ខេត្តកំពត : បុរសល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយរបស់នារីរងគ្រោះ ប្តឹងពីបទរំលោភរហូតដល់មានផ្ទៃពោះ៥ខែ និងគំរាមសម្លាប់កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិដូនតី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ដកំពត យកមកកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ។
ប្រភពព័ត៌មានពីរបាយការណ៍សមត្ថកិច្ចបានបង្ហាញឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាត់ ជីម អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ ឈ្មោះ អ.ជ អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយនឹងជនសង្ស័យ។ បើតាមពាក្យបណ្ដឹងនារីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក ខណៈនាងកំពុងលាងចានឆ្នាំងក្នុងរោងបាយ ស្រាប់តែឃើញឈ្មោះ ខាត់ ជីម (ជនសង្ស័យ) បានដេញប្អូនប្រុសខ្លួនចេញ រួចហើយឈ្មោះនេះបានឡើងចាប់រំលោភរហូតបានសម្រេច។ បន្ទាប់ពីរំលោភរួចគំរាមថា មិនឲ្យនាងយករឿងនេះទៅប្រាប់អ្នកណានោះទេ បើហ៊ានប្រាប់ រូបគេនឹងសម្លាប់អស់មួយពូជ។ ដោយខ្លាចការគំរាមកំហែងនេះ រូបនាងក៏ចេះតែលាក់រឿងនេះរហូត ហើយជនសង្ស័យរូបនេះក៏ចេះតែមកស្ទាក់ចាប់រំលោភជាញឹកញាប់ ក្នុងផ្ទះ ក្នុងព្រៃ និយាយរួមគឺឲ្យតែមានឱកាសស្ងាត់ គឺជននោះតែងតែចាប់នាងរំលោភ ក៏ត្រូវក្រុមគ្រួសារសង្ស័យ ក៏យកនាងទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថា នាងមានផ្ទៃពោះ៥ខែ ហើយក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង ។
ក្រោយពីបែក ការណ៍ឪពុកម្ដាយនារីរងគ្រោះក៏បានទៅ ដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជន ល្មោភកាមខាងលើនេះទៅចាត់ការតាមផ្លូវច្បាប់៕