រាជធានីភ្នំពេញ : បន្ទាប់ពីជាប់ពន្ធនាគារប៉េហ្ស៊ីរយៈពេល៣ខែពិរុទ្ធជនឈ្មោះ កែវ វិទូ អាយុ២៤ឆ្នាំ ដែលជានិស្សិតទើបបញ្ចប់ការសិក្សាពីបរទេស និងត្រូវជាកូនប្រុសសំណព្វចិត្តរបស់លោកសេដ្ឋីគយដ៏ល្បីឈ្មោះ កែវ សុខឃាង ដែលបង្កការបាញ់បោះសេរីច្រើនគ្រាប់ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់(Rock)របស់លោកឧកញ៉ា គិត ម៉េង និងលោកឧកញ៉ា គិត ធៀង រួចហើយជិះរថយន្តទំនើបម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-0007 គេចខ្លួនពីកន្លែងកើតហេតុ នាវេលាទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥កន្លងទៅត្រូវបានមន្ត្រីពន្ធនាគារ ប៉េហ្ស៊ី ដោះលែងឲ្យមានសេរីភាពវិញហើយកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១៥។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាមាត្រា២១៨, ៤១១ និង ៤៩០ ចៅក្រមស៊ើបសួរ ដំបូងរាជធានីភ្នំពេញ លោក ឡុង កេសភីរម្យ សម្រេចឃុំខ្លួននៅក្នុងពន្ធនាគារ ប៉េហ្ស៊ី រយៈពេល៨ខែ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។ សំណុំរឿងដ៏រសើបមួយនេះត្រូវមន្ត្រីពន្ធនាគារប៉េហ្ស៊ី ទម្លាយ ឲ្យដឹងថា មូលហេតុនៃការដោះលែងនេះ គឺធ្វើឡើងតាមអំណាចសាលក្រម របស់តុលាការ ដែលបានសម្រេច ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កែវ វិទូ ដាក់ពន្ធនាគារចំនួន ៨ខែ ប៉ុន្តែតុលាការតម្រូវ ឱ្យអនុវត្តទោសតែ ៣ខែ ក្នុងពន្ធនាគារ និងត្រូវព្យួទោសចំនួន ៥ខែ ខណៈដែលឈ្មោះ កែវ វិទូ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ដោយមានមន្ត្រីជាន់ខ្ពស់ម្នាក់ លូកដៃជួយអន្តរាគមន៍ ខ្លាំងសម្បើមណាស់ ទៅតាមដំណាក់កាល នៃនីតិវិធី ហើយមុនពេល ដែលលោក កែវ សុខឃាង នាំកូនប្រុសសំណព្វ មកប្រគល់ឲ្យសមត្ថកិច្ច គឺរឿងនេះគេដៅក្រឡា សម្រាប់ដើររួចហើយ ដើម្បីសម្រាល ទោសកំហុស របស់ឈ្មោះ កែវ វិទូ និងសំដៅបិទសំណុំរឿង មិនឲ្យពាក់ព័ន្ធដល់អ្នកផ្សេងទៀត។
ប្រភពព័ត៌មាននានាបានបង្ហើបប្រាប់ឲ្យដឹងថា លោកសេដ្ឋីគយ កែវ សុខឃាង បានព្រមព្រៀងចំណាយប្រាក់៥ម៉ឺនដុល្លារអាមេរិក សម្រាប់ប៉ះប៉ូវលើការខូចខាតក្នុងហេតុការណ៍បាញ់បោះសេរី បង្កដោយកូនប្រុសរបស់ខ្លួនឈ្មោះ កែវ វិទូ នោះ ជាថ្នូរនឹងការស្នើសុំឲ្យម្ចាស់ក្លឹបកម្សាន្តរ៉ក់ និងអ្នកពាក់ព័ន្ធឯទៀតកុំឲ្យប្តឹងផ្តល់ ឬដកពាក្យបណ្តឹង(ក្នុងករណីបានប្តឹងរួចហើយ) ប្រឆាំងលើកូនប្រុសរបស់ខ្លួន។ ក្នុងហេតុផលនេះហើយ ទើបមជ្ឈដ្ឋាននានាបានទស្សន៍ទាយទុកជាមុនរួចហើយថា ទោះយ៉ាងណា កូនប្រុសសំណព្វចិត្តរបស់លោកសេដ្ឋីគយ កែវ សុខឃាង នឹងមិនជាប់ទោសទណ្ឌបានយូរឡើយ។ ឥឡូវ អ្វីៗបានក្លាយជាការពិតដូចការទស្សន៍ទាយ មែន ព្រោះតែអំណាចទឹកលុយ របស់ឪពុក ដែលជាមហាសេដ្ឋី៕