រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃទី២ ខែមិថុនានេះ សម្តេចតេជោ ហ៊ុនសែន បានប្រតិកម្មទៅនឹងអង្គការមូលនិធិអាស៊ីអាគ្នេយ៍ដែលបានខ្ចីលុយពីប្រជាពលរដ្ឋ ដោយឲ្យការប្រាក់ ១០ភាគរយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រតិកម្មនេះធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៤១ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្តេចហ៊ុនសែន ក៏បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា រួមទាំងអាជ្ញាធរ ចាត់វិធានការ កុំឲ្យថ្នាក់ដឹកនាំអង្គការនោះ រួចខ្លួនឲ្យសោះ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា "សូមប្រជាពលរដ្ឋកុំចាញ់បោកគេឲ្យសោះ មីក្រូហិរញ្ញវត្ថុ ដែលឲ្យលុយប្រជាពលរដ្ឋខ្ចី មិនមែនជារបស់រដ្ឋទេ ជារបស់ឯកជន។ រដ្ឋមានតែធនាគារជាតិតែមួយប៉ុណ្ណោះ"។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ អង្គការមូលនិធិអាស៊ីអាគ្នេយ៍ ដែលស្នាក់ការធំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានសាខានៅខេត្តកំពង់ឆ្នាំង បាត់ដំបង ត្រូវបានអាជ្ញាធរខេត្ត បញ្ជាឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ដោយសារតែគ្មានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កន្លងមកមានប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួន ធ្លាប់បានលក់គោ ក្របី ដីធ្លី ផ្ទះសម្បែង យកទៅដាក់សន្សំជាមួយក្រុមហ៊ុន EBC តាម រយៈអង្គការAIFនិងសមាគម ICA ព្រមទាំងតាមលក្ខណៈបណ្តាញតៗគ្នាដោយ សង្ឃឹម ថា នឹង ទទួលបានការប្រាក់ខ្ពស់ តាមបច្ចេកទេសឃោសនាបោកប្រាស់ របស់បុគ្គលិក ក្រុមហ៊ុន EBC រួចហើយពួកគេទាំងនោះក៏បានក្លាយទៅជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ។
សាលាខេត្តកំពង់ឆ្នាំង បានចេញលិខិតជូនដំណឹងមួយបន្ទាន់ នៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៥ ដោយជម្រាបទៅនាយកអង្ការ មូលនិធិអភិវឌ្ឍន៏អាស៊ីអាគ្នេយ៏ហៅកាត់ថា អង្គការ AIF នៅ ក្នងខេត្តកំពង់ឆ្នាំង ឲ្យផ្អាកបណ្តោះអាសន្នជាបន្ទាន់នូងរាល់សកម្មភាពរបស់អង្គការ AIF ។ ហើយថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥ នេះសាលាខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជម្រាបជូន ក្រសួងមហាផ្ទៃ អំពីអង្គការមូលនិធិ អភិវឌ្ឍន៍អាស៊ី អាគ្នេយ៍ AIF ក្រោយពីប្រជុំនៅសាលា ខេត្តបាត់ដំបងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៥ឲ្យផ្អាកបណ្តោះអាសន្ននូវសកម្មភាពពាក់ពន្ឋ័និង មីក្រូ ហិរញ្ញវត្ថុ៕