ខេត្តក្រចេះ ៖ រថយន្តយីឌុបប្រាំភ្លៅ របស់ឧកញ៉ា ថៃ ដោយមានលោក ធី និងលោក ផា ជាមេការស្ពាយលុយ រត់ការបង់ផ្លូវដ៏ឆ្នើម បានដឹកឈើ បើកបន្តកន្ទុយគ្នា ក្នុងមួយខ្សែៗ
មិនតិចជាង
៧គ្រឿង ចេញពីចំណុច ឃុំអូរគ្រៀង ស្រុកសំបូរឆ្លងកាត់ទីរួមខេត្តក្រចេះ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាញឹកញាប់ បានក្រឡាប់ខ្ជាក់ឈើពេញផ្លូវ ហើយគេឃើញលោក ធី បានឆ្លេឆ្លា រត់ទៅជួបសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បីសម្រួលនិងស្ទួចរថយន្ត សាងឈើដាក់រថយន្ត មួយផ្សេងទៀត យ៉ាងរលូនគ្មាននរណា ហ៊ានក្អកទេ។
ប្រជាពលរដ្ឋរស់នៅកោះខ្ញែរ បានឲ្យដឹងថា ក្រុមហ៊ុនរបស់ ឧកញ៉ា ថៃ បានប្រមូលទិញឈើប្រណិត ពីតំបន់នានាដឹកតាមទូក មកចតនៅចំណុចត្បូងខ្លា ក្នុងចន្លោះព្រំប្រទល់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួចដឹកជញ្ជូនបន្ត តាមគោយន្តច្នៃ ចូលក្រុមហ៊ុន ក្នុងចំការកៅស៊ូ រួចដឹកបង្គាប់ជាមួយឈើគ្រឿង ឬដឹកសុទ្ធដោយ បន្លំជាមួយរថយន្ត ដែលមាន ប៉េសេ ត្រឹមត្រូវ ដោយមានការឃុបឃិត ជាមួយមន្ត្រីជំនាញ។ ការប្រមូលទិញឈើ ក្នុងតំបន់ខាងលើនោះ គឺមានមេកាម្នាក់ទៀតឈ្មោះ ផា គឺជាអ្នករត់ការ បង់លុយឲ្យសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
លោក ផា និងលោកធី ជាមេការរបស់ឧកញ៉ា ថៃ ក៏ពិតមែន តែគាត់មានទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ចតាមផ្លូវ ជាញឹកញយពួកគេ បានចេញមុខកាង ឬស៊ីឈ្នួលដឹកឈើ អោយឈ្មួញតូចតាចផ្សេងទៀត ពីខេត្តស្ទឹងត្រែង និងក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ បានដោយរលូន បើទោះបីជាគ្មាន ប៉េសេ ក៍ដោយ ។