
រាជធានីភ្នំពេញ : នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ ដែលតែងតែញៀនលេងឆ្នោត (កន្ទុយលេខ) បាននាំគ្នា ចាក់លេខ ០៨៣ និងលេខ៨៣ ប៉ុន្តែលេខនេះ ត្រូវបានមេកន្ទុយលេខ បិទមិនឲ្យមេរង (កូនកញ្ច្រែង) ទទួលទេ។
ការ ដែល ពួកគេ នាំគ្នា ចាក់លេខ ០៨៣ នៅថ្ងៃ ៩ មិថុនានេះ គឺដោយ យោងទៅតាម អាយុរបស់សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ ឆ្នាំ។ អ្នកលេងកន្ទុយលេខ បានអះអាងថា អាយុសម្តេច ជា ស៊ីម ជាលេខហេង។
សូម បញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីសម្តេចទទួលមរណភាពភ្លាម អ្នកលេងកន្ទុយលេខ បាននាំគ្នាបុកចាក់លេខ ៨៣ និងលេខ ០៨៣ ប៉ុន្តែលេខទាំងនេះ មិនចេញទេ។
ប៉ុន្តែ ទោះយ៉ាង នៅថ្ងៃនេះ ក្រុមអ្នកលេង កន្ទុយលេខ បានសម្តែង ការខកចិត្ត យ៉ាងខ្លាំង នៅពេលដែលទៅចាក់កន្ទុយលេខ បែរជា មេកន្ទុយលេខមិនទទួលលេខ ០៨៣ និង ៨៣ ទៅវិញ ដោយមេកន្ទុយលេខ អះអាងថា មេធំ មិនឲ្យទទួលយកលេខនេះទេ ព្រោះខ្លាចចេញលេខ ០៨៣ និង៨៣។ លេខនេះ នៅថ្ងៃនេះ គេនាំគ្នាបុកខ្លាំងណាស់។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី នៅម៉ោងជាងរសៀលថ្ងៃនេះ កន្ទុយលេខ ដែលចេញពីប្រទេសវៀតណាម មកនោះ គឺមិនមានលេខ ០៨៣ និង៨៣ នោះទេ ហើយអ្នកចាក់កន្ទុយលេខ បាននាំសើចយ៉ាងសប្បាយ និងបាននិយាយថា "កុំអីអស់លុយ សំណាងល្អ មេមិនយក!"។
សូមបញ្ជាក់ថា ល្បែង កន្ទុយលេខ ដែល ចេញនៅ វៀតណាម កំពុង ពេញនិយម នៅទូទាំង ប្រទេស កម្ពុជា។ អ្នក លេងឆ្នោត តែងតែចាក់ឆ្នោត នៅពេលមានអ្នកស្លាប់ ដោយយកអាយុរបស់សពនោះ ហើយភាគច្រើន លេខឆ្នោត ពេលខ្លះ ចេញដូចអាយុរបស់អ្នកស្លាប់នោះ ក៏មាន៕

ប្រភព :everyday.com.kh