ការវាយទះកុមារអាចជាប់ដានដែលមានផលប៉ះពាល់ដល់ការវិវត្តផ្នែកបញ្ញាស្មារតីរបស់ពួកគេ។ នេះបើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវកាណាដាកាលពីថ្មីៗនេះ។ ការសិក្សាដែលបានចុះផ្សាយក្នុង ព្រឹត្តិបត្រ Canadian Medical Association Journal បានតាមដានគ្រួសារជាច្រើនអស់រយៈពេល២០ឆ្នាំ។
អ្នកស្រី ចូអាន ឌូរ៉ាន សាស្ត្រាចារ្យនៅសាកលវិទ្យាល័យម៉ានីតូបា បានឲ្យដឹងថា ការដាក់ពិន័យកូន ដោយទះតប់លើរាងកាយច្រើន អាចធ្វើឲ្យពួកគេធំលូតលាស់ទៅរកភាពអវិជ្ជមាន ខ្សោយប្រាជ្ញា និងប្រឈមនឹងបញ្ហាផ្លូវចិត្តមួយចំនួន។ ការសិក្សាថ្មីៗនេះ បានបង្ហាញថា វាអាចកាត់បន្ថយនូវផ្នែកសតិស្មារតីនៃបញ្ញាញាណរបស់ពួកក្មេងៗទៀតផង។
អ្នកស្រី ដូរ៉េន បានបន្តថា៖ «អ្វីដែលយើងមានភាពជឿជាក់នោះគឺការវាយតប់កុមារតិច ឬច្រើនក្ដី មិនត្រឹមតែផ្តល់លទ្ធផលផ្នែកផ្លូវកាយប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់របួសផ្លូវចិត្តទៀត»។
បច្ចុប្បន្ន មាន៣២ប្រទេសបានចេញច្បាប់ហាមប្រាម ការប្រើហិង្សាលើកុមារហើយ អ្នកស្រីបានស្នើថា ច្បាប់នេះគួរតែដាក់ឲ្យអនុវត្ត នៅបណ្ដាប្រទេសដទៃទៀត ក្នុង ពិភពលោក៕