ខេត្តរតនគិរី : រថយន្តប្រមាណ៣០-៤០គ្រឿង បានសម្រុកដឹកឈើប្រណីត ចេញតាមច្រកអូរយ៉ាដាវ ក្នុងខេត្តរតនគីរី ដូចហែកឋិន ដោយមិនមានការរារាំងពីសមត្ថកិច្ច កាលពីនៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ មានរថយន្តជាច្រើនគ្រឿងផ្ទុកសុទ្ធតែឈើប្រណីត កំពុងសម្រុកដឹកចេញពីកម្ពុជា ឆ្លងចូលទៅប្រទេសវៀតណាម។
ប្រភពព័ត៌មានបានទម្លាយថា ការឃុបឃិតគ្នារវាង មន្ត្រីច្រកព្រំដែនសមត្ថកិច្ចក្នុងខេត្ត និងពួកឈ្មួញ បើទោះជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ដាស់តឿនក្រើនរំលឹក ដល់មន្ត្រីពាក់ព័ន្ធឲ្យធ្វើការទប់ស្កាត់ការជំនួញឈើខុសច្បាប់ទាំងអស់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅបានបញ្ជាក់ទៀតថា ការបង្ក្រាបជំនួញឈើនេះ មិនលំបាកនោះទេ ប្រសិនបើមន្ត្រីមានឆន្ទៈ។
ផ្ទុយទៅវិញបទបញ្ជានេះ បានត្រឹមជាក្រដាស និងជាខ្យល់បក់កាត់ត្រចៀកតែប៉ុណ្ណោះ។ ជាក់ស្តែងនៅព្រឹក ថ្ងៃទី២៧ ខែឧសភានេះ រថយន្តដែលដឹកឈើនោះ មានប្រភេទតួរីស កូរ៉ូឡា និងរថយន្តលុច្សស៊ីស បានចេញធ្វើសកម្មភាពដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាមគឃ្លើន ៕