ខេត្តកោះកុង : បន្ទាប់ពីកើតរឿងសម្លាប់ស្ត្រីម្នាក់ប្លន់យកខ្សែក និងខ្សែដៃ នៅទីរួមខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយដែលមានប៉េអឹមខេត្ត និងប៉េអឹមក្រុងខេមរភូមិន្ទ ដើម្បីបើកការស៊ើបអង្កេតស្វែងរកការពិតជុំវិញសំណុំរឿងឃាតកម្មនោះ។
ក្រោយការស៊ើបអង្កេតបឋម ប៉េអឹមក្រុងខេមរភូមិន្ទ ដែលបានចូលរួមការស៊ើបអង្កេត អះអាងថា សាក្សីជាង១០នាក់ ដែលបានជួបសម្ភាសបានអះអាងថា កូនស្រីរបស់ស្ត្រីរងគ្រោះនោះ អាចមិនមែនជាឃាតក ដូចការអះអាងរបស់ប៉ូលិសនោះទេ។
ការស៊ើបអង្កេតរបស់ប៉េអឹមលើឃាតកម្មស្ត្រីវ័យ៥៣ឆ្នាំ ឈ្មោះ ម៉េង សៃ ប្លន់យកខ្សែក និងខ្សែដៃ២ដំឡឹងនោះត្រូវបានធ្វើឡើង ដើម្បីស្វែងរកយុត្តិធម៌ ការពិត និងមួយវិញទៀត សំណុំរឿងឃាតកម្មដែលប៉ូលិសខេត្តកោះកុង អះអាងថា កូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះជាឃាតកនោះ គឺមហាជនមិនអស់ចិត្តឡើយ។
មន្ត្រីប៉េអឹមម្នាក់ដែលបានចូលរួមការស៊ើបអង្កេតបានឲ្យដឹងថា សាក្សីជាង១០នាក់ដែលនៅជិតតូបលក់ដូររបស់កូនស្រី និងនៅជិតផ្ទះរបស់ស្ត្រីរងគ្រោះបានអះអាងថា អាចមិនមែនជាកូន ស្រីបង្កើត ជាអ្នកកាប់សម្លាប់ម្តាយខ្លួនឯង ដើម្បីប្លន់យកខ្សែក និងខ្សែដៃផ្លាទីន ទម្ងន់២ដំឡឹងនោះទេ។
សាក្សីសំអាងថា នៅព្រឹកថ្ងៃកើតហេតុមានសាក្សីនៅជុំវិញតូបរបស់ស្ត្រីឈ្មោះ ប៉ាន់ ណៃស៊ីម ជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះ គឺនៅព្រឹកនោះស្ត្រីឈ្មោះ ប៉ាន់ ណៃស៊ីម នៅផ្សារលក់ដូរ រហូតដល់កូនស្រីរបស់ណៃស៊ីម រត់ទៅប្រាប់ ទើបនាងចាកចេញពីតូបទៅផ្ទះ។
រីឯសាក្សីសំខាន់ម្នាក់ទៀតបានអះអាងថា នៅម៉ោងប្រមាណ៨ព្រឹក ស្ត្រីរងគ្រោះបានទៅទិញបបររបស់ខ្លួននៅឡើយ ដូច្នេះហេតុការណ៍កាប់សម្លាប់ស្ត្រីរងគ្រោះអាចកើតឡើងនៅម៉ោងជាង៨ ឬម៉ោង៩ព្រឹក ថ្ងៃទី ២៨ ខែឧសភា ហើយការផ្អើលឆោរឡោ កើតឡើងម៉ោងជាង១០ព្រឹកនោះ។
យ៉ាងណាក៏ដោយមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ ការស៊ើបអង្កេតរបស់ប៉េអឹមនៅមិនទាន់បិទបញ្ចប់ទេ។ តែមន្ត្រីប៉េអឹមបានអះអាងថា របាយការណ៍ស៊ើបអង្កេត របស់ប៉េអឹម នឹងត្រូវ បញ្ជូនទៅកាន់តុលាការ ដើម្បីបង្ហាញការពិត ខណៈដែលមតិភាគច្រើន នៅមានចម្ងល់ជុំវិញឃាតកម្ម ដែលប៉ូលិស អះអាងថា កូនស្រីជាឃាតក សម្លាប់ម្តាយបង្កើតដើម្បីប្លន់យកខ្សែក និងខ្សែដៃ ផ្លាទីន ចំនួន ២ ដំឡឹង។
សូមរម្លឹកថា ប៉ូលិសខេត្តកោះកុង និង ប៉ូលិសក្រុងខេមរភូមិន្ទ បានចាប់ខ្លួន និងចោទប្រកាន់ស្រី្ត ប៉ាន់ ណៃស៊ីម ជាកូនបង្កើតរបស់ស្ត្រីរងគ្រោះក្នុងសំណុំរឿង ឃាតកម្មសម្លាប់រួចប្លន់ ដែលបានកើតឡើង កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គឺប៉ូលិសសម្អាង តែលើសម្តីរបស់ស្ត្រីជាអ្នកជិតខាង ឈ្មោះជាមុំ ឆ្លើយដាក់បន្ទុក ខណៈដែលក្រុមគ្រួសារស្ត្រីរងគ្រោះ និងកូនស្រីនោះ បានបដិសេធការចោទប្រកាន់។
បន្ទាប់ពីសាកសួរលើស្ត្រីជាប់ចោទនៅថ្ងៃទី១មិថុនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានសម្រេច ធើ្វការចោទប្រកាន់ស្រី្តឈ្មោះ ជា មុំ អាយុ ៤៥ ឆ្នាំ ( អ្នកជិតខាង ) ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រាទី២៩ និង២០០ នៃក្រមព្រហ្មទណ្ឌ។ រីឯស្រី្តជាកូនបង្កើតឈ្មោះ ប៉ាន់ ណៃស៊ីម អាយុ ៣១ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ចំណែកបុរសជាសង្សាររបស់ស្ត្រីជាប់ចោទ ប៉ាន់ ណៃស៊ីម ឈ្មោះ កុសល អេងអភិវឌ្ឍន៍ ត្រូវបាន តុលាការលើក លែងការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពវិញ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមគ្រួសារស្ត្រីរងគ្រោះ មិនយល់ថា ស្ត្រីជាកូនបង្កើត ប្រព្រឹត្តិដូចការចោទប្រកាន់របស់ប៉ូលិស និងចៅក្រម ក្នុងរឿងសម្លាប់ម្តាយបង្កើតនោះទេ។
លោក ប៉ាន់ សុភ័ក្ត្រ កូនប្រុសរបស់ស្ត្រីរងគ្រោះ ម៉េង សៃ បានអះអាងថា មានសាក្សីជាអ្នកលក់ដូរនៅផ្សារ យ៉ាង ហោចណាស់ ៥ នាក់ បានអះអាងថា ពួកគេបានឃើញស្ត្រីឈ្មោះ ប៉ាន់ ណៃស៊ីម ដែលជាប់ចោទថាជាអ្នកសម្លាប់ម្តាយបង្កើតនៅលក់ដូរនៅផ្សារ តាំងពីម៉ោង៦ព្រឹក រហូតដល់ពេលផ្អើលឆោឡោ នៅម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃកើតហេតុនោះ។ម្យ៉ាងវិញទៀត លោក ប៉ាន់ សុភ័ក្ត្រ បានបញ្ជាក់ថា រូបគេ មិនជឿថា បងស្រីខ្លួន ( ប៉ាន់ ណៃស៊ីម ) ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ព្រោះរបស់របរមាសប្រាក់និងកេរ្តិ៍អាកររបស់ម្តាយគឺត្រូវប្រគល់ឲ្យកូនស្រីនោះ(ណៃស៊ីម) ដោយសារសព្វថ្ងៃ ម្តាយ និងកូន រស់នៅជាមួយគ្នា។ ដូច្នេះ គ្មានហេតុផលអ្វីដែលកូនស្រី សម្លាប់ម្តាយ ដើម្បីយកខ្សែកខ្សែដៃ ២ ដំឡឹង ដូចការអះអាងរបស់ស្ត្រី អ្នក ជិតខាង ឈ្មោះ ជា មុំ នោះទេ។
លោក ប៉ាន់ សុភ័ក្ត្រ ក៏បានកត់សម្គាល់នូវចម្លើយរបស់ស្ត្រីជាប់ចោទ ជា មុំ ដែលបានប្រាប់ប៉ូលិសថា ខ្សែក និងខ្សែដៃ ដែលប្លន់បានពីស្ត្រីរងគ្រោះ ត្រូវបាន ណៃស៊ីម ចែកឲ្យខ្លួនខ្លះ។ ប៉ុន្តែនៅពេលប៉ូលិស ទៅដកហូត គឺខ្សែក ១ ដំឡឹង និងខ្សែដៃ ១ ដំឡឹងដែលជារបស់ស្ត្រីរងគ្រោះបែរជាត្រូវស្ត្រីអ្នកជិតខាង ឈ្មោះ ជា មុំ លាក់ទុកនៅក្នុងចានអង្កររបស់ខ្លួនទាំងអស់ទៅវិញ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារស្ត្រីរងគ្រោះ តាមរយៈមេធាវី ក៏បានស្នើសុំទៅកាន់តុលាការ ដើម្បីយកមកវិញនូវគ្រឿង អលង្ការ និង លុយ មួយចំនួនធំ ដែលប៉ូលិសបានរឹបអូស ព្រោះថា គ្រឿងអលង្ការ និង លុយទាំងនោះ មិនជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនោះទេ តែត្រូវប៉ូលិសរឹបអូស ហើយតុលាការ មិនប្រគល់ឲ្យគ្រួសារជនរងគ្រោះវិញទេ ។
ដូច្នេះ ក្នុងសំណុំរឿងក្តីនេះ ចៅក្រមតុលាការខេត្តកោះកុង គួរតែបើកការស៊ើបអង្កេត ស្វែងរកការពិត ដើម្បីកុំឲ្យគ្រួសារ ស្ត្រីរងគ្រោះ ត្រូវទទួលរង អយុត្តិធម៌។ ពោលគឺ ម្តាយត្រូវគេ សម្លាប់ហើយ បែរជា ចាប់កូនស្រី ដាក់គុក ចោទថា ជាឃាតក សម្លាប់ម្តាយខ្លួនឯងទៅទៀត៕