នៅលើទីផ្សារបច្ចុប្បន្នមានការងារ និងអាជីវកម្មជាច្រើនបាននឹងកំពុងដំណើរការ ទោះបីជាយ៉ាងណាយើងអាចមើលឃើញថា មានអាជីវកម្មជាច្រើនបានរីកចម្រើន និងជោគជ័យ ខណៈដែលអាជីវកម្មមួយចំនួនធំបានបរាជ័យ និងធ្វើឲ្យសហគ្រិនមានការខាតបង់យ៉ាងច្រើនចំពោះការបរាជ័យអាជីវកម្មរបស់ខ្លួន។ ដូច្នេះហើយទើបមានមនុស្សមួយចំនួនធំបានសម្រេចចិត្តធ្វើការ ដោយសង្ឃឹមថា នឹងមានសុវត្តិភាពផ្នែកហិរញ្ញវត្ថុ។ តែទោះបីជាការធ្វើអាជីវកម្មមានកម្រិតហានិភ័យខ្ពស់យ៉ាងណាក៏ដោយ តែវាបានផ្តល់ឱកាសយ៉ាងច្រើន សម្រាប់អ្នកឈានទៅរកភាពមានបាន ដើម្បីជាគោមបំភ្លឺផ្លូវសម្រាប់អ្នកដែរចង់ចាប់ផ្តើមអាជីវកម្ម។ ថ្ងៃនេះ គេហទំព័រសារព័ត៌មានកំណើតថ្មី សូមលើកយកនូវគន្លឹះសំខាន់ៗទាំង៥យ៉ាងដែរអ្នកគួរចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។
១-បង្កើតផលិតផលដែរអ្នកចង់បានតែមិនមានលើទីផ្សារ
មនុស្សម្នាក់ៗមានការគិត និងការច្នៃប្រឌិតផ្ទាល់ខ្លួន ហើយគំនិតច្នៃប្រឌិតទាំងនោះអាចនាំពួកគេទៅកាន់ភាពជោគជ័យបានដោយមិនចាំបាច់មានការប្រកួតប្រជែងច្រើន។ ព្រោះថា ផលិតផលដែរអ្នកបានគិតនឹងចង់បង្កើតនោះគឺកើតចេញពីចំណង់ និងការគិតរបស់អ្នក។ អ្នកអាចមើលទៅលើឧទាហរណ៍ជាក់ស្តែង គឺគេហទំព័រ Facebook ដែលកើតឡើងពីចំណង់ និងការគិតរបស់លោក Mark Zuckerberg។
២-បង្កើតក្រុមហ៊ុន និងការគ្រប់គ្រងតាមអ្វីដែរអ្នកចង់បាន
មានមនុស្សតិចប៉ុននោះដែរអាចស្វែងរកកន្លែងធ្វើការដែរមានបរិយាកាស និងរបៀបធ្វើការតាមអ្វីដែរពួកគេចង់បាន ហើយមនុស្សមួយចំនួនធំបានរស់នៅជាមួយការងារដែរខ្លួនមិនពេញចិត្តសឹងតែពេញមួយជីវិត។ ចុះចំពោះរូបអ្នកចង់ធ្វើដូចជាមនុស្សមួយក្រុមធំនោះដែរឫទេ? ដូចនេះបើអ្នកចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងអ្នកពិតជាមានឱកាសច្រើនក្នុងការធ្វើការងារក្នុងទីកន្លែងដែរខ្លួនចង់បាន។
៣-បង្កើតជារូបរាងនៃទស្សន:វិស័យរបស់អ្នក
មនុស្សគ្រប់រូបសុទ្ធតែមានទស្សនៈវិស័យរៀងៗខ្លួន ប៉ុន្តែមិនមានមនុស្សច្រើននោះទេដែរបានសម្រេចទៅតាមការគ្រោងទុករបស់ខ្លួន។ ដូច្នេះហើយសម្រាប់លោកអ្នកដែលចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ពិតជាមានឱកាសយ៉ាងច្រើន ក្នុងការសម្រេចនូវទស្សនៈវិស័យរបស់ខ្លួន ដែរនឹងនាំឲ្យជីវិតរបស់លោកអ្នកពោពេញទៅដោយភាពជោគជ័យ និងសុភមង្គល។
៤-មានឱកាសទទួលជោគជ័យច្រើន
នៅពេលដែរអ្នកចាប់ផ្តើមប្រលូកក្នុងអាជីវកម្មវាពិតណាស់ដែរអ្នកនឹងជួបប្រទះនូវហានិភ័យជាច្រើន ជាងពេលដែរអ្នកធ្វើការឲ្យគេ។ ទោះជាយ៉ាងណាហានិភ័យទាំងនោះហើយដែរជាមេរៀនយ៉ាងសំខាន់សម្រាប់អ្នកក្នុងការឈានទៅរកភាពជោគជ័យ។
៥-មើលឃើញឱកាសច្រើនដើម្បីក្លាយខ្លួនជាអ្នកមាន
វាជាការពិតមួយដែលមនុស្សគ្រប់រូបតែងនិយាយថា អ្នកមានកាន់តែមាន រីឯអ្នកក្រ គឺកាន់តែក្រ។ ឃ្លានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាទុនក្នុងការបំភ្លឺផ្លូវទៅរកភាពជោគជ័យរបស់អ្នក ព្រោះថា គ្រប់ពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម អ្នកនឹងមានមនុស្សជាច្រើនចង់ទំនាក់ទំនងជាមួយអ្នក ហើយមនុស្សទាំងនោះនឹងនាំមកនូវឱកាសថ្មីៗជាច្រើនសម្រាប់អ្នក៕