ខេត្តក្រចេះ ៖ ប្រភពព័ត៌មានពីខេត្តក្រចេះបង្ហើបឲ្យដឹងថាដោយសារតម្រូវការឈើ ប្រណីតពីប្រទេសវៀតណាមមានការកើនឡើងខ្ពស់ហើយឈ្មួញវៀតណាមបានបង្ខំឲ្យឈ្មួញទុច្ចរឹតខ្មែរផ្គត់ផ្គង់ឈើប្រណីតឲ្យបានច្រើនដល់ពួកគេនោះនាំឲ្យមេឈ្មួញ ឈើ ខ្មែរត្រេកត្រអាលកាន់តែខ្លាំងចំពោះការរកស៊ីជួញនិងកាងឈើខុសច្បាប់នាំ ទៅលក់ នៅប្រទេសវៀតណាម។ប្រភពអោយដឹងបន្តទៀតថា ឈើប្រណីត ក្នុង តំបន់ព្រៃទ្បង់នៅខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កំពុង ប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ដោយសារ តែឈ្មួញ២នាក់ គឺ ឧកញ៉ា ឆាយ ជ្រាយ និង អ៊ឹង ម៉េងតឹក ទទួលបានសិទ្ធិប្រមូលទិញឈើ ខុសច្បាប់នៅក្នុងតំបន់ព្រៃទ្បង់។
មេឈ្មួញឈ្មោះ អ៊ឹង ម៉េងតឹក និងឧកញ៉ា ឆាយ ជ្រាយ បានដាក់ទុនប្រមូលទិញឈើធ្នង់ ឈើសុក្រំ នៅចំណុច មុំ៣ ក្នុងទឹក ដី ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ ជាពិសេសនៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយដឹកឆ្លងកាត់ស្រុកព្រែកប្រសព្វតាមកំពង់ដ ស្រុកឆ្លូង កំពង់គោ របស់ឈ្មោះ ម៉ាត់ ហ៊ីម ឆ្ពោះ ទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងបន្តទៅ ប្រទេសវៀតណាមយ៉ាងសុខស្រួល។ ប្រភពមួយ ចំនួនបាននិយាយថា របររកស៊ី ឈើប្រណីតរបស់ ឆាយ ជ្រាយ និង អ៊ឹង ម៉េងតឹក នេះ មិន មានសមត្ថកិច្ ពាក់ ព័ន្ធណាហ៊ានចាត់ការ ឬត្រួតពិនិត្យអ្វីឡើយ ព្រោះតែពួកគេលាបាត ដៃទទួល បានលាភសក្ការពីឧកញ៉ាឈ្មួញឈើរូបនេះអស់ហើយ។
បើតាមអ្នករកស៊ីឈើខ្លះឲ្យដឹងថាឧកញ៉ា ឆាយ ជ្រាយ និង អ៊ឹង ម៉េងតឹក ទទួល បានសិទ្ធិប្រមូលទិញឈើខុសច្បាប់នៅក្នុងតំបន់ព្រៃទ្បង់និង ដឹកជញ្ជូនឈើ រាល់ ថ្ងៃ គឺបានចាត់ចែងបង់ប្រាក់ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើរបស់លោក ឆេង គឹមសុន ក៏ត្រូវបានឧកញ៉ាដ៏ មាន ឥទ្ធិលក្នុងជំនួញឈើខុសច្បាប់នេះអះអាងថាបានចាត់ចែងរួចជាស្រេចហើយដែរ ជាពិសេស គឺលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ គឺជាអ្នកឃុបឃិត និង ជាអ្នកបើកដៃឲ្យឈ្មួញទាំងពីរនាក់ខាងលើនេះចូលមកប្រមូលទិញ ឈើនិង ដឹក ជញ្ជូនឈើចេញពីព្រៃទ្បង់នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ គ្មាន ញញើតអ្វីទាំងអស់។
គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់សម្តេចនាយករដ្ឋមន្ត្រី អាចមាន ឥទ្ធិពលបង្ការបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់លោកឧកញ៉ា ឆាយ ជ្រាយ និង អ៊ឹង ម៉េងតឹក បានឬក៏អត់ព្រោះភាពអនាធិបតេយ្យនៃការ ដឹកជញ្ជូនឈើប្រណិតដាក់លាយបង្កប់ជាមួយឈើលេខ២ដែលសុំច្បាប់អនុញ្ញាត របស់ ឧកញ៉ា ឆាយ ជ្រាយ និង អ៊ឹង ម៉េងតឹក ដែលប្រមូលទិញឈើពីតំបន់ ព្រៃឡង់ក្នុងខេត្ដកំពង់ធំ ព្រំប្រទល់ខេត្ដក្រចេះ រួចក៏៏ដឹកជញ្ជូនឆ្លងកាត់ស្រុក ព្រែកប្រសព្វ ដើម្បីដឹកជញ្ជូនឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទន្លេចាម កំពុងធ្វើនៅពេលនេះមានទំហំធំធេងនិងព្រហើនបំផុតចំពោះការរឹត បន្តឹងរបស់ រាជរដ្ឋាភិបាលដែលទាមទារឲ្យឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម ត្រួតពិនិត្យ មើលភាព ការដឹកជញ្ជូនឈើប្រណិត អនាធិបតេយ្យ ឡើងវិញជា បន្ទាន់កុំឲ្យប្រជាពលរដ្ឋរិះគន់ថាព្រោះតែសំអាងលើការបើកដៃពីមន្ត្រីថ្នាក់ក្រោមលើ មើលមិនឃើញបង្ករអោយមេឈ្មួញឈ្មោះឧកញ៉ា ឆាយ ជ្រាយ និង អ៊ឹង ម៉េងតឹក អាចធ្វើអ្វីៗតាមតែអំពើចិត្ត៕