការងារ និង ជីវិតទៅវិញ។ ទាំងនេះគឺ បណ្តាលមកពីភរិយា ដែលជាកត្តាលីករជំរុញដូចដែរចាស់ៗ បានបន្សល់ទុកនូវពាក្យទំនៀមនេះ។
នៅមានមានពាក្យទំនៀមផ្សេងទៀតដែលបាននិយាយពីសារៈសំខាន់របស់ស្ត្រី នូវតួនាទីដ៏សំខាន់ទាំងនៅក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដូចជា “ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកត្បិតភរិយាជា” ។
ការបកស្រាយខាងលើនេះ យើងខ្ញុំផ្តោតទៅលើសង្គមគ្រួសារ ដោយគិតថា តួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ ក៏ប្រហាក់ប្រហែលគ្នា នោះដែរហើយ គ្រួសារ ក៏ជាកោសិការរបស់សង្គមដែរ៕