ខេត្តកំពង់ឆ្នាំង : ជាថ្នូរនឹងទឹកប្រាក់ជាង១៥ លានរៀល នេះមិនទាន់រាប់បញ្ចូលពីទឹកប្រាក់ក្រោមតុ គ្រឿងចក្រការដោះលែងឈូសឆាយដីព្រៃលិចត្រូវបានដោះលែងយ៉ាងតក់ក្រហល់ ដោយសារតែដីដែលកំពុងឈូសឆាយជាដីរបស់អភិបាលរងខេត្ត និងស្នងការរង នគរបាលមួយរូបជាអ្នកទទួលមើលការខុសត្រូវ និងមានប្អូនថ្លៃជាអ្នករត់ការ។ ករណីខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់យ៉ាងខ្លាំង ខណៈពួកគាត់គ្រាន់តែធ្វើការភ្ជួររាស់កាប់ឆ្ការ បន្តិចបន្តួច ត្រូវបានមន្ត្រីសមត្ថកិច្ចចាប់ឃាត់ ឬបន្តនិតិវិធីទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង។ ចំណែកឯលោកអភិបាលរង ដែលមានអំណាច ជាអ្នកអនុវត្តច្បាប់ និងជាគម្រូដល់ប្រជាពលរដ្ឋទូទៅ បែរជារួចខ្លួនទៅវិញ។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋបានរិះគន់ចំៗ ដោយសារឥទ្ធិពលខ្លួនជាអភិបាលរងខេត្ត និងដោយមានកិច្ចសហការយ៉ាងស្អិតល្មួលរបស់លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ការរំលោភឈូសឆាយដីព្រៃលិចទឹកដី តំបន់បីនៅក្រោមទំនប់២០ឧសភា ជាដីរបស់លោក ហ៊ី ណាត និងស្នងការរង នគរបាលខេត្តម្នាក់ទៀត ដោយយកឈ្មោះប្រជាពលរដ្ឋមកឈរពាំង ដើម្បីធ្វើការឈូសឆាយ និងទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិរាប់ពាន់ហិកតា។ មន្ត្រីសមត្ថកិច្ចមិនហ៊ានក្អកឡើយ ខណៈលោកអភិបាលរងខេត្តរូបនេះ គេអះអាងថា ជាសេដ្ឋីស្ងាត់ៗ មានដីរាប់ពាន់ហិកតាប្រវាស់ឲ្យប្រជាពលរដ្ឋ ឈូសឆាយ ធ្វើស្រែប្រាំង ដើម្បីបិទបាំង។
ជាក់ស្តែងសមត្ថកិច្ចចម្រុះបានធ្វើការចាប់ឃាត់ គ្រឿងចក្រចំនួន៣គ្រឿង ដោយសារតែធ្វើ សកម្មភាពឈូសឆាយព្រៃលិចទឹក នៅតំបន់នោះហើយត្រូវ បានគេដោះលែងទៅវិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។ ការដោះលែងគ្រឿងចក្រត្រាក់ទ័រទាំង៣គ្រឿងនេះ បង្កឲ្យមានការិះគន់ យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋាននានា ហើយពួកគេនិយាយដោយ លើកឡើងថា ការដោះលែងនេះ ជារឿងមិនប្រក្រតីមួយ ដែលអាជ្ញាធរខេត្ត និងរដ្ឋបាល ជលផល គួរតែពិនិត្យមើលឡើងវិញផង។
គួររម្លឹកថា ជនអាណាមិកម្នាក់បានសរសេរលិខិតមួយច្បាប់ ផ្ញើរមកកាន់ប្រអប់សារដែលជាការរិះគន់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ មានគ្រឿងចក្រចំនួន៤គ្រឿង (ត្រាក់ទ័រ) បានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅត្រង់ចំណុច ខាងក្រោមទំនប់២០ ឧសភា ក្នុងភូមិសាស្ត្រ ឃុំមេលំ ស្រុកបរិបូរណ៍ ជាប់ព្រំប្រទល់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ក្រោយពេលឃើញមានគ្រឿងចក្រ ធ្វើសកម្មភាពឈូសឆាយដី ព្រៃលិចទឹក យកទៅធ្វើជាកម្មសិទ្ធិនេះ មានប្រជាពលរដ្ឋមួយរូប បានទូរស័ព្ទរាយការណ៍ផ្ទាល់ទៅលោក ឈូរ ច័ន្ទឌឿន ដែលជាអភិបាលខេត្តកំពង់ឆ្នាំង ហើយភ្លាមៗនោះ លោកអភិបាលខេត្ត បានបញ្ជាទៅកម្លាំងរដ្ឋបាលជលផល ឲ្យចុះទៅឃាត់ចាប់គ្រឿងចក្រទាំងនោះ។
ដោយសារតែភាពយឺតយ៉ាវរបស់កម្លាំងរដ្ឋបាលជលផល ធ្វើឲ្យម្ចាស់គ្រឿងចក្រដឹងខ្លួន ហើយបានបើករត់គេចអស់មួយគ្រឿង នៅសល់តែ៣គ្រឿង ប៉ុណ្ណោះត្រូវកម្លាំង រដ្ឋបាលជលផល ចាប់ឃាត់ទុក និងធ្វើកំណត់ហេតុ។ ចំពោះដីព្រៃលិចទឹក ដែលគ្រឿងចក្រ ធ្វើការឈូសឆាយនោះ ជាដីរបស់លោកអភិបាលរង ខេត្តកំពង់ឆ្នាំងមួយរូប។ ទើបកម្លាំងរដ្ឋបាល ជលផលដែលចុះទៅនោះ ធ្វើទាំងបង្ខំចិត្ត ដូចអូសឫស្សីបញ្ច្រាសចុង។ ក្រោយពីឃាត់បានមួយដង្ហើមចង្រឹត គ្រឿងចក្រទាំង ៣គ្រឿងនោះ ត្រូវបានគេដោះលែងទៅទៀត បង្កឲ្យមានការ រិះគន់យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋាននានា ដែលបានដឹងរឿងនេះ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានឆ្លើយប្រាប់ថា លោកមិនបានដឹង ម្ចាស់ដីនោះ ជាអ្នកណាឡើយ ប៉ុន្តែការឃាត់ចាប់គ្រឿងចក្រទាំងនោះ ដោយសាតែបានធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹក គ្មានការអនុញ្ញាត។ ចំពោះការដោះលែងទៅវិញ ក៏ធ្វើទៅតាមច្បាប់ស្តីពីជលផលដែរ។ គឺពិន័យអន្តរកាលក្នុងមួយគ្រឿងចំនួន៥លានរៀល យោងទៅតាមច្បាប់ស្តីពីជលផល ត្រង់មាត្រា៩៦ ចំណុច៤៕