រាជធានីភ្នំពេញ : អ្នកសម្តែងពន្លកថ្មីកញ្ញា នៅ ម៉ារីសា ដែលទស្សនិកជនបានស្គាល់តាមរយៈខ្សែវីដេអូភាគរបស់ផលិតកម្មមហាហង្ស បានបង្ហើបប្រាប់ឲ្យដឹងពីជីវិតគូស្រករថា ទៅថ្ងៃអនាគត បើនាងមានស្វាមី គឺមិនសំខាន់លើអាយុ ក្មេង ឬចាស់ មាន ឬក្រ តែអ្វីដែលសំខាន់គឺនាងសូមឲ្យបុរសនោះនៅកម្លោះ។
ជាការពិតណាស់ ការជ្រើសរើសគូស្រករ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ពោលគឺត្រូវតែមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ មិននឹងសម្រេចចិត្ត ព្រោះរឿងអនាគតដែលមិនអាចប្រថុយប្រថានបានឡើយ។
តារាសម្តែងចំណូលថ្មីវ័យក្មេងសាច់ខ្ចី កញ្ញា នៅ ម៉ារីសា បន្ទាប់ពីប្រឡង ជាប់ស្រីស្អាតប្រុសស្អាត ក្នុងចំណោម១០នាក់របស់ផលិតកម្មមហាហង្ស បានបញ្ជាក់ថា នាងមិនទាន់ចង់បាន និងគិតរឿងស្នេហាទេ គឺចង់យកពេលទំនេរពីការសិក្សាទៅចាប់អាជីពសិល្បៈ និងខិតខំប្រឹងកសាងកេរ្តិ៍ឈ្មោះឲ្យមានប្រជាប្រិយភាពឲ្យលេចធ្លោរបន្ថែមទៀត។ នាងបានបន្ថែមទៀតថា អ្វីដែលនាងខ្លាច និងមិនចង់ជួបប្រទះនោះ គឺរឿងស្នេហាត្រីកោណ ព្រោះស្នេហាទាំងអស់នេះសុទ្ធតែ អនាគតប្តីគេ មានទ្រព្យសម្បត្តិតាមរយៈផ្លូវកាត់ ដែលប៉ះចំប្តីគេ មានឈ្មោះថា ជាប្រពន្ធចុង ឬក៏ជាស្រីស្នេហ៍លួចលាក់។ ស្នេហាបែបនេះទៅអនាគត គ្មាននរណាម្នាក់នឹកស្មានដល់ថាយ៉ាងណានោះទេ។
តារាសម្តែងស្រស់សាច់សខ្ចី កញ្ញា នៅ ម៉ារីសា ជាកូនច្បងក្នុងគ្រួសារ ហើយ មានបងប្អូន៤នាក់ ស្រីបីនាក់ ប្រុសម្នាក់ បើទោះបីជាឪពុកម្តាយរបស់កញ្ញាមិនមានជាប់ឈាមជ័រជាអ្នកសិល្បៈ ប៉ុន្តែដោយសារស្រឡាញ់ចូលចិត្តលើការសម្តែង កញ្ញាក៏ចូលប្រឡូកតែម្តង ដោយបានសម្តែងខ្សែភាពយន្តចំនួនរឿង២ គឺរឿងទី១ “រលកបោកខ្សាច់” និងរឿងទី២ “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍”។
កញ្ញា នៅ ម៉ារីសា បានបន្តទៀតថា សព្វថ្ងៃក្រៅពីការងារសិល្បៈ និងកំពុងសិក្សា នាងមិនទាន់ចង់គិតពីរឿងអ្វីផ្សេងទេ ជាពិសេសរឿងស្នេហា ដោយនាងអះអាងថា នាងមានវ័យក្មេងពេក ខ្លាចដើរលើផ្លូវ ស្នេហានេះខុស ប៉ះចំស្នេហាត្រីកោណ ស្នេហាប្តីគេជាដើម ប្រាកដជាបាត់បង់អនាគត។ ជាពិសេស នៅក្នុងវិថីសិល្បៈងាយនឹងជួបប្រទះព័ត៌មាន និងរឿងរ៉ាវស្នេហា ខ្លាំងណាស់។ ដូច្នេះ នាងទើបតែចូលប្រឡូក មិនចង់យក ខ្លួនទៅពាក់ព័ន្ធ ក្នុងរឿងស្នេហានោះទេ៕