ខេត្តស្វាយរៀង : បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនចោទពីបទឆបោកប្រាក់ តាមរូបភាពចងការប្រាក់ នៅស្រុករំដួល ខេត្តស្វាយរៀង។ ករណីការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការផ្ទះលេខ៤៤ ផ្លូវលំលេខ៤ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារក្នុងឃុំពងទឹក ស្រុករំដួល។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមរយៈពាក្យបណ្តឹង ប្រជាពលរដ្ឋទៅចងការប្រាក់ពីធនាគារអេស៊ីលីដា (ACLEDA ) យកមកចងការបន្តឲ្យខ្លួន ដោយសន្យាផ្តល់ប្រាក់ការចំនួន៤០ភាគរយ ក្នុងរយៈពេល២៤ ខែ និងបង់ប្រាក់រំលោះឲ្យធនាគារ ACLEDA ជំនួសប្រជាពលរដ្ឋ រៀងរាល់ខែ រហូតដល់សងចប់បំណុល។ អង្គការនេះ អនុវត្តកិច្ចសន្យាដោយបានបង់ប្រាក់រំលោះឲ្យធនាគារជំនួសប្រជាពលរដ្ឋក្នុងម្នាក់ៗ ត្រឹមតែពី ៣ទៅ៥ ខែប៉ុណ្ណោះក៏ឈប់បង់ប្រាក់រំលោះនោះ ធ្វើឲ្យធនាគារបង្ខំទារប្រាក់ពីប្រជាពលរដ្ឋ។
ប្រភពដដែលបានបន្តទៀតថា ឈ្មោះ ជេត សារិន បានឆ្លើយសារភាពថា ខ្លួនគេនឹងបក្ខពួកពិតជាបានឆបោកប្រាក់ពីប្រជាពលរដ្ឋ ដែលមានចំនួនដូចខាងលើពិតប្រាកដមែន ពេលនោះសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យរូបនេះនៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ រីឯឈ្មោះ ជេត រ៉ែន ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជេត សារិន និងជាប្រធានអង្គការ សមត្ថកិច្ចបានធ្វើសំណើជូនតុលាការដើម្បីសុំដីកាតាមចាប់ខ្លួន៕