ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៥ នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន
គោមងារឯកឧត្តម ស ខេង ជា សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម សាយ ឈុំ ជាសម្តេចវិបុលសេនាភក្តីសាយ ឈុំ។
តាមរយៈព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ ព្រះករុណា បានយល់ឃើញថា ឯកឧត្តម ស ខេង ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្រ្ត បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថិរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការការពារលទ្ធិប្រជាធិបតេយ្យ និង មានស្ថិរភាពសន្តិសុខ សង្គមបាន ល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា។
ចំណែកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រមួយទៀត ដែលមានអត្ថន័យប្រហាក់ប្រហែលគ្នាឲ្យ ដឹងថាឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភាបានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ ជាឧត្តមប្រយោជន៍សង្គមជាតិ។ ព្រះរាជក្រឹត្យបន្តថាឯកឧត្តម សាយ ឈុំ ជាទីគោរពស្រឡាញ់ របស់ប្រជារាស្រ្ត មានស្វាមីភក្តិចំពោះរាជបល័្លង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ការពារ យុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយមនៃកម្ពុជា។