ខេត្តកណ្តាល : ខណៈដែលអំណាចនៃភ្លើងតណ្ហាបានឆេះរោលរាល បានធ្វើឲ្យយុវជនម្នាក់ត្រូវបានសមត្ថកិច្ច ស្រុកខ្សាច់កណ្តាល ធ្វើការចាប់ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ។ ករណីរំលោភសេពសន្ថវៈទៅលើស្ត្រីមានសតិមិនគ្រប់គ្រាន់នេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ចំណុចវាលស្រែខាងក្រោយភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យកំណើតថ្មីសដឹងថា ជនសង្ស័យឈ្មោះ ប្រុស យ៉េត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួននៅវេលាយប់ថ្ងៃដដែល គ្រាដែលកំពុងនៅផ្ទះ។ ចំណែកឯជនរងគ្រោះឈ្មោះ ព បម អាយុ៣៥ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់គ្រាន់តាំងពីកំណើត។ មុនពេលកើតហេតុជនរងគ្រោះបានទៅឃ្វាលគោលជាមួយក្មួយស្រីម្នាក់ទៀតនៅវាលស្រែខាងក្រោយភូមិ។ បន្ទាប់ពីក្មួយស្រីឃ្វាលគោលនៅឆ្ងាយពីកន្លងនោះបន្តិច ជនរងគ្រោះបានឈរឃ្វាលគោម្នាក់ឯងនៅក្បែរកន្លែងកើតហេតុ។ ពេលដែលជនរងគ្រោះកំពុងឈរមើលគោនោះម្នាក់ឯង ជនសង្ស័យបានស្ទុះចូលទៅផ្តួល ជនរងគ្រោះទៅលើដីធ្វើសកម្មភាពរំលោភរហូតបានសម្រេច ខណៈមិនទាន់ក្រោកពីលើជនរងគ្រោះផងនោះ ស្រាប់តែក្មួយស្រីមកទាន់ ក៏ស្រែកឆោឡោឡើងធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពីជនសង្ស័យរត់គេចខ្លួនបាត់ហើយនោះក្មួយស្រីក៏បាននាំម្តាយមីដែលមានសតិមិនគ្រប់គ្រាន់ទៅកាន់លំនៅឋានវិញ យករឿងប្រាប់ក្រុមគ្រួសារសាច់ញាតិ។
ក្រោយមកក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក់បណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់៕