ខេត្តតាកែវ : បុរសដែលតាំងខ្លួនជាព្រះសិអារ្យមេត្រីនោះឈ្មោះ ធាន វុទ្ធី បាននិងកំពុងចេញធ្វើសកម្មភាពឡើងវិញ នៅក្បែរវត្តចំប៉ា ក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ អ្នកភូមិបានឲ្យដឹងថា លោក ធាន វុទ្ធី បានទិញដីពីប្រជាពលរដ្ឋ ដើម្បីសង់ព្រះពុទ្ធរូបធំនៅក្បែរវត្តចំប៉ា ដូចនៅវត្តទួលរាជា ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលអាជ្ញាធរបញ្ជាឲ្យបញ្ឈប់សកម្មភាព កាលពីចុងឆ្នាំ២០១៤ កន្លងទៅ។
ប្រភពពីប្រជាពលរដ្ឋបានអះអាងថា បុរសម្នាក់ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រីនោះ បានចេញធ្វើសកម្មភាពឡើងវិញ នៅខេត្តតាកែវ បើទោះជាក្រសួងធម្មការ និងសាសនា បញ្ជាឲ្យបញ្ឈប់សកម្មភាពនេះនៅខេត្តកណ្តាល កាលពីចុងឆ្នាំ២០១៤ក៏ដោយនោះ។
លោក ធាន វុទ្ធី បានទិញដីពីប្រជាពលរដ្ឋ ដើម្បីសង់ព្រះពុទ្ធរូបធំនៅក្បែរវត្តចំប៉ា ដូចនៅវត្តទួលរាជា ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលអាជ្ញាធរបញ្ជាឲ្យបញ្ឈប់សកម្មភាពនោះ។ ប្រហាក់ប្រហែលគ្នានេះដែរគេសង្កេតឃើញលោក ធាន វុទ្ធី ចេញមុខមកមើលការធ្វើសកម្មភាពសង់រូបព្រះធំមួយនៅក្បែរវត្តចំប៉ា នោះជាញឹកញាប់ ។
គួររំឭកថា ក្រសួងធម្មការ និងសាសនា រួមជាមួយសាលាខេត្តកណ្ដាល និងគណៈសង្ឃនាយកបានចេញសេចក្ដីថ្លែងការណ៍រួមថា ទង្វើរបស់លោក ធាន វុទ្ធី កន្លងមកជាកំហុសដែលកើតឡើងដោយមិនមានការពិចារណាគ្រប់គ្រាន់ និងមិនយល់ច្បាស់អំពីច្បាប់រដ្ឋ និងធម៌វិន័យនៃព្រះពុទ្ធសាសនា។
សេចក្ដីថ្លែការណ៍នេះពុំបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ ឬចំណាត់ការណ៍អ្វីតទៀតលើ លោក ធាន វុទ្ធី ដោយគ្រាន់តែបន្ថែមថា ករណីលោក ធាន វុទ្ធី មិនគោរពតាមកិច្ចសន្យារបស់ខ្លួន ដែលបានផ្ដិតមេដៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ នោះនឹងត្រូវទទួលទោសចំពោះមុខច្បាប់។
ប្រសិនបើខាងច្បាប់សាសនាមិនអាចពិន័យចំពោះទង្វើបុគ្គលនោះបានទេ ក៏ការទទួលខុសត្រូវតាមផ្នែកច្បាប់រដ្ឋគួរតែត្រូវបានប្រើចំពោះបុគ្គលនេះ ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា៕