បុគ្គលិកក្រុមហ៊ុន EBC ចំនួន៧នាក់ សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បោកយកប្រាក់ ប្រជាពលរដ្ឋ

, , Leave a comment

 

SR-001

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅវេលាម៉ោង២០និង១៥នាទីយប់ ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៥ ស្ថិតនៅ ចំណុចក្នុងសណ្ឋាគារសៀមរាបថោន ជាន់ទី៥ និងជាន់ទី២

ក្នុងភូមិ បន្ទាយ ចាស់សង្កាត់ស្លក្រាមក្រុងសៀមរាប។កម្លាំងនគរបាលខេត្តសៀមរាបដឹកនាំ ដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចូល ឆែកឆេរ ក្នុង សណ្ឋាគារសៀមរាបថោននិងឈានទៅឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ជាបុគ្គលិក ក្រុមហ៊ុន EBC ក្នុងករណី ផ្ញើរលុយ បានការប្រាក់ខ្ពស់ ដែល ទង្វើទាំងនេះ ជារឿងឆបោក ទាំងស្រុង ព្រោះក្រុមហ៊ុននេះ មិនទាន់មានច្បាប់ទម្លាប់ នៅឡើយទេ។

 

លោកវរសេនីយ៍ទោ ហុង ប៊ុនហាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាល ខេត្តសៀមរាប បានអោយដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីប្រជា ពលរដ្ឋថាមានករណី កម្ចីលុយពីសំណាក់ក្រុមហ៊ុន EBC ដោយ ផ្ដល់ អត្រាការប្រាក់ខ្ពស់ មាន បទបញ្ជាដោយផ្ទាល់ពីលោក ស៊ត ណាឌី ស្នងការខេត្តសៀមរាប និងដោយមានការ ចូលរួម ពីលោក សុខ កែវបណ្ឌិត ព្រះ រាជ អាជ្ញា រងអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាល ចំរុះចុះត្រួតពិនិត្យមើលករណី ក្រុមហ៊ុនខាងលើ ដែលមានកម្ចីលុយដោយផ្ដល់ការប្រាក់ខ្ពស់ ហើយត្រូវបានហាមប្រាមព្រោះមិនទាន់មានច្បាប់ទម្លាប់ត្រឹម ត្រូវពីក្រសួងឬ ស្ថាប័ន ណាមួយនោះទេ។

 

លោកនាយការិយាល័យព្រហ្មទណ្ឌ័បានបន្តថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួន ប្រុស ស្រីចំនួន ៧នាក់ ក្នុងនោះមាន ៖ ទី១/ឈ្មោះ មោល កែវ ភេទប្រុសអាយុ៣៤ឆ្នាំ(មេក្លោង) រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ទី២/ឈ្មោះ ឌុល សាន ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបររ៉ឺម៉ក ជា(សមាជិក) ចាញ់បោកអស់ទឹកប្រាក់ចំនួន១៥០០ដុល្លារ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម និង ទី៣/ឈ្មោះ ហុង សុធា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ សមាជិកទើបបាន៥ខែ ចាញ់បោកអស់លុយ ចំនួន ២០០០ ដុល្លារ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ទី៤/ឈ្មោះ វ៉ាន់ សែន ភេទប្រុសអាយុ៣០ឆ្នាំមុខរបរ នៅផ្ទះ(សមាជិក)ចាញ់បោកអស់ទឹកប្រាក់ ចំនួន៥០០ដុល្លារ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ទី៥/ឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវនិងទី៦/ឈ្មោះ ឌុល អែម ភេទស្រី អាយុ៤២ឆ្នាំមុខរបរលក់ក្រឡាន និងទី៧/ឈ្មោះ ជឹម វត្តី ភេទស្រីអាយុ៣១ឆ្នាំ មុខរបរ លក់ក្រឡាន អ្នកទាំង២ មានទីលំនៅភូមិសុភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ដកហូតបានវត្ថុតាងរួមមាន ៖ កិច្ចសន្យាផ្ទេរលុយ និងទទួលលុយ មួយចំនួន,ម៉ូតូចំនួន២ គ្រឿង និង រថយន្ត ២គ្រឿង,កង់មួយគ្រឿង ,កុងទ័រ១គ្រឿង,លេបថបចំនួន១ ព្រមទាំង សម្ភារៈផ្ទាល់ខ្លួនដូចជា ទូរស័ព្ទដៃនិងឧបករណ៍ ប្រើប្រាស់តាមអ៊ីនធឺណេតមួយចំនួនធំ ផងដែរ ។

 

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បាន ប្រតិកម្ម ទៅនឹង អង្គការមូលនិធិអាស៊ីអាគ្នេយ៍ ដែលបានខ្ចីលុយពីប្រជាពលរដ្ឋដោយឲ្យការប្រាក់១០ភាគរយ ។  សម្តេច ហ៊ុន សែន ក៏បានបញ្ជាឲ្យ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ ជាតិនៃកម្ពុជា រួមទាំងអាជ្ញាធរ ចាត់វិធានការ កុំឲ្យថ្នាក់ដឹកនាំអង្គការ នោះ រួចខ្លួនឲ្យសោះ។

 

កន្លងមកមានប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួន ធ្លាប់បានលក់គោ ក្របី ដីធ្លី ផ្ទះ សម្បែង យកទៅដាក់សន្សំជាមួយក្រុមហ៊ុន EBC តាម រយៈអង្គការ AIF និងសមាគម ICA ព្រមទាំងតាម លក្ខណៈបណ្តាញតៗគ្នាដោយមានឈ្មោះ ហ៊ួត សុវណ្ណ ជានាយក អង្គការស្អី គេនោះ  ប្រជាពលរដ្ឋ សង្ឃឹមថា នឹងទទួលបានការប្រាក់ខ្ពស់ តាមបច្ចេកទេសឃោសនា បោក ប្រាស់ របស់បុគ្គលិក ក្រុមហ៊ុន EBCរួចហើយពួកគេទាំងនោះក៏បានក្លាយ ទៅជាជន រងគ្រោះយ៉ាងអយុត្តិធម៌។

 

ដើម្បីទប់ស្កាត់ការប្រើរូបភាពបោកប្រាស់ខាងលើសាលាខេត្តសៀមរាបបានចេញ សេចក្តីជូន ដំណឹង មួយ ដោយឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការខ្ចីប្រាក់ និងការ ដាក់ ប្រាក់សន្សំ ជាមួយ ក្រុមហ៊ុន សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ឬតាមរយៈ បណ្តាញតៗ គ្នា។បានដាក់លេខទូរស័ព្ទ HOTLINE: 097 778 0013 ដើម្បីឲ្យ ឲ្យប្រជាពលរដ្ឋទាក់ទងផ្តល់ ព័ត៌មានទៅសមត្ថកិច្ចផងដែរ ប្រសិនបើជួបប្រទះករណីដូចបានរៀបរាប់ខាងលើនេះ៕

 

SR-003 SR-002 SR-006

 

Leave a Reply

(*) Required, Your email will not be published