ខេត្តកំពង់ធំ : មានសេចក្តីរាយការណ៍មកថា នៅចំណុចគល់ស្ពានកំពង់ធំ នាពេលយប់កម្លាំងប៉ូលីសចរាចរណ៍ខេត្ត១ក្រុមដែលមានគ្នាប្រមាណ១០នាក់ កំពុងតែធ្វើសកម្មភាពឃាត់រថយន្ត។ ដោយអ្នកខ្លះមានកាន់ដំបងបញ្ជាចរាចរណ៍ឈរកាត់រថយន្តដឹកទំនិញមិនថារថយន្តធំ ឬតូចទេ។ ករណីនេះប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន និងអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំការងឿងឆ្ងល់ជាខ្លាំង ហើយនិយាយថា តើកម្លាំងប៉ូលីសចរាចរណ៍ ខេត្ត១ក្រុមនេះកំពុងតែបំពេញបេសកម្មអ្វីទៅ? កំពុងត្រួតពិនិត្យរថយន្ត គ្មានស្លាកលេខ ក៏មិនត្រូវត្រួតពិនិត្យរថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តដឹកលើសទម្ងន់ក៏មិនមែនត្រួតពិនិត្យជាតិស្រវឹងក៏មិនមាន។
ពួកគាត់នាំគ្នារង់ចាំមើលដើម្បីឲ្យដឹងច្បាស់ថា តើប៉ូលីសចរាចរណ៍ខេត្ត១ក្រុម ដែលឈរជើងនៅចំណុចខាងត្បូងគល់ស្ពានកំពង់ធំ ជារៀងរាល់យប់នេះកំពុងធ្វើអ្វីខ្លះ? មួយសន្ទុះក្រោយមកទើបបានដឹងច្បាស់ថា ប៉ូលីសចរាចរណ៍ខេត្ត១ក្រុម ដែលឈរជើងនៅចំណុចខាងត្បូងគល់ស្ពានកំពង់ធំ គឺគ្មានអ្វីក្រៅពីកំពុងតែធ្វើសកម្មភាព កាក់រថយន្តតូចធំឲ្យឈប់ចូលបង់លុយនោះទេ ព្រោះគ្មានសម្ភារៈសម្រាប់វាស់ជាតិអាលកុល! ពួកគាត់សួរថា តើសកម្មភាពទាំងអស់នេះលោកស្នងការនគរបាលខេត្ត និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានដឹងដែរឬទេ? អំពីបញ្ហាខាងលើនេះ?
ពាក់ព័ន្ធករណីនេះដែរលោកវរៈសេនីយ៍ឯក កែវ ហួ ស្នងការងនគរបាលខេត្តទទួលបន្ទុកការិយាល័យកណ្តាលសណ្តាប់ធ្នាប់បានឲ្យដឹងថា លោកបានអនុញ្ញាតិឲ្យដាក់កម្លាំង១ក្រុមនៅចំណុចគល់ស្ពានកំពង់ធំនេះ គឺដើម្បីរង់ចាំជួយអន្តរាគមន៍ នៅពេលដែលមានបញ្ហាផ្សេងៗ កើតឡើងជាយថាហេតុ ចំណែករឿងកាក់រថយន្តយកលុយនោះ គឺលោកមិនបានអនុញ្ញាតិឲ្យធ្វើរបៀបនេះទេ។
ចំណែកលោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា លោកបានអនុញ្ញាតិឲ្យដាក់ កម្លាំងត្រួតពិនិត្យតែគ្រឿងស្រវឹងប៉ុណ្ណោះ ប្រសិនណាបើមានករណីកាក់រថយន្តយកលុយមែននោះលោកនឹងចាត់វិធានការជាបន្ទាន់។
ជុំវិញបញ្ហាខាងលើនេះដែរ ក៏មានមតិប្រជាពលរដ្ឋរិះគន់ថា ឲ្យពួកគាត់ទៅដាក់ពាក្យបណ្តឹងដល់ខេត្តឯណាទៅវានាំតែឲ្យខាតពេលវេលារកស៊ីនោះ បើអាជ្ញាធរដឹងហើយមិនមានវិធានការទប់ស្កាត់ទេពួកគាត់ជាប្រជាពលរដ្ឋមានតែទ្រាំតាមកម្មវាសនាទៅ ក្នុងជើងៗបង់លុយឲ្យគេពី១ម៉ឺនរៀល ទៅ២ម៉ឺនរៀលបន្តរទៀតទៅ តែវាដូចជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់៕