រាជធានីភ្នំពេញ : ប្រយោគមួយឃ្លាដែលសរសេរជាភាសាអង់គ្លេសថា “Sleep with me ort 1000$?” ដែលមានន័យថា “ដេកជាមួយខ្ញុំទេ ១០០០ដុល្លារ” ដែលបណ្តាញសង្គមមួយបានប្រើពាក្យមិនសមរម្យ បានធ្វើឲ្យកញ្ញាស្រស់សោភា អេន យ៉ាដាវ ក្តៅចុងច្រមុះ ផ្ទុះកំហឹងខ្លាំងរហូតដល់ប្រកាសរកមុខអ្នកដែលប្រព្រឹត្តទង្វើបែបនេះ យកមកផ្តន្ទាទោសតាមច្បាប់។
ទំព័របណ្តាញសង្គមដែលបានយករូប យ៉ាដាវ ទៅដាក់ហើយសរសេរសារជាភាសារអង់គ្លេសថា ៖« Sleep with me ort 1000$?» ដែលមានន័យថា “ដេកជាមួយខ្ញុំទេ ១០០០ដុល្លារ» ជាហេតុដែលធ្វើឲ្យនាងកាន់តែឆេះឆួលភ្លើងកំហឹងខ្លាំងឡើង ព្រោះជាចេតនាមើលងាយនាងដែលជាសិល្បៈដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បី។
តារាស្រីក្នុងរឿង “ខ្ញុំថាខូច ខូចមែន” អេន យ៉ាដាវ បានប្រាប់ទៀតថា នាងទើបទទួលបានព័ត៌មានខាងលើនេះថ្មីៗ ក្រោយមានអ្នកគាំទ្រនាងជាច្រើន បានថតផ្ញើមកឲ្យ។ នាងបានបន្ថែមទៀតថា ៖«ខ្ញុំខឹងខ្លាំងណាស់ មិនគួរណាមកមើលងាយ មើលថោកខ្ញុំបែបនេះទេ ទាំងខ្ញុំ និងគ្រួសារខ្ញុំគឺខឹងដូចគ្នា ព្រោះអីវាប៉ះពាល់ដល់កិត្តិយសខ្លាំងណាស់ យើងជាស្រីហើយមិនមែនតែខ្ញុំទេ គឺស្ត្រីខ្មែរទាំងមូល។ តើពួកហ្នឹងអត់មានម្តាយ មានបងប្អូនស្រីទេអី? ម៉េចបានធ្វើទៅរួច។ ខ្ញុំសូមផ្តាំងមើលមិនចង់មានរឿងទេនោះ សូមដកចេញឲ្យឆាប់»។
តែទោះជាយ៉ាងណា អេន យ៉ាដាវ បានបញ្ជាក់ពីគោលជំហរថា នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរូបនាង និងគ្រួសារធ្ងន់ធ្ងរមិនអាចទទួលយកបាន៕