ខេត្តកណ្តាល : បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប្រើប្រាស់អំពើហិង្សា កាប់ប្រពន្ធដាច់ម្រាមដៃ៣ និងវាយម្តាយក្មេកឲ្យរបួសធ្ងន់កាលពីវេលាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ក្នុងភូមិគគីរ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីរបាយការណ៍សម្ថកិច្ចមូលដ្ឋានបានឲ្យកំណើតថ្មីដឹងថា ជនបង្កមានឈ្មោះ ប៊ី ឆាន អាយុ៣៦ឆ្នាំ មាន ស្រុកកំណើតភូមិដូង ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលត្រូវជាប្រពន្ធមានឈ្មោះ អ៊ិន សារ៉េត អាយុ៤៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុជនបង្កដែលត្រូវប្តីបានចេញមកពីផឹកស៊ីហើយមករករឿងប្រពន្ធ នៅផ្ទះធ្វើឲ្យប្រពន្ធទ្រាំមិនបានក៏និយាយស្តីបន្ទោសធ្វើឲ្យប្តីកំណាច ឆេះកំហឹង ទាញកាំបិតផ្គាក់មក កាប់ប្រពន្ធដាច់ម្រាមដៃ៣ និងរបួសក្បាលស្ទីរសុះសាច់។ ចំណែកម្តាយក្មេកក៏បានចូលទៅឃាត់ ក៏ត្រូវជនបង្កវាយឲ្យរបួសថែមទៀតផង។
ក្រោយកើតហេតុជនបង្ក បានព្យាយាមរត់គេចខ្លួន តែក្រោយមកត្រូវសមត្ថកិច្ចចាប់បាន ហើយបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់៕